ងៀតគោ គឺជាគ្រឿងក្លែមដ៏ពេញនិយមមួយនៅក្នុងចំណោមជនជាតិខ្មែរ ខណៈវាក៏ជាអាហារវិសេសវិសាលសម្រាប់ជនជាតិផ្សេងៗផងដែរ។ ទោះជាយ៉ាងណា ផលិតកម្មងៀតគោកញ្ចប់ ក្រោមស្នាដៃរបស់កូនខ្មែរមួយរូប បាននឹងកំពុងទទួលបានការសរសើរពីជនបរទេសគ្រប់ៗរូប។
.jpg)
ងៀតគោ Yays ឬ Snackyays បច្ចុប្បន្ននេះគឺហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះតែគុណភាពនិងរសជាតិពិសេសខុសប្លែកពីគេ។ ងៀតគោ Yays ត្រូវបានបង្កើតឡើងដោយលោក Marlin Chan ជាជនជាតិខ្មែរ, ខណៈបច្ចុប្បន្នកំពុងតែរស់នៅក្នុងសហរដ្ឋអាមេរិក។ ជាមួយនឹងរូបមន្តគោងៀតជាង៣០ឆ្នាំរបស់គ្រួសារនេះ ក៏បានប្រែក្លាយទៅជាគោងៀតរសជាតិថ្មីប្លែកឆ្ងាញ់ពិសារ។ គោងៀតមួយកញ្ចប់ៗគឺត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំង ដោយរួមបញ្ចូលទាំងរសជាតិដើមរបស់ខ្មែរនិងរសជាតិរបស់លោកខាងលិច។
Yays គឺជាឈ្មោះគោងៀតកញ្ចប់ ដែលតំណាងឲ្យពាក្យថា«យាយ» នៅក្នុងអត្ថន័យភាសាខ្មែរ ខណៈពាក្យ Yay នេះក៏ត្រូវបានគេប្រើដើម្បីបង្ហាញពីភាពរីករាយនិងសុភមង្គលនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗ។ «បេសកម្មរបស់យើងគឺនឹងផ្តល់រសជាតិដើមក្នុងវប្បធម៌ខ្មែរទៅកាន់គ្រប់គេហដ្ឋានទាំងអស់នៅលើពិភពលោក»។
នៅក្នុងដំណើការនៃការកែច្នៃសាច់គោងៀតនេះ ពួកគេបានពន្យល់ថា បានយកតែសាច់គោកម្រិតខ្ពស់មកផលិត ដោយធ្វើការហាន់ជាបន្ទះស្តើងៗ និងផ្សំគ្រឿងតាមរូបមន្តប្រពៃណីខ្មែរយើង។ បន្ទាប់មកគឺត្រូវយកទៅសម្រួតនៅក្នុងរយៈពេល២៤ម៉ោង ទើបបានធ្វើការវេចខ្ចប់ដាក់ចូលទៅក្នុងកញ្ចប់នីមួយៗយ៉ាងមានស្តង់ដារ អនាម័យត្រឹមត្រូវបំផុត។ ចំពោះតម្លៃវិញគឺនៅក្នុងមួយកញ្ចប់គឺមានតម្លៃ ១៨ដុល្លារ កំពុងតែដាក់លក់នៅក្នុង App Amazon។
ខណៈបច្ចុប្បន្ននេះ ដោយសង្កេតឃើញថា ងៀតគោ Yays បាននឹងកំពុងទទួលបានការគាំទ្រយ៉ាងច្រើនផុសផុលពីសំណាក់ជនបរទេស បន្ទាប់ពីបានសាកបានភ្លក្សរសជាតិវាហើយ គឺមិនអាចបំភ្លេចបាន និងលាន់មាត់សរសើរថា Wow គ្រប់ៗគ្នាផងដែរ៕










