ប្រទេសតួកគី ៖ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ពលរដ្ឋតួកគីរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Istanbul ដើម្បីបង្ហាញការមិនពេញចិត្តចំពោះគម្រោងសម្លា.ប់ ឆ្កែអនាថានៅទូទាំងប្រទេសរបស់រដ្ឋាភិបាល ។ រដ្ឋាភិបាលបានចេញសេចក្តីព្រាងច្បាប់ថ្មីមួយដើម្បីចាប់ក្រៀវឆ្កែអនាថានៅតាមផ្លូវ ព្រមទាំងកម្ចា.ត់ពួកវា ប្រសិនបើគ្មានអ្នកណាយកទៅចិញ្ចឹមក្នុងរយៈពេល៣០ថ្ងៃ ។
គម្រោងកម្ចាត់ឆ្កែអនាថានៅទូទាំងប្រទេសនេះ បានធ្វើឱ្យពលរដ្ឋតួកគីជាច្រើននាក់មិនពេញចិត្ត និងប្រមូលផ្តុំគ្នាតវ៉ានៅទីក្រុង Istanbul ។ ពួកគេបានកាន់ស្លាករូបភាពឆ្កែដែលមានទឹកមុខគួរឱ្យអាណិតអាសូរ ដើម្បីប្រឆាំងនឹងគម្រោងរបស់រដ្ឋាភិបាល ។ អ្នកតវ៉ាម្នាក់និយាយថា ៖ «បញ្ហានេះប៉ះពាល់យ៉ាងខ្លាំងដល់សត្វ ហើយវាជាច្បាប់ឃាតកម្ម ។ ខ្ញុំយល់ថា បន្ទាប់ពីរដ្ឋាភិបាលកម្ចាត់ឆ្កែអនាថាអស់ហើយ គឺអាចនឹងកម្ចាត់ឆ្មាបន្តទៀត» ។
គណបក្សយុត្តិធម៌ និងការអភិវឌ្ឍ ដែលជាគណបក្សរដ្ឋាភិបាលរបស់ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ខាងលើនេះ គឺមានភាពចាំបាច់ដើម្បីកាត់បន្ថយចំនួនឆ្កែអនាថាក្នុងប្រទេស និងបញ្ឈប់ពួកវាកុំឱ្យធ្វើបាបមនុស្សបន្តទៀត ។
រដ្ឋាភិបាលអះអាងថា ប្រទេសតួកគីមានឆ្កែអនាថាសរុបប្រមាណ៤លានក្បាល ហើយក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ពួកវាធ្វើឱ្យកើតគ្រោះថ្នាក់នៅតាមផ្លូវចំនួន៣.៥៤៤លើក ។ លើសពីនេះ វាជាមូលហេតុធ្វើឱ្យមនុស្សស្លាប់ចំនួន៥៥នាក់ និងរងរបួសជាង៥.០០០នាក់ទៀត ។ រីឯអង្គការសុខភាពពិភពលោក (WHO) បានកំណត់ថា តួកគី គឺជាប្រទេសមានគ្រោះថ្នាក់យ៉ាងខ្លាំងដោយសារជំងឺឆ្កែឆ្កួត ។
ចំណែកលោក Heydar Ozkan អនុប្រធានសហព័ន្ធសិទ្ធិសត្វនៅប្រទេសតួកគី លើកឡើងថា រដ្ឋាភិបាលដោះស្រាយបញ្ហាពុំចំគោលដៅទេ រដ្ឋាភិបាលគួរតែផ្តល់ភាពសំខាន់លើការក្រៀវសត្វ និងរកទីកន្លែងសង្គ្រោះសត្វ វានឹងមានប្រសិទ្ធភាពជាងកម្ចាត់ពួកវា ៕










