ប្រទេសឥណ្ឌា ៖ ភូមិ Piplantri ស្ថិតក្នុងរដ្ឋ Rajasthan ប្រទេសឥណ្ឌា មានទំនៀមទម្លាប់មួយដែលបានអនុវត្តអស់រយៈពេលជាង១០ឆ្នាំមកហើយ គឺនៅពេលមានទារិ.កា កើតម្តងៗ អ្នកភូមិនាំរួមគ្នាដាំដើមឈើចំនួន១១១ដើម ។ ហេតុអ្វីអ្នកភូមិនៅទីនេះដាំដើមឈើចំនួន១១១ដើម ពេលមានទារិ.កាកើត?.jpg)
គេពុំអាចបដិសេធបានថា ប្រទេសឥណ្ឌាមានការរំលោភបំពានលើស្ត្រីយ៉ាងច្រើន ជាពិសេស ក្មេងស្រីបានរងទុក្ខវេទនា និងត្រូវគេធ្វើឃាតកម្មជាបន្តបន្ទាប់ ។ វាធ្វើឱ្យមនុស្សទូទៅសោកស្តាយយ៉ាងខ្លាំងពេលទទួលដំណឹងនេះ ប៉ុន្តែនៅភូមិ Piplantri បានបង្កើតស្នាមញញឹមដល់ក្មេងស្រី តាមរយៈប្រពៃណីដ៏ប្លែកមួយ គឺបង្កើតតំបន់បៃតងក្នុងភូមិ ។
Piplantri គឺជាភូមិតូចមួយស្ថិតនៅភាគខាងត្បូងរដ្ឋ Rajasthan ហើយអ្នកភូមិនេះតែងតែលើកកម្ពស់សិទ្ធិក្មេងស្រី និងរៀបចំបរិស្ថានក្នុងភូមិ ។ នៅពេលមានទារិកាចាប់កំណើតក្នុងភូមិ អ្នកភូមិនឹងនាំគ្នាដាំដើមឈើចំនួន១១១ដើម បន្ទាប់មក ពួកគេជួយគ្នាថែទាំដើមឈើទាំងនេះរហូតដល់ធំ ទើបប្រគល់ដើមឈើឱ្យទារិកានោះ ។.jpg)
ទំនៀមទម្លាប់នេះធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាសង្គមដែលតែងតែកើតឡើងចំពោះក្មេងស្រី គឺការផ្តល់សិទ្ធិអំណាចដល់ពួកនាង និងការដាំដើមឈើ ។ ពួកគេបានអនុវត្តទំនៀមទម្លាប់នេះអស់រយៈពេល១៥ឆ្នាំហើយ ដើម្បីឱ្យអ្នកភូមិចេះស្រឡាញ់ និងការពារបរិស្ថាន ព្រមទាំងថែទាំដើមឈើឱ្យដូចនឹងការថែទាំកូនស្រី ។
លោក Shyam Sundar Paliwal ជាអ្នកចាប់ផ្តើមបង្កើតទំនៀមទម្លាប់នេះនិយាយថា ជារៀងរាល់ឆ្នាំ នឹងមានទារិកាកើតក្នុងភូមិជាមធ្យមចំនួន៦០នាក់ ហើយលោកចង់ធ្វើអ្វីដើម្បីរំលឹកដល់កូនស្រីរបស់លោក ដែលបានស្លាប់ដោយសារខ្វះខាតទឹកពេលនាងអាយុ១៨ឆ្នាំ ។ តាំងពីកូនស្រីស្លាប់ទៅ លោកក៏សន្យាជាមួយខ្លួនឯងថា នឹងធ្វើឱ្យភូមិនេះក្លាយជាតំបន់បៃតង ដើម្បីកុំឱ្យភូមិខ្វះទឹកបន្តទៀត ។
លោក Shyam និយាយថា ៖ «បើយើងការពារបរិស្ថានខ្លាំងប៉ុនណា ធម្មជាតិនឹងតបស្នងយើងខ្លាំងដែរ ។ រីឯអ្នកដែលរីករាយការពារធម្មជាតិពុំចាំបាច់បារម្ភទេ ពីព្រោះធម្មជាតិនឹងផ្តល់ថាមពលដល់យើង» ។
បច្ចុប្បន្ន ក្មេងស្រីដែលមានឈ្មោះនៅលើដើមឈើនឹងរួមគ្នាប្រារព្ធពិធីចងខ្សែដៃពិសេសដល់ដើមឈើរបស់ពួកនាង ដើម្បីបង្ហាញពីទំនាក់ទំនងអមតៈជាមួយដើមឈើ ។ ការដាំដើមឈើជាច្រើនដើមក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានធ្វើឱ្យភូមិ Piplantri ប្រែក្លាយជាតំបន់បៃតង ហើយអ្នកភូមិមានបន្ទប់ទឹក និងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ។ រីឯអំពើឧក្រិដ្ឋកម្មផ្សេងៗដែលតែងតែងកើតឡើងមកលើក្មេងស្រីក្នុងភូមិបានធ្លាក់ចុះជាបន្តបន្ទាប់ ៕










