មនុស្សភាគច្រើនជ្រាបថា ពន្លឺពណ៌ខៀវចេញពីការលេងទូរស័ព្ទដៃនៅពេលយប់បានធ្វើឱ្យពួកគេសម្រាកមិនលក់ ប៉ុន្តែគេពុំដឹងថា ពន្លឺពណ៌ខៀវបានបំផ្លាញសុខភាពមនុស្សយ៉ាងស្ងាត់ស្ងៀម ដូចជា ៖ ធ្វើឱ្យចង្វាក់បេះដូងខុសធម្មតា, ប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត, ប៉ះពាល់ដល់ការអភិវឌ្ឍរាងកាយ និងប្រព័ន្ធបន្តពូជយុវវ័យ ។
ជាទូទៅ ពន្លឺពណ៌ខៀវស្ថិតក្នុងពន្លឺព្រះអាទិត្យតាមធម្មជាតិ និងជាពន្លឺមានប្រយោជន៍ដល់រាងកាយមនុស្ស បើបានទទួលពន្លឺនេះនៅពេលថ្ងៃ ។ រលកពន្លឺពណ៌ខៀវនឹងជំរុញដំណើរការផ្នែកផ្សេងៗនៃខួរក្បាល, ប៉ះពាល់អារម្មណ៍, សីតុណ្ហភាពរាងកាយកើនឡើង និងចង្វាក់បេះដូងកើនឡើងពេលថ្ងៃ ។
ផ្ទុយទៅវិញ បើយើងទទួលពន្លឺពណ៌ខៀវច្រើនពេកក្រោយព្រះអាទិត្យលិច (មានន័យថា ទទួលពន្លឺពណ៌ខៀវចេញពីអំពូលភ្លើង LED, ទូរស័ព្ទស្មាតហ្វូន, ទូរទស្សន៍, កុំព្យូទ័រ និងថេបប្លេត) គឺវានឹងប៉ះពាល់ខ្លាំងដល់សុខភាព ។ បើយើងទទួលពន្លឺពណ៌ខៀវមុនចូលសម្រាកពេលយប់ វានឹងប៉ះពាល់ដល់អរម៉ូន និងសម្រាកពុំបានស្កប់ស្កល់ ។
អ្នកស្រាវជ្រាវពីការសម្រាករបស់ Harvard Medical School លើកឡើងថា ពន្លឺគ្រប់ប្រភេទអាចរារាំងអរម៉ូន ប៉ុន្តែពន្លឺពណ៌ខៀវពេលយប់មានគ្រោះថ្នាក់ខ្លាំងជាងពណ៌ផ្សេងៗ ។ ការសាកល្បងប្រៀបធៀបផលប៉ះពាល់ដោយការទទួលពន្លឺពណ៌ខៀវជាង៦ម៉ោង ប្រៀបធៀបជាមួយពន្លឺពណ៌បៃតង ហើយលទ្ធផលបង្ហាញថា ពន្លឺពណ៌ខៀវបានរារាំងអរម៉ូនមេឡាតូនីនទ្វេដង និងធ្វើឱ្យចង្វាក់បេះដូងផ្លាស់ប្តូរទ្វេដងដូចគ្នា ។ វាជាមូលហេតុធ្វើឱ្យមនុស្សភាគច្រើនសម្រាកពុំគ្រប់គ្រាន់, កើតជំងឺធ្លាក់ទឹកចិត្ត, ជំងឺទឹកនោមផ្អែម, មានបញ្ហាបេះដូង និងសរសៃឈាមកើនឡើង ។
ដោយឡែក ការស្រាវជ្រាវមួយទៀតចេញផ្សាយដោយសមាគម European Society for Pediatric Endocrinology កាលពីឆ្នាំ២០២៣ បង្ហាញថា ការទទួលពន្លឺពណ៌ខៀវចេញពីទូរស័ព្ទស្មាតហ្វូន ឬថេបប្លេតរយៈពេលយូរនឹងធ្វើឱ្យកុមារឆាប់ពេញវ័យខុសធម្មតា ។ ប៉ុន្តែវាគ្រាន់តែជាការស្រាវជ្រាវជាមួយសត្វកណ្តុរប៉ុណ្ណោះ ។ ហេតុនេះ គេត្រូវស្រាវជ្រាវបន្ថែមទៀតដើម្បីរកចម្លើយថា តើពន្លឺពណ៌ខៀវប៉ះពាល់ដល់សុខភាពរយៈពេលយូរដូចម្តេច និងរកវិធីការពារកុមារនាថ្ងៃអនាគត ។
ខាងក្រោមនេះ គឺជាវិធីកាត់បន្ថយផលប៉ះពាល់របស់ពន្លឺពណ៌ខៀវនៅលើឧបករណ៍អេឡិចត្រូនិក ៖
-បិទដំណើរការឧបករណ៍អេឡិចត្រូនិកផ្សងៗ ដូចជា ៖ ទូរស័ព្ទស្មាតហ្វូន, ថេបប្លេត, កុំព្យូទ័រ និងទូរទស្សន៍ ចាប់ពី២ម៉ោង ទៅ៣ម៉ោងមុនចូលសម្រាកពេលយប់
-ប្តូរមកប្រើអំពឺមានពន្លឺពណ៌ក្រហម ឬពណ៌ទឹកក្រូច ដោយសារពណ៌ទាំងពីរនេះប៉ះពាល់ចង្វាក់បេះដូង និងអរម៉ូនតិចជាងពណ៌ខៀវ
-បន្ថយពន្លឺអេក្រង់ឧបករណ៍អេឡិចត្រូនិកពេលយប់
-រៀបចំបន្ទប់មុនពេលសម្រាក ករណីបន្ទប់មានពន្លឺចាំងចូលច្រើនពេក គឺអាចប្រើប្រាស់កន្សែងបិទមុខពេលសម្រាក ៕










