ម៉ៃ សុគន្ធ បានចេញវីដេអូថ្មីមួយទៅលើការរិះគន់កម្មវិធីរបស់ ទេព បូព្រឹក្ស គ្មានទឹកសុទ្ធផឹក ដោយ ម៉ៃ សុគន្ធ ថាខ្លួនមិនបានរិះគន់រឿង MV មិនល្អទេ តែអ្វីដែលខ្វះខាតក្នុងកម្មវិធីគឺគ្មានទឹកឱ្យអ្នកចូលរួមផឹក ណាមួយការស្លៀកពាក់បុរាណពិបាកនឹងចេញចូល។ ការបកស្រាយជាថ្មីនេះអ្នកមួយចំនួនបានបញ្ចេញមតិរិះគន់លោកដដែល ខណៈអ្នកខ្លះថាកំពូលទើសរូបនេះនិយាយក៏ត្រូវម៉្យាង។
នៅរសៀលថ្ងៃទី៣១ ឧសភា ម៉ៃ សុគន្ធ រហ្ស័សនាមមហាទើសបានចេញវីដេអូជាង១នាទីដោយការចំណងជើងថា «សុំបកស្រាយ រឿង ទឹកសុទ្ធ»។ ក្នុងវីដេអូ ម៉ៃ សុគន្ធ បាននិយារៀបរាប់ថា «ខ្លួនមិនបាននិយាយថា MV មួយនោះដែលចង់សម្តៅបទ «ទេវរាជ» របស់ ទេព បូព្រឹក្ស អត់ល្អទេ MV ពិតជាល្អតែអ្វីដែលមិនល្អគឺទៅកាន់កម្មវិធីឬការរៀបចំកម្មវិធីសម្រាប់អ្នកចូលរួមជាពិសេសពួកគាត់ដែលអត់ល្បី»។ មហាទើស បាននិយាយទៀតថា សាកគិតមើលទ្រង់គ្រឿងតែងបុរាណហើយឱ្យគ្នាចេញទៅទិញទឹកសុទ្ធនៅឯណា នេះជាចំណុច១ ហើយការចេញចូលសុទ្ធតែត្រូវការឆែកឆេរ ស្រួលមិនស្រួលចេញទៅចូលមកវិញមិនរួចទៀត។
ម៉ៃ សុគន្ធ លើកឡើងទៀតថា ការអង្គុយរង់ចាំ កម្មវិធីខ្លះ៧ទៅ៨ម៉ោង ហើយការអង្គុយរង់ចាំយូរប្រាកដជាស្រេកទឹកហើយមនុស្សអត់បាយបាន តែអត់ទឹកមិនបានទេ រៀបចំកម្មវិធីត្រូវយកចិត្តទុកដាក់ទាំងអ្នកល្បីនិងអត់ល្បី ជាពិសេសអ្នកអត់ល្បី ហើយគ្មានអ្នកអត់ល្បីចូលរួម អ្នកល្បីក៏មិនអាចអស្ចារ្យបានដែរ ចឹងគួរតែយកចិត្តឱ្យស្មើគ្នា។ ម៉ៃ សុគន្ធ ថាកម្មវិធីលើកក្រោយអត់អីអត់ទៅសូមកុំឱ្យអត់ទឹក។
ការលើកឡើងរបស់ ម៉ៃ សុគន្ធ នេះដែរអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅរិះគន់លោកដដែល ចំណែកឯមតិខ្លះទៀតបានបង្ហាញការយល់ស្របនូវអ្វីដែលបុគ្គលនេះបានលើកឡើង។
គួរបញ្ជាក់ថា ម៉ៃ សុគន្ធ បានបង្ហោះសំណេរមួយរិះគន់និងបានប្រើពាក្យមិនសមរម្យកម្មវិធីរបស់ ទេព បូព្រឹក្ស និង ជី ដេវីត សម្ពោធ MV ថាគ្មានទឹកសុទ្ធផឹក។ ការចេញមកទើសទាល់ក្នុងកម្មវិធីត្រឹមគ្មានទឹកសុទ្ធផឹកនេះ ជាហេតុធ្វើឱ្យអ្នកគាំទ្ររិះគន់ ម៉ៃ សុគន្ធ វិញព្រមទាំងបោះសម្តីថា បុគ្គលរូបនេះជាសត្វត្មាតមិនបានជួយអ្វីក្រៅពីឆ្លៀតឱកាសទាញភាពល្បីទៅផ្សាយល្បែង៕










