អ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានវីដេអូខ្លីមួយពីតារារ៉េប KingChi បង្ហើរសំនៀងនិយាយពីបញ្ហារឿងអាស្រូវរបស់ MC Sey និង 1NE និងបញ្ជាក់ថាលោកមិនជាប់ពាក់ព័ន្ធនឹងរឿងនេះនោះទេ។ ក្នុងវីដេអូខ្លីនោះគេបានឮ Kingchi លើកឡើងពីបញ្ហាដែលកើតឡើងមិនច្បាស់លាស់ដោយមិនដឹងថាគេចង់ជាន់ឬរៀបក្រឡាធ្វើស៊ីក្រុមលោកចង់បំបាត់ឈ្មោះ CG ។ អ្នកទាំង៣រួមមាន Kingchi ,MC Sey និង 1NE គឺជាក្រុមជាមួយគ្នានៅក្នុងផលិតកម្ម CG Movement ។
ជឿជាក់ថាមហាជនជ្រាបមកហើយរឿងអាស្រូវ Rapper ពីរនាក់រងនូវការចោទប្រកាន់ថាបានបំពាននិស្សិតស្រីម្នាក់នៅបាត់ដំបងធ្វើឱ្យមានការផ្ទុះកក្រើកយ៉ាងខ្លាំងពេញព្រះរាជាណាចក្រកម្ពុជា។ ក្រោយពីរឿងនេះបានល្បីរន្ទឺបាន៤ថ្ងៃមក តារារ៉េប MC Sey និង 1NE បានចេញមុខរុញច្រានពាក្យចចាមអារ៉ាមនោះថាមិនមែនជាការពិតនោះទេអ្នកទាំងពីរមិនបានប្រព្រឹត្តដូចគេចោទឡើយ ខណៈអ្នកបង្ហោះមិនបានដាក់ឈ្មោះលោកចំៗនោះទេ។ ស្របពេលហេតុការណ៍កើតឡើងថ្មីៗភរិយារបស់ kingchi បានចេញមុខបដិសេធជំនួសប្តីថារូបលោកមិនជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរំលោភបំពាននេះដូចគ្នា។
យ៉ាងណាមិញ ថ្មីៗនេះអ្នកគាំទ្របានចាប់អារម្មណ៍រឿងនេះម្តងទៀតបន្ទាប់ពីមានវីដេអូខ្លីមួយចែកចាយនៅលើបណ្តាញសង្គមពីសំឡេងរបស់ kingchi ច្រៀងរៀបរាប់ពីបញ្ហានេះរហូតបែករឿងអាចជាការធ្វើស៊ីមកកាន់ក្រុមលោក។ ក្នុងវីដេអូខ្លីនោះ KingChi បានច្រៀងថា
«ខលទៅអ្នកម្តាយម៉ែអើយកុំភ័យរឿងនេះកូនមិនពាក់ព័ន្ធអាវ័ននិងអាសី sey មិនច្បាស់sey one មិនច្បាស់one មហាជនទស្សនិកជនកំពុងរង្វេងភាំងភ័នមិនដឹងថាគេចង់ជាន់ឬរៀបក្រឡាធ្វើស៊ី ឬចង់ឱ្យស្រុកខ្មែរបាត់ឈ្មោះ CG »។ សំឡេង KingChi ត្រឹមតែ១៧វិនាទីនេះបានធ្វើឱ្យស្រទាប់អ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបញ្ហានេះជាពិសេសទៅលើប្រយោគមានអ្នកចង់ធ្វើស៊ីក្រុមលោក ថាបញ្ហានេះជាការពិតឬគ្រាន់តែជាការគិតរបស់ Kingchi នោះទេ។ អ្នកគាំទ្រខ្លះក៏បង្ហាញការគាំទ្រទៅដល់តារារ៉េប Kingchi ដដែល ចំណែកឯមតិខ្លះថាគ្រាន់តែជាការចេញមកការពារគ្នីគ្នាប៉ុណ្ណោះ។
គួរបញ្ជាក់ថា ផលិតកម្ម CG Movement បច្ចុប្បន្ននៅសល់តែ៣នាក់ប៉ុណ្ណោះគឺ Kingchi MC Sey និង 1NE ដោយអ្នកទាំង៣ពួតដៃគ្នាសាងភាពល្បីល្បាញយ៉ាងខ្លាំងនារយៈចុងក្រោយនេះជាមួយបទចម្រៀងដូចជា « 2k24, កប់ ,អន់ , អាមិចទេស ,កាលុងឃុង ជាដើម»៕










