Burj Khalifa បច្ចុប្បន្នគឺជាអាគារខ្ពស់ជាងគេបំផុតលើលោកស្ថិតក្នុងទីក្រុងឌូបៃ ត្រូវបានគេទទួលស្គាល់ថាជាអាគារដែលមានតម្លៃថ្លៃ។ នៅទីនេះមានទេសភាពធម្មជាតិស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ អមដោយអាផាតមិនជាច្រើន ដោយអតិថិជនអាចប្រើប្រាស់សេវាកម្មដូចជា បណ្ណាល័យ បន្ទប់ប្រជុំ អាងទឹកក្តៅ អាងហែលទឹក សួនច្បារ ទីលានវាយកូនបាល់ និងសេវាកម្មជាច្រើនទៀតដោយសេរី។
មូលហេតុនេះហើយទើបអាគារខ្ពស់ជាងគេមានតម្លៃទិញ និងជួលខ្ពស់កប់ពពកបែបនេះ។ ទោះជាយ៉ាងណា ប្រិយមិត្តមួយចំនួនប្រហែលជាចង់ដឹងហើយថា អាគារខ្ពស់ៗនៅទីក្រុងឌូបៃដូចជា Burj Khalifa មានតម្លៃប៉ុន្មាន ប្រសិនបើយើងចង់ទិញ ឬជួលដើម្បីស្នាក់នៅតើយើងត្រូវចំណាយប៉ុន្មាន? ដូច្នេះមកដឹងពីតម្លៃទាំងអស់គ្នា៖
ដើម្បីអាចរស់នៅក្នុងអាផាតមិនមួយនៃអាគារខ្ពស់ជាងគេលើលោក Burj Khalifa អ្នកត្រូវចំណាយលុយលើទីតាំងដូចខាងក្រោម៖
-សម្រាប់អាផាតមិនដែលមានបន្ទប់គេងមួយ និងមានទីធ្លារ ៨៧ ម៉ែត្រការ៉េ គឺមានតម្លៃទិញចាប់ពី (៥៤ម៉ឺន-១ លានដុល្លារអាមេរិក)
-សម្រាប់អាផាតមិនដែលមានបន្ទប់គេងពីរ បន្ទប់ទទួលភ្ញៀវមួយ និងមានទីធ្លារ ១៩០ ម៉ែត្រការ៉េ គឺមានតម្លៃទិញចាប់ពី (៩៥ ម៉ឺន-១.៩ លានដុល្លារអាមេរិក)
-សម្រាប់អាផាតមិនដែលមានបន្ទប់គេងបី បន្ទប់ទទួលភ្ញៀវមួយ និងមានទីធ្លារ ២១៦ ម៉ែត្រការ៉េ គឺមានតម្លៃទិញចាប់ពី (១.៦-៣.៣ លានដុល្លារអាមេរិក)។
រីឯតម្លៃជួលអាផាតមិននៅ Burj Khalifa វិញគឺអាផាតមិនដែលមានបន្ទប់គេងមួយតម្លៃជួលប្រហែល (៣,២០០-៦,៨០០ ដុល្លារអាមេរិក) ក្នុងមួយខែ។ ប្រសិនបើអ្នកជួលអាផាតមិន ២ បន្ទប់គេង តម្លៃគឺខ្ពស់ជាងមួយដងកន្លះ។ សម្រាប់អាផាតមិន ៣ បន្ទប់គេង អ្នកជួលនឹងត្រូវចំណាយក្នុងមួយខែ (៩,៥០០-១៩,០០០ ដុល្លារអាមេរិក)។ ទោះជាយ៉ាងណានៅពេលអ្នកជួលឬទិញនៅទីនោះហើយអ្នកក៏ត្រូវចំណាយលើថ្លៃសេវាកម្មដូចជា ថ្លៃថែទាំ ថ្លៃសន្តិសុខ និងសេវាកម្មជាច្រើនទៀតចំនួន (១៧៤-២០៤ ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េសម្រាប់មួយខែ។
ចំណែកតម្លៃអគ្គិសនី និងទឹកក្នុងមួយខែ ប្រសិនបើរស់នៅអាគារ Burj Khalifa អ្នកនឹងត្រូវចំណាយប្រហែល (៨២០-១,៦៣០ ដុល្លារអាមេរិក)។ ការរស់នៅទីនេះគឺភ្ជាប់ជាមួយនូវភាពប្រណីតជាច្រើន ដូច្នេះសម្រាប់ប្រិយមិត្តដែលចង់សាកល្បងរស់នៅក្នុងជីវិតបែបអភិជនអ្នកអាចសាកល្បងនៅទីនេះបាន៕










