បរទេស៖ ថ្មីៗនេះប្រទេសអេស្ប៉ាញបានបង្កើតឧបករណ៍ស្វែងរក និងជួយសង្គ្រោះមនុស្សពេលបាត់ខ្លួននៅកន្លែងណាមួយត្រឹមតែរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។
យោងតាម Interesting engineering បច្ចេកវិទ្យាថ្មីនេះហៅថា Lifeseeker ត្រូវបានរចនាឡើងជាពិសេសសម្រាប់ស្វែងរកតាមឧទ្ធម្ភាគចក្រ ដោយឧបករណ៍នេះមានសមត្ថភាពរកឃើញទូរសព្ទដៃរបស់ជនរងគ្រោះក្នុងចម្ងាយ ៣២ គីឡូម៉ែត្រ និងកំណត់ទីតាំងយ៉ាងត្រឹមត្រូវក្នុងរង្វង់តិចជាង ៥ គីឡូម៉ែត្រទោះបីនៅតំបន់នោះគ្មានសេវាក៏ដោយ។
នៅពេលដែលយើងរកឃើញទូរសព្ទហើយ វានឹងបង្ហាញជាចំនុចតូចមួយនៅលើផែនទី។ បន្ទាប់មកនៅពេលដែលយើងហោះហើរជុំវិញតំបន់នោះ ចំនុចនោះកាន់តែធំទៅៗ រហូតដល់យើងដឹងច្បាស់ថាពួកវានៅទីណា។ លោកវេជ្ជបណ្ឌិត Tim Durkin អ្នកសម្របសម្រួលកម្មវិធីស្វែងរក និងជួយសង្គ្រោះសម្រាប់ឧទ្ធម្ភាគចក្រ Colorado Highland បាននិយាយថា ក្រុមការងារអាចរកឃើញមនុស្សបាន គឺអាស្រ័យលើស្ថានភាព ប្រសិនបើទីតាំងនោះមានដីបើកចំហ និងលក្ខខណ្ឌអំណោយផលសម្រាប់ការចុះចតប្រកបដោយសុវត្ថិភាព នោះពួកយើងនឹងងាយស្រួលចុះទៅជួយសង្គ្រោះមនុស្សបានដោយផ្ទាល់។
មូលហេតុដែលគេបង្កើតឧបករណ៍ Lifeseeker គឺដោយសារមានមនុស្សជាច្រើនបានបាត់ខ្លួន ហើយរកមិនឃើញពេលពួកគេចូលក្នុងព្រៃ La Plata Canyon។ ព្រៃនេះត្រូវបានហ៊ុព័ទ្ធដោយ ៣,៦៥៨ ម៉ែត្រ និងកំពូលភ្នំ ៣,៩៦២ ម៉ែត្រ នៅសងខាងមានព្រៃក្រាស់ៗជាច្រើន។ តំបន់ភ្នំដាច់ស្រយាលនេះគឺជាទីតាំងដ៏ទាក់ទាញសម្រាប់មនុស្សដែលចូលចិត្តឡើងភ្នំ និងការផ្សងព្រេង។ ទោះជាយ៉ាងណាមនុស្សដែលទៅតំបន់នោះច្រើនបាត់ខ្លួន។
កាលពីមុនបេសកកម្មមួយចំនួនបានបន្តស្វែងរកមនុស្សអស់រយៈពេលជាច្រើនសប្តាហ៍ ដោយមិនទទួលបានលទ្ធផលទាល់តែសោះ នៅទីបំផុតការស្វែងរកក៏ត្រូវបានបញ្ឈប់។ ដូច្នេះការបង្កើតឧបករណ៍នេះនឹងអាចជាដំណោះស្រាយដ៏ល្អបំផុតមួយរបស់អ្នកស្រាវជ្រាវក្នុងការស្វែងរកជនរងគ្រោះដែលបាត់ខ្លួន៕










