ភាពចម្រូងចម្រា.ស់និងមតិវែក.ញែកព្រៀងព្រាតទៅលើប្រធានបទ«នាគរាជ្យ» គឺបានផ្ទុះឡើងក្នុងចំណោមជនជាតិខ្មែរនិងថៃ បន្ទាប់ពីការបញ្ចេញ MV ថ្មីនៃបទ«ទេវរាជ» របស់កំពូលតារាចម្រៀងស្រីទេព បូព្រឹក្ស។ ទោះជាយ៉ាងណា រឿងនាគរាជ្យដដែលក៏ត្រូវបានគេលើកយកមកនិយាយម្តងទៀត តាមរយៈខ្សែភាពយន្តខ្មែររឿង«បុព្វេនិម្មិត»របស់ទូរទស្សន៍ PNN ដែលបានចាក់បញ្ចាំងកាលពីពេលកន្លងទៅ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងទៅលើរឿង«បុព្វេនិម្មិត» នេះគឺនៅត្រង់ឈុតឆាកទី១៨ នៃសាច់រឿង បានបង្ហាញតួអង្គនាគរាជ្យដែលមើលទៅមានលក្ខណៈកាចសាហាវឃោឃៅ និងរូបរាងខុសប្លែក បើតាមមតិពីមហាជនបានលើកឡើងថា នាគនេះគឺស្រដៀងនាគនៅក្នុងរឿងព្រះម៉ែនាគីរបស់ភាពយន្តថៃ ដែលបានផលិតឡើងកាលពីឆ្នាំ២០១៦ ទើបបណ្តាលឲ្យអ្នកមួយចំនួនបានសម្តែងនូវការមិនពេញចិត្ត ខណៈក៏មានអ្នកពេញចិត្តរឿងនេះក្រោមហេតុមួយចំនួនផងដែរ។
យោងតាមការបញ្ចេញមតិពីមហាជនទៅលើរឿងភាគខ្មែរមួយនេះ ដោយអ្នកខ្លះបានលើកឡើងថា «បងអើយ នាគខ្មែរយើងមានច្រើនបែបណាស់ម៉េចមិនយកមកដាក់ នាគនិងដូចនាគផ្ទះលេខ 2»។ អ្នកខ្លះថា«រឿងគេចេញយូរហើយតែយើងទើបនឹងចេញរឿងថ្មីៗ កុំយកនាគបែបផ្ទះលេខ 2 មកលេង ចាំមើលគេនឹងផ្សាយរិះគន់ពីយើងទៀតហើយ»។ អ្នកខ្លះថា«បងប្អូននៅក្នុង facebook តែងតែយល់ច្រឡំនាគខ្មែរ បើនាគខ្មែរគឺអត់កាចទេបងប្អូន។ តែនេះនាគមកសមុទ្រចោរហ្នឹងហើយបានកាចដល់ថ្នាក់ហ្នឹង ,នាគខ្មែរគឺអត់សម្លាប់មនុស្សទេ..តែនាគនេះសាហាវណាស់»។ អ្នកខ្លះទៀតថា«មិនចេះតែថាទេ ល្អអស់ហើយ តែមកមើលនាគវិញថៃសុទ្ធមិចក៏ចឹង នាគនិងទម្រង់រឿងថៃព្រះម៉ែនាគីមែនតើ»។
ក្រៅតែពីនូវមតិរិះគន់បែបនេះហើយ ខ្សែភាពយន្តខ្មែរមួយនេះក៏ទទួលបាននូវការកោតសរសើរពីមហាជនផងដែរ ដោយអ្នកក៏បានលើកឡើងថា«សំដែងបានល្អសំសម្លេងច្បាស់ បង្កើតរឿងខ្មែរបុរាណឲ្យបានច្រើនៗមកខ្ញុំចូលចិត្ត»។ អ្នកខ្លះថា«រិះគន់ក្នុងន័យស្ថាបនាកុំជាន់ពន្លិចអី សូមអង្វរយើងខ្មែរដូចគ្នាទេ»។
អ្នកខ្លះទៀតថា«ខ្ញុំជាកូនខ្មែរម្នាក់ខ្ញុំមានមោទភាពណាស់ដែលបានឃើញរឿងបែបបុរាណ លាយឡំនឹងវប្បធម៌ និងអ្វីដែលខ្លួនមានតាំងពីដូនតាមកម្លេះ។ ប៉ុន្តែខ្ញុំមើលឃើញកូនខ្មែរមួយចំនួនទើសគ្រប់បែបយ៉ាងតាំងពីការបញ្ចូលសម្លេង រូបនាគ ថាបែបនេះបែបនោះតែងតែច្រឡំខ្លួនឯងជាគេ។ លើកតម្កើងអ្វីដែរជារបស់ខ្លួនខ្លះទៅបើមិនបានជួយអី ខ្ញុំមានអារម្មណ៍ថាធុញនិងអ្នកទើសមួយចំនួនណាស់ទើសខុសរឿង»៕










