មិនត្រឹមតែអ្នកច្នៃម៉ូត ឯម រៀម ប៉ុណ្ណោះទេដែលត្រូវសាធារណជនរិះគន់រឿងការស្លៀកពាក់ចូលរួមកម្មវិធីទេព បូព្រឹក្ស ប៉ុន្តែបុគ្គលម្នាក់ទៀតដែលគ្រងឈុតពណ៌ខ្មៅ ជាមួយមកុដអប្សរាពណ៌ខ្មៅ ក៏រងនូវមតិរិះគន់ពីមហាជនដូចគ្នាដែលការស្លៀកពាក់នោះបើកបង្ហាញដើមទ្រូង។ បុគ្គលនោះត្រូវបានគេដឹងថាជា ម៉ាដាមកុល ដែលនាងនិយមចូលចិត្តពាក់សក់ធំៗនិងលេងខ្លួនប្លែកៗ។ ក្រោយពីឃើញមានការរិះគន់ដូចទឹកបាក់ទំនប់ ម៉ាដាមកុល បានចេញមកពន្លះផាំងៗទៅវិញទៅកាន់ក្រុមមនុស្សវប្បធម៌និយម ឬពួកជោរតាមគ្នាដែលថានាងបំផ្លាញវប្បធម៌។
នៅលើបណ្តាញសង្គមនាយប់ថ្ងៃទី៣០ ខែឧសភា ម៉ាដាមកុល បានសរសេរថា «នាងខ្ញុំ ម៉ាដាមកល សូមចេញមុខមកបញ្ជាក់ម្ដងទៀតទៅកាន់ក្រុមមនុស្សវប្បធម៌និយម ឬពួកជោរតាមគ្នា ឬអ្នកខ្លះនៅមិនទាន់យល់ពាក្យថាវប្បធម៌មានន័យយ៉ាងណានៅឡើយ ឱ្យជ្រាបម្ដងទៀតថា : អ្វីដែលអ្នករាល់គ្នាហាមាត់ ឬយកដៃខមិនជេរដៀល ខ្ញុំ ថាខ្ញុំបំផ្លាញវប្បធម៌ តាមរយៈការលេង style fashion ច្នៃប្រឌិត inspired ចេញពីចម្លាក់អប្សរាលើជញ្ជាំងប្រាសាទអង្គវត្ត នាថ្ងៃសម្ពោធបទ «ទេវរាជ» ក្រោម ប្រធានបទស្លៀកពាក់ បែប បុរាណ ប្រពៃណី ឬបែបសហសម័យ»។
ម៉ាដាមកុល បន្ថែមទៀតថា« ខ្ញុំមិនចាំបាច់បញ្ជាក់ម្ដងហើយម្ដងទៀតនោះទេ ថាខ្ញុំជា រាជិនីសក់ធំ ។ អស់លោកដែលធ្លាប់ខមិនជេរខ្ញុំ លើសម្លៀកបំពាក់ឈុតខ្មៅ ខ្ញុំ និងមកុដអប្សរានេះ សូម បើកភ្នែកមើលការច្នៃម៉ូតរបស់បងប្រុស Olivia ដែលគាត់មានគំនិត inspired ដូចខ្ញុំដែរ ហើយបានធ្វើមុនខ្ញុំទៅទៀត ហេតុអី brand របស់គាត់ត្រូវបានបរទេសទទួលស្គាល់ជាអន្តរជាតិ ហើយបានផ្សព្វផ្សាយវប្បធម៌ខ្មែរតាមរយៈការច្នៃម៉ូតនេះទៀតផង។ ការបកស្រាយរបស់ខ្ញុំ សុំមិនវែងឆ្ងាយ គឺសូមឱ្យអស់លោកបណ្ឌិតវប្បធម៌ក្នុងបណ្ដាញសង្គមនេះ ពិចារណាតាមការគួរ ហើយព្យាយាមយល់ថា អ្វីជាការច្នៃម៉ូតតាមបែប សហសម័យ»។ រាជិនីសក់ធំបញ្ជាក់ចុងក្រោយទៀតថា នាងមិនចុះចាញ់ដាច់ខាតចំពោះសិល្បៈ ព្រោះនាង កើតមកដើម្បីសិល្បៈខ្មែរ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ឧសភា បណ្ឌិតច្នៃម៉ូត ឯម រៀម ក៏បានចេញមកបកស្រាយឈុតរាជិនី AI របស់ខ្លួនដែរថា លោកស្លៀកពឹងបែបសម័យអង្គរ ដែលមានសិលាចរឹកនៅប្រាសាទបាយ័ន នាសតវត្សរ៍ទី១២ដកស្រង់ចេញពីសម័យបុរាណ និងបង្កប់ទៅដោយអត្ថន័យកាត់បន្ថយប្លាស្ទិក និងកុំឆាប់ជឿអ្វីនៅលើបណ្តាញសង្គមជាមួយបច្ចេកវិទ្យាទំនើបនាំឱ្យខាតបង់៕










