លោក ចាន់ សារិន ប្រធានបណ្តាញអូទីស្សឹមកម្ពុជា និងជានាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានប្រតិកម្មទៅកាន់ក្រុមកំប្លែងក្នុងកម្មវិធី«បន្ទប់សំណើច» ជាពិសេសតារាកំប្លែង ខ្ញុង និង នីឡា និងអ្នកនិពន្ធដែលយកពាក្យ អូទីស្សឹម មកកំប្លែងលេងប្រៀបធៀបលើសកម្មភាពប្រគ្រីវប្រកាច់ដូចអូទីស្សឹមទៅវិញ។ លោកបានស្នើក្រុមកំប្លែងលុបវីដេអូចេញ ហើយសូមទោសមហាជនជាសាធារណៈជាវីដេអូខ្លីមួយ ដើម្បីផ្តល់កំលាំងចិត្តដល់កុមារអូទីស្សឹម។ ក្រោយមានការប្រតិកម្មលោកតា វិចទ័រ បានសម្តែងការសោកស្តាយចំពោះកំហុសអចេតនានេះ ក្នុងនាមលោកជាអ្នកដឹកនាំសម្តែង និងជាអ្នកសម្តែងផង។ លោកតាវិចទ័រ បានសូមទោស និងសុំការអធ្យាស្រ័យយោគយល់ពីស្រទាប់មហាជននូវកំហុសដោយអចេតនានេះ។
ប្រធានបណ្តាញអូទីស្សឹមកម្ពុជា បានបង្ហោះរូបប៉ុន្មានសន្លឹកនៅយប់ថ្ងៃទី៣០ ឧសភា ដោយភ្ជាប់មកជាមួយខ្លឹមសារថា «តើពាក្យ អូទីស្សឹម គួរតែត្រូវបានយកមកកំប្លែងលេងបែបនេះទេ ជូនចំពោះប្អូនៗក្រុមកំប្លែងបន្ទប់សំណើច សប្តាហ៍ពិសេស របស់ ទូរសទស្សន៍ Pnn-Tv Cambodia ជាពិសេសអ្នកនាង នីឡា និងអ្នកខ្ញុង និងអ្នកនិពន្ធសំណើចនេះ ជាទីរាប់អាន មើលទៅ ក្រុមប្អូនៗសប្បាយណាស់ សប្បាយមែនទែន សើចឡើងចង់បាក់កទៅហើយ តែខ្ញុំយល់ថា ទង្វើនេះមិនទាន់ត្រឹមត្រូវទេប្អូន សូមពិចារណាឡើងវិញផង។ សំណើចរបស់ប្អូនៗបានធ្វើឱ្យអ្នកណាព្យាបាលដែលមានកូនអូទីស្សឹមមិនតិចទេដែលរងនូវការវាយប្រហារធ្ងន់ធ្ងរ ដោយសារតែទង្វើរបស់ប្អូនប្រៀបធៀបលើសកម្មភាពរបស់លោក ចាប ចៀន ប្រគ្រីវ ប្រកាច់ ដូចអូទីស្សឹមទៅវិញ ឪពុកម្តាយដែលមានកូនអូទីស្សឹម មានការលំបាកណាស់ទៅហើយ និងទទួលការវាយប្រហារមិនតិចទេក្នុងពេលកន្លងមកនេះ ប្អូនជាក្រុមកំប្លែងដ៏ល្បីមួយ សូម្បីតែខ្ញុំក៏គាំទ្រប្អូនដែរ តែក្រុមប្អូនអាចបង្កឱ្យមានកំហុសមួយដោយអចេតនា»។ 
លោក បន្តទៀតថា «ក្នុងនាមខ្ញុំជាប្រធានបណ្តាញ អូទីស្សឹមកម្ពុជា តំណាងអាណាព្យបាលកុមារអូទីស្សឹមនៅកម្ពុជា និងក្នុងនាមជានាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ដែលបង្រៀនកុមារអូទីស្សឹម ខ្ញុំស្នើសុំប្អូនលុបវីដេអូនេះចេញ ហើយសូមទោសមហាជនជាសាធារណៈជាវីដេអូខ្លីមួយ ដើម្បីផ្តល់កំលាំងចិត្តដល់ពួកគាត់ បើអាចបានសូមប្អូនមកលើកទឹកចិត្តដល់ឪពុម្តាយកុមារអូទីស្សឹមតាមរយៈសកម្មភាពនានា ខ្ញុំជឿថា ប្អូននិងក្លាយជាថ្នាំដ៏ស័ក្តិសិទ្ធសម្រាប់ព្យាបាលផ្លូវចិត្តរបស់ពួកគាត់ ខ្ញុំមានជំនឿថា ប្អូនៗពិតជាអាចធ្វើបាន ហើយសន្ទុះគាំទ្រប្អូនកាន់តែខ្លាំងឡើងទ្វេដង។ ឆ្លៀតក្នុងឱកាសនេះ ដោយសារបញ្ហាមួយចំនួនចេញពីតារាសិល្បៈ ខ្ញុំបាទសូមគោរពស្នើសុំវត្តមាន លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បៈថ្មី សូមលោកជំទាវ អ្នកឧកញ៉ា មេត្តាចំណាយពេល១ព្រឹកដ៏មានតម្លៃ ដឹកនាំសិល្បករ សិល្បការិនី មកទស្សនៈកិច្ចនៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅម្តងដែលកំពុងបង្រៀនសិស្សអូទីស្សឹមក្នុងពេលណាមួយសមស្រប ដើម្បីជួយលើកទឹកចិត្តដល់អ្នកអាណាព្យបាលកុមារអូទីស្សឹម»។.png)
ក្រោយមានការមតិប្រតិកម្មក្នុងការយកពាក្យ អូទីស្សឹម ទៅលេងកំប្លែង នៅព្រឹកថ្ងៃទី៣១ ឧសភា លោក ចាន់ សារិន ប្រធានបណ្តាញអូទីស្សឹមកម្ពុជា បានឱ្យដឹងថា លោក សុវណ្ណ ប្ញទ្ធី ហៅលោកតាវិចទ័រ បានបញ្ជាក់ប្រាប់លោកតាមTelegram កាលពីយប់មិញថា លោកពិតមានការសោកស្តាយយ៉ាងខ្លាំងនៅកំហុសដោយអចតនាដែលក្រុមការងារកំប្លែងរបស់លោកបាននិយាយប៉ះពាល់សេចក្តីថ្លៃថ្នូរដល់កុមារអូទីស្សឹម។
លោកតាវិចទ័រលោកបានបញ្ជាក់ថាវីដេអូនោះនឹងលុបចេញវិញ និងបានសូមទោស និងសុំការអធ្យាស្រ័យ យោគយល់ពីស្រទាប់មហាជននូវកំហុសដោយអចេតនានេះ ។ ប្រធានបណ្តាញអូទីស្សឹមកម្ពុជា ថាការសូមទោសរបស់លោកតាវិចទ័របានបង្ហាញពីការទទួលខុសត្រូវក្នុងវិជ្ជាជីវៈរបស់លោកជាអ្នកនិពន្ធ និងជាអ្នកសម្តែង៕










