ដូចដែលយើងគ្រប់គ្នាបានដឹងមកហើយថា ភ្នំដងរែកឬភ្នំកំពែងគឺជាជួរភ្នំធម្មជាតិ ដែលស្ថិតនៅជាប់បន្ទាត់ព្រំដែនរវាងកម្ពុជានិងប្រទេសថៃ ខណៈនៅកម្ពុជាជួរភ្នំដងរែកគឺលាតសន្ធឹងឆ្លងកាត់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ទោះជាយ៉ាងណា កាលពីអតីតកាលដូនតាខ្មែរបានសាងសង់ប្រាសាទ បុរាណដ្ឋាន ទីសក្ការៈ ជាច្រើនកន្លែងទាំងនៅលើនិងនៅក្បែរៗភ្នំដងរែក។ បើនិយាយអំពីប្រាសាទនៅលើជួរភ្នំដងរែកចំពោះតែក្នុងខេត្តឧត្តរមានជ័យវិញ មានតែប្រាសាទចំនួន២ប៉ុណ្ណោះ គឺប្រាសាទខ្នារ និងប្រាសាទដៃកី ជាកម្មសិទ្ធរបស់ប្រទេសកម្ពុជា។ ខណៈដែលប្រាសាទចំនួន ៣ទៀតគឺ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី កំពុងស្ថិតនៅតំបន់ត្រួតស៊ីគ្នារវាងកម្ពុជាថៃ និងមិនទាន់ដោះស្រាយថាជាប្រាសាទទាំងនេះនៅដីខាងណាឲ្យដាច់ស្រេចនៅឡើយនោះទេ នេះបើយោងតាមការបញ្ជាក់ពីលោក យ៉ាង យ៉ាន ជាមន្ត្រីនៃមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈរបស់ខេត្តឧត្តរមានជ័យ កាលពីពេលកន្លងទៅ។ 
សព្វថ្ងៃនេះ នៅតាមប្រាសាទដែលបានរៀបរាប់ទាំង៣ខាងលើ គឺមានការយាមល្បាតរួមគ្នារវាងទាហានខ្មែរ និងទាហានថៃ។ ប៉ុន្តែបើតាមការបញ្ជាក់ខ្លះបានឲ្យដឹងថា ប្រាសាទតាមាន់តូច ត្រូវបានថៃកាន់កាប់ទាំងស្រុងទៅហើយ។ យ៉ាងណាមិញ ភ្ញៀវទេសចរទាំងខ្មែរនិងថៃ គឺអាចចូលទៅទស្សនាប្រាសាទទីនោះបានគ្រប់ៗគ្នា។
បើទោះបីជានូវតែមិនទាន់មានការបែកចែកឲ្យបានដាច់ស្រឡះថា ប្រាសាទទាំង៣ខាងលើនេះគឺជារបស់ខ្មែរឬរបស់ថៃនោះឡើយ ប៉ុន្តែបើយោងប្រភពឯកសារជាច្រើនបានអះអាងថា ប្រាសាទទាំងនេះគឺជារបស់ខ្មែរយ៉ាងពិតប្រាកដ បើផ្អែកតាមសាលាចារឹក និងការសិក្សាស្រាវជ្រាវនានា។
១ ប្រាសាទតាមាន់ធំ ៖ មានទីតាំងស្ថិតនៅ ភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ប្រាសាទនេះ ជាស្ថាបត្យកម្មខ្មែរដែលកសាងឡើងក្នុងសម័យអាណាចក្រអង្គរ សតវត្សទី១១ ដល់ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះសិវៈក្នុងព្រាហ្មញ្ញសាសនា។ បើតាមឯកសារព្រឹទ្ធាចារ្យដែលរស់ និងថែនៅប្រាសាទនេះបានបញ្ជាក់ថា កាលដើមឡើយប្រាសាទតាមាន់ធំ មានឈ្មោះថា ប្រាសាទវេទមន្ត លុះក្រោយមកក៏ក្លាយជា ប្រាសាទតាមាន់រហូតមកដល់សព្វថ្ងៃនេះ។ ប្រាសាទតាមាន់ធំជាទីតាំងសក្ការៈបូជារបស់ខ្មែរបុរាណ ដែលស្ថិតនៅតាមផ្លូវបុរាណពីរាជធានីអង្គរទៅផ្នែកខាងជើងនៃអាណាចក្រអង្គរ។ 

២ ប្រាសាទតាមាន់តូច៖ មានទីតាំងនៅ ភូមិព្រៃវែង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាស្ថាបត្យកម្មខ្មែរនៅសម័យមហានគរ ស្ថាបនាឡើងនៅចុងសតវត្សទី១២ និង ដើមសតវត្សទី១៣ ក្នុងរាជ្យព្រះបាទព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះជាមន្ទីរពេទ្យកាលពីសម័យបុរាណ មានតំកល់ ព្រះពោធិសត្វកៃសជ្យគុរុ(គ្រូពេទ្យថ្នាំទិព្វ) មានគោបុរៈ៤ទិស និងកំពែងព័ទ្ធជុំវិញ។ 

៣ ប្រាសាទតាក្របី ស្ថិតក្នុងឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ ប្រាសាទនេះ ជាស្ថាបត្យកម្មខ្មែរចាប់ពីសតវត្សទី១១ ដល់ទី១៣ ក្នុងរាជព្រះបាទសូរ្យវរ្ម័ន១ និង ព្រះបាទឧទ័យាទិត្យវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរនិងព្រះវិស្ណុផងដែរ៕











