កាលពីម្សិលមិញនេះ មហាជនខ្មែរហាក់ឡើងកម្តៅគ្រប់ៗរូប បន្ទាប់ពីមានវីដេអូបែ.កធា្លយពីបណ្តាញសង្គមពីសកម្មជនលើទូកកាណូតទេសចរណ៍បានធ្វើការចាក់សម្រាមចូលក្នុងទន្លេធ្វើព្រងើយ។ ជាការឆ្លើយតបវិញភ្លាមៗ អាជ្ញាធរក៏បានធ្វើការព្រមានជាទឹកប្រាក់និងបញ្ឈប់អាជីវកម្មរកស៊ីលើកាណូតមួយនេះរួចទៅហើយផងដែរ។ ទោះជាយ៉ាងណា នៅថ្ងៃនេះរឿងសម្រាមដដែលក៏បានលេចឡើងម្តងទៀត ប៉ុន្តែលើកនេះគឺនៅច្រាំងទន្លេវិញម្តង។
រូបភាពចែកចាយពីបណ្តាញសង្គមគឺបានបង្ហាញឲ្យឃើញថា សំរាមយ៉ាងច្រើនពោរពាសបាននឹងកំពុងលេចវត្តមាននៅច្រាំងទន្លេសាប ក្បែរស្ពានព្រែកក្តាម ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល។ ជាមួយគ្នានោះ អង្គការសំអាតទន្លេសមុទ្រ River Ocean Cleanup ជាអង្គការក្រៅរដ្ឋាភិបាលមិនស្វែងរកប្រាក់ចំណេញ (NGO) ដែលបាននឹងកំពុងដើរនាទីយ៉ាងសំខាន់នៅក្នុងការសម្អាតបរិស្ថានក្នុងប្រទេសកម្ពុជា ក៏បានធ្វើការលើកឡើងនិងសំណូមពរអំពីការចោលសំរាមរបស់ប្រជាពលរដ្ឋខ្មែរ។
កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះដោយគណនីមួយដែលមានឈ្មោះថា River Ocean Cleanup គឺបានធ្វើការដាក់បង្ហាញនូវរូបភាពចំនួន២សន្លឹក ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា«កន្លែងណាត់ជួបអូនថ្ងៃស្អែកទី៣១ ច្រាំងទន្លេសាប! ស្អែកចូលរួម ៦០០ នាក់សង្ឃឹមថាស្អាត និងជាសាររំរលឹកដល់បងប្អូនរស់នៅក្បែរទន្លេឲ្យចេះថែរក្សាអនាម័យទន្លេ។ សូមប្រជាពលរដ្ឋ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងអ្នកគ្រប់គ្រងផ្សារ ក្រោមស្ពាននេះ មេត្តារកកន្លែងចោលសំរាមផ្សេងឆ្ងាយពីទន្លេយើង»។
ជាមួយគ្នានេះ បន្ទាប់ពីមានការដាក់បង្ហោះដោយគេហទំព័រខាងលើគឺឃើញថា សាធារណៈជនខ្មែរជាច្រើន បានចូលទៅបញ្ចេញមតិព្រាតដោយអ្នកខ្លះបានលើកឡើងថា «រូបនេះសាហាវជាងរូបជិះទូកចោលសំរាមក្នុងទន្លេទៀត»។ អ្នកខ្លះថា«សរសើរអាជ្ញាធរតំបន់ ហេតុអ្វីបណ្តោយឲ្យមានកើតរូបភាពការចោលសំរាមនិងដុតសំរាមចឹងកើតឡើង»។ អ្នកខ្លះថា«មានឡានដឹកសំរាមនៅតែចោលសំរាម»។
អ្នកខ្លះថា«លោកពូជាទីគោរព ក្មួយចង់ស្នើរដល់រដ្ឋបាលឃុំបំពាក់ camera នៅតាមក្បាលស្ពានដើម្បីចាប់មុខសញ្ញាអ្នកយកសំរាមមកចោល ងាយស្រួយធ្វើកាផាក់ពិន័យកុំអោយពួកគាត់មានទម្លាប់អាក្រក់ទៀត»។ អ្នកខ្លះថា «ល្មមដាក់វិធានការណ៍ក្ដៅចំពោះអ្នកចោលសំរាមផ្ដេសផ្ដាសហើយ»។ អ្នកខ្លះទៀតថា«ទឹកស្អាតដែលបូមមកប្រើរាល់ថ្ងៃចាប់តាំងពីវណ្ណះខ្ពស់ដល់ទាប សុទ្ធតែអាស្រ័យផងពីទឹកនេះទាំងអស់គ្នា»៕










