យោងតាម Travel+Leisure ដែលជាទស្សនាវដ្ដីទេសចរណ៍ល្បីល្បាញមួយរបស់ពិភពលោក ថ្មីៗនេះទើបតែបានប្រកាស “កន្លែងទឹកធ្លាក់ដ៏ស្រស់ស្អាតបំផុតទាំង ១០ នៅលើពិភពលោកប្រចាំឆ្នាំ ២០២៤” ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនៃការបោះឆ្នោតពីភ្ញៀវទេសចរជាច្រើន និងត្រូវបានការពារដោយយោងតាមការណែនាំរបស់អង្គការយូណេស្កូ។ ក្នុងនោះទឹកធ្លាក់កំពូលៗទាំង ១០ ដែលស្ថិតនៅក្នុងបញ្ជីនេះគឺជាអច្ឆរិយៈនៅក្នុងប្រទេសជាច្រើន ល្បីល្បាញ ធំជាងគេ ខ្ពស់បំផុត និង គួរឱ្យទាក់ទាញ។ ដូច្នេះអត្ថបទនេះនឹងនាំអ្នកមកស្គាល់កន្លែងទឹកធ្លាក់ស្អាតបំផុតគ្មានពីរ នៅលើពិភពលោកប្រចាំឆ្នាំ ២០២៤៖
១. ទឹកធ្លាក់ Victoria៖ ទឹកធ្លាក់ Victoria ជាប់ចំណាត់ថ្នាក់លេខ ១ គឺជាតំបន់អច្ឆរិយៈធម្មជាតិមួយក្នុងចំណោមអច្ឆរិយៈទាំង ៧ របស់ពិភពលោក។ ទឹកជ្រោះដ៏អស្ចារ្យលាយឡំនឹងទេសភាពព្រៃបៃតងខៀវស្រងាត់របស់អាហ្វ្រិកនេះ គឺចាប់ផ្ដើមស្រស់ស្អាតខ្លាំងនៅចន្លោះខែកុម្ភៈ ដល់ខែឧសភា ដែលជារដូវភ្លៀងធ្លាក់។
២.ទឹកធ្លាក់ Havasu៖ ទឹកធ្លាក់នេះមានទីតាំងនៅខាងក្រោយ Havasu Canyon ក្នុង Havasupai Indian Reservation នៅជិតឧទ្យានជាតិ Grand Canyon ក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក។ ទឹកជ្រោះនេះមានកម្ពស់ ២៧ ម៉ែត្រ ហូរចូលទៅក្នុងទឹកទន្លេត្បូងមរកតតាមខ្សែទឹកពីរស្របគ្នា ជាមួយនឹងសីតុណ្ហភាពប្រចាំឆ្នាំជាមធ្យម ២១ អង្សាសេ។ នៅជុំវិញទឹកធ្លាក់មានច្រាំងថ្មធម្មជាតិ និងនៅតែរក្សាបាននូវសម្រស់ធម្មជាតិស្ទើរតែទាំងអស់។ ដើម្បីទៅដល់ Havasu អ្នកទេសចរគួរតែរួមបញ្ចូលគ្នានូវដំណើរកម្សាន្តចម្ងាយ ១៦ គីឡូម៉ែត្រតាមរយៈអន្លង់ ការបោះជំរុំ និងការប្រាស្រ័យទាក់ទងជាមួយកុលសម្ព័ន្ធជនជាតិដើមភាគតិច។
៣.ទឹកធ្លាក់ Angel៖ ទឹកធ្លាក់ Angel ស្ថិតនៅ Venezuela ត្រូវបានគេនិយាយថាជាទឹកជ្រោះខ្ពស់បំផុត ៩៧៩ ម៉ែត្រ ស្មើនឹង ៣ ដងនៃ Eiffel Tower ។ ក្នុងរដូវវស្សាចាប់ពីខែមិថុនា ដល់ខែវិច្ឆិកា ទឹកជ្រោះជាញឹកញាប់បង្កើតស្រទាប់អ័ព្ទដែលអាចគ្របដណ្តប់ជិត ១ គីឡូម៉ែត្រជុំវិញ។ ទោះជាយ៉ាងណាក៏ដោយ ផ្លូវទៅកាន់ទីនេះនៅតែពិបាកនៅឡើយ ដូច្នេះហើយអ្នកទេសចរជាច្រើនជ្រើសរើសដើម្បីទស្សនាដោយឧទ្ធម្ភាគចក្រ។
៤.ទឹកធ្លាក់ Dudhsagar៖ ស្ថិតនៅលើទន្លេ Mandovi ក្នុងរដ្ឋ Goa Dudhsagar គឺជាទឹកធ្លាក់ដ៏ខ្ពស់ និងស្អាតបំផុតក្នុងប្រទេសឥណ្ឌា។ ទឹកជ្រោះនេះមានកំពស់ប្រហែល ៣១០ ម៉ែត្រ និងទទឹង ៣០ ម៉ែត្រ ដោយទឹកធ្លាក់ពីខាងលើចែកជា ៤ ជាន់ ដែលមានកម្លាំងទឹកហូរខ្លាំង។ Dudhsagar អាចទៅដល់ដោយផ្លូវពី Panjim ចម្ងាយ ៦០ គីឡូម៉ែត្រ ហើយពេលវេលាល្អបំផុតសម្រាប់ការទៅលេងគឺ ក្នុងរដូវវស្សា ចាប់ពីខែមិថុនា ដល់ខែកញ្ញា។
៥.Yosemite៖ គឺជាទឹកជ្រោះខ្ពស់បំផុតទី ៥ នៅលើពិភពលោក ហើយក៏ខ្ពស់ជាងគេនៅអាមេរិកខាងជើងផងដែរ។ កន្លែងនេះស្ថិតនៅក្នុងឧទ្យានជាតិ Yosemite រដ្ឋកាលីហ្វ័រញ៉ា ដោយទឹកធ្លាក់ Yosemite មានសាខាចំនួន ៣ ដាច់ដោយឡែកពីគ្នាដែលប្រមូលផ្តុំគ្នាបង្កើតការបំភាន់នៃទឹកជ្រោះយក្សមួយ។ នៅចុងនិទាឃរដូវ នៅពេលដែលព្រិលរលាយ ហើយទឹកពណ៌សក៏ហូរចុះ Yosemite គឺស្អាតបំផុត។
៦.Seljalandsfoss៖ ត្រូវបានគេនិយាយថាជាទឹកធ្លាក់ដ៏ល្បីបំផុតក្នុងប្រទេសអ៊ីស្លង់ ដែលស្ថិតនៅចន្លោះទីក្រុង Selfoss និង Skógafoss។ នៅទីនេះ អ្នកទេសចរអាចដើរកាត់ផ្លូវមួយនៅពីក្រោយទឹកធ្លាក់ ដែលអនុញ្ញាតឱ្យពួកគេគយគន់សម្រស់របស់វាពីមុំថ្មីទាំងស្រុង។
៧.Akaka ៖ ចំណែកទឹកធ្លាក់ Akaka នេះវិញគឺស្ថិតនៅសហរដ្ឋអាមេរិក មានទេសភាពជុំវិញដែលខុសពីទឹកធ្លាក់ផ្សេងទៀតនៅលើពិភពលោក។ ទឹកជ្រោះព័ទ្ធជុំវិញដោយព្រៃស្រោង ទឹកហូរចុះទៅក្នុងរូងខាងក្រោម។ ការដើរ ៨០០ ម៉ែត្រទៅកាន់ទឹកធ្លាក់គឺជាឱកាសដ៏ល្អមួយដើម្បីរីករាយនឹងសម្រស់ធម្មជាតិដ៏ស្ងប់ស្ងាត់នៃតំបន់នេះ។
៨.ទឹកធ្លាក់ Iguazu៖ ស្ថិតនៅជាប់ព្រំដែននៃប្រទេសអាហ្សង់ទីន និងប្រេស៊ីល ដែលមានកម្ពស់ជាង ៨២ ម៉ែត្រ និងលាតសន្ធឹងប្រវែង ២.៧ គីឡូម៉ែត្រ បង្កើតជាលំហរាងដូចសេះនៅពេលមើលពីចម្ងាយ។ នេះក៏ជាទឹកធ្លាក់ដែលបង្កើតឡើងដោយប្រព័ន្ធនៃទឹកធ្លាក់តូចៗចំនួន ២៧៥។ ក្រឡេកមកមើលពីខាងលើ ភ្ញៀវទេសចរនឹងគយគន់ខ្សែទឹកពណ៌សនៃភាពអស្ចារ្យរួមផ្សំជាមួយរុក្ខជាតិត្រូពិចបៃតងបង្កើតភាពស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍បំផុត។
៩. Plitvice Lakes៖ កន្លែងនេះវិញមានទីតាំងនៅកណ្តាលប្រទេសក្រូអាត គឺជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ហើយត្រូវបានគេចាត់ទុកថាជាគុជពណ៌បៃតងដ៏មានតម្លៃរបស់អឺរ៉ុប។ Plitvice Lakes រួមមានបឹងធំ និងតូចចំនួន ១៦ ដែលមានទឹកធ្លាក់ជាបន្តបន្ទាប់ ហើយត្រូវបានហ៊ុព័ទ្ធដោយភ្នំរំកិល។ មកទីនេះអ្នកទស្សនាមានអារម្មណ៍រំភើបដូចជាឆ្លងភព ជាមួយនឹងធម្មជាតិដ៏ស្រស់ស្អាតដូចគំនូរ។
១០.ចំណាត់ថ្នាក់លេខ ១០ គឺទឹកធ្លាក់ Sutherland ប្រទេសនូវែលសេឡង់ ដើម្បីទៅដល់ទីនេះភ្ញៀវទេសចរត្រូវឆ្លងកាត់ “ផ្លូវដើរវែងជាងគេលើពិភពលោក” ឬធ្វើដំណើរតាមឧទ្ធម្ភាគចក្រ នេះបើយោងទៅតាមសេវាកម្មរបស់ឧទ្យាន។ ទឹកធ្លាក់នេះហូរចុះពីកម្ពស់ជាង ៥៨០ ម៉ែត្រគឺជាទឹកធ្លាក់ខ្លាំងបំផុតរបស់ប្រទេសនូវែលសេឡង់ ហើយពេលវេលាដ៏ល្អបំផុតដើម្បីទស្សនាគឺក្នុងរដូវក្តៅចាប់ពីខែធ្នូដល់ខែកុម្ភៈ៕










