សៀមរាប កម្ពុជា ២០ ឧសភា ២០២៤៖
ចាប់តាំងពីឆ្នាំ ២០១៣ រហូតមកដល់បច្ចុប្បន្ននេះ ក្រោមព្រះអធិបតីភាព សម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប ព្រះធម្មសិរី ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តសៀមរាប ព្រមទាំងព្រះថេរានុត្ថេរៈគ្រប់ជាន់ថ្នាក់ រួមទាំងក្រុមប្រឹក្សាភិបាលក្រុមទីប្រឹក្សា គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យកុមារអង្គរ តែងតែប្រារព្ធធ្វើកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គីជារៀងរាល់ឆ្នាំ ដើម្បីរៃអង្គាសថវិកាសម្រាប់ទ្រទ្រង់ដល់ដំណើរការប្រតិបត្តិនៃមន្ទីរពេទ្យកុមារអង្គរក្នុងការផ្តល់សេវាថែទាំនិងព្យាបាលដោយឯកទេស និងទូទៅដល់កុមារនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឆ្នាំ២០២៤នេះ មន្ទីរពេទ្យកុមារអង្គរ នៅតែបន្តរៀបចំពិធីបុណ្យផ្កាប្រាក់ ក្នុងគោលបំណង រៃអង្គាសថវិកា ទ្រទ្រង់ដល់ការថែទាំកុមារកម្ពុជា នៅក្នុងមន្ទីរពេទ្យកុមារអង្គរ។ ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី ១១ នឹងប្រារព្ធឡើងនៅថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅវត្តរាជបូណ៌ ក្រុងសៀមរាប ចាប់ពីវេលាម៉ោង
១៖៣០រសៀលដល់ម៉ោង៥ល្ងាច។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានមានប្រសាសន៍ថា ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យ ត្រូវការថវិកាសម្រាប់ដំណើរប្រតិបត្តិការរបស់ខ្លួន ប្រមាណ៦លានដុល្លារអាមេរិក ហើយថវិកាទាំងនោះប្រមាណជា ៧០% បានមកពីសប្បុរជននៅក្រៅប្រទេស និង ៣០% បានមកពីសប្បុរសជនក្នុងប្រទេសកម្ពុជាយើង ក្នុងនោះក៏មានថវិកាបានមកពីពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីដែលបានប្រារព្ធឡើងជារៀងរាល់ឆ្នាំផងដែរ។ លោកវេជ្ជបណ្ឌិត សូមអំពាវនាវ ចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសប្បុរសជន ទាំងក្នុង និងក្រៅប្រទេសទាំងអស់ ចូលរួមពិធីបុណ្យ ព្រមទាំង បរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ឬក៏ ជួយផ្សព្វផ្សាយដំណឹងពិធីបុណ្យឲ្យកាន់តែអធិកអធមនៅតាមបណ្តាញសង្គម។ លោកក៏បានបញ្ជាក់ផងដែរថា “ថវិកាដែលទទួលបានពីការរៀបចំពិធីបុណ្យផ្កាប្រាក់នេះ គឺជាចំណែកដ៏សំខាន់បំផុតក្នុងការ សង្គ្រោះជីវិតកុមារ ប្រកបដោយគុណភាពខ្ពស់ និង ក្តីមេត្តាករុណា នៅក្នុងមន្ទីរពេទ្យកុមារអង្គរ”។
មន្ទីរពេទ្យកុមារអង្គរពិតជាមានការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការប្តេជ្ញាចិត្តនិងការលះបង់ របស់សប្បុរសជន និងអ្នកផ្តើមបុណ្យទាំងអស់ ជាពិសេស ធនាគារ វីង (ខេមបូឌា) ម.ក ដែលបាន ឧបត្ថម្ភគាំទ្រជាប់រយៈ៥ឆ្នាំមកហើយ។
សប្បុរសជនជិតឆ្ងាយក៏អាចចូលរួមបរិច្ចាគថវិកា តាមកម្លាំងសទ្ធាជ្រះថ្លានៅមុនពេល និងក្នុងកំឡុងពេលនៃកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះតាមរយៈ គណនី វីង ដែលមានមុខងារនៅក្នុង Wing Bank App ឬតាមរយៈភ្នាក់ងារ វីង ដែលមាននៅទូទាំងប្រទេស ដោយឥតគិតថ្លៃសេវាអ្វីទាំងអស់។
ព័ត៌មានបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ៖
• ធនាគារ វីង ខេមបូឌា (Wing)៖ (Wing Bank App)
ឬភ្នាក់ងារ វីង៖ លេខកូត 9122 (ប្រាក់រៀល) និង 8122 (ប្រាក់ដុល្លារ)
• ធនាគារ អេប៊ីអេ (ABA): 000 320 555
• ធនាគារ អេស៊ីលីដា (ACLEDA): 0100 0105 6968 28
• ធនាគារ ហត្ថា (HATTHA)៖ 168 000 384 758
• ធនាគារ ស្ថាបនា (Sathapana): 07808082834100102
• ធនាគារ អ៊ូរី (Woori Bank): 24951472
ឬបរិច្ចាគដោយផ្ទាល់ នៅទីកន្លែងប្រារព្ធពិធីបុណ្យ
ទំនាក់ទំនងផ្សព្វផ្សាយ និងរៀបចំកម្មពិធីបុណ្យ៖
អ្នកស្រី ហ៊ាន សោភា មន្ត្រីជាន់ខ្ពស់ផ្នែករៀបចំព្រឹត្តិការណ៍ នៃមន្ទីរពេទ្យកុមារអង្គរ
events@angkorhospital.org or 098 / 017 725 745
អំពីមន្ទីរពេទ្យកុមារអង្គរ៖
មន្ទីរពេទ្យកុមារអង្គរ គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញមួយ បង្កើតឡើងដោយជនជាតិជប៉ុន តាំងពីឆ្នាំ ១៩៩៩ ដែលគិតមកដល់សព្វថ្ងៃនេះ បានផ្តល់សេវាពិនិត្យព្យាបាលកុមារបានជិត បីលានករណី និងបានផ្តល់ការបណ្តុះបណ្តាលនូវជំនាញ និងចំណេះដឹងដល់មន្ត្រីសុខាភិបាល សិស្ស និស្សិតវេជ្ជសាស្ត្រមកពីទូទាំងព្រះរាជាណាចក្រកម្ពុជារាប់រយនាក់ក្នុងមួយឆ្នាំៗ។ ជាងនេះទៅទៀត ក្រុមបុគ្គលិកមន្ទីរពេទ្យកុមារអង្គរ ក៏ចូលរួមធ្វើឲ្យមានភាពប្រសើរឡើងនូវសុខុមាលភាព ប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងខេត្តសៀមរាប តាមរយៈការចុះអប់រំសុខភាព និងពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាព អ្នកស្ម័គ្រចិត្តសុខភាពភូមិ សិស្សានុសិស្ស គ្រូបង្រៀន និងប្រជាពលរដ្ឋ បានរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។ 










