ប្រទេសរុស្ស៊ី ៖ អណ្តូងពេជ្រ Mirny Mine ត្រូវបានគេចាត់ទុកថា ស្ថិតក្នុងចំណោមអណ្តូងពេជ្រដ៏ធំបំផុតលើពិភពលោក ដែលកសាងឡើងដោយមនុស្ស ។ ក្រៅពីអណ្តូងនេះសម្បូរទៅដោយពេជ្រមានតម្លៃមហាសាលហើយ នៅទីនេះក៏មានបង្កប់នូវរឿងរ៉ាវអាថ៌កំបាំងផងដែរដែលគេនិយាយថា បរិវេណអណ្តូងមានកម្លាំងទំនាញអាចទាញឧទ្ធម្ភាគចក្រឱ្យធ្លាក់ចុះក្រោមបាន ។.jpg)
កាលពីឆ្នាំ១៩៥៥ ក្រុមអ្នកស្រាវជ្រាវសណ្ឋានដីរបស់សហភាពសូវៀត (ឬប្រទេសរុស្ស៊ីនាពេលបច្ចុប្បន្ន) បានរកឃើញថា បរិវេណតំបន់ស៊ីបេរីខាងកើតសម្បូររ៉ែ Kimberlite ដែលជារ៉ែកើតឡើងពីសារធាតុ Magma ចុះត្រជាក់ និងក្លាយជាគ្រាប់ពេជ្រ ។ ម្យ៉ាងទៀត ដោយសាររ៉ែ Kimberlite ពិបាកស្វែងរក និងមានតម្លៃខ្ពស់ បានធ្វើឱ្យក្រុមអ្នកស្រាវជ្រាវទទួលបានពានរង្វាន់ឡេនីន ដែលជាពានរង្វាន់ដ៏មានកិត្យានុភាពបំផុតរបស់សហភាពសូវៀត ។
ទោះយ៉ាងណា ពេលនោះ សហភាពសូវៀតបានរងផលប៉ះពាល់ពីសង្គ្រាមលោកលើកទី២ ទើបធ្វើឱ្យការជីកអណ្តូង Mirny Mine ធ្វើទៅយ៉ាងលំបាក ដូចជា ៖ ខ្វះខាតកម្លាំងពលកម្ម ដោយសារចំនួនពលរដ្ឋបានធ្លាក់ចុះក្រោយបញ្ចប់សង្គ្រាមលោក ស្របគ្នានឹងបរិស្ថាននៅតំបន់ស៊ីបេរីមិនអំណោយផលដល់ការជីកយករ៉ែ ។.jpg)
ស៊ីបេរីត្រូវបានគេស្គាល់ថា ជាតំបន់មានអាកាសធាតុមិនល្អលើពិភពលោក ដោយសារមានរដូវរងាអូសបន្លាយពេលយូរ ពេលខ្លះ សីតុណ្ហភាពបានធ្លាក់ចុះរហូតដល់-៤០អង្សារសេ ។ ហេតុនេះ គ្រឿងចក្រពុំអាចជីកដីបានទេ ពេលអាកាសធាតុត្រជាក់ខ្លាំង ពីព្រោះកៅស៊ូ និងដែកឆាប់ពុកផុយ ឬងាយបាក់ ។ ម្យ៉ាងទៀត ស្រទាប់ដីកកខ្លាំង តម្រូវឱ្យប្រើប្រាស់គ្រាប់បែកផ្ទុះ ឬម៉ាស៊ីនចោះដីមានកម្លាំងខ្លាំង ។
បើទោះជាការជីកអណ្តូង Mirny Mine ពិបាកក្តី ប៉ុន្តែវាបានផ្តល់លទ្ធផលដ៏មានតម្លៃ ពីព្រោះវាផ្តល់ប្រាក់ចំណូលដល់សហភាពសូវៀតយ៉ាងច្រើនមហាសាល ។ ជាក់ស្តែង នៅឆ្នាំ១៩៦០ គេបានជីកយករ៉ែ Kimberlite និងយកទៅកែច្នៃធ្វើពេជ្រ រហូតដល់២លានការ៉ាត់ ។.jpg)
ចំណែករឿងរ៉ាវដែលគេនិយាយថា អណ្តូងពេជ្រ Mirny Mine បានទាញទម្លាក់ឧទ្ធម្ភាគចក្រនោះ គឺអណ្តូងនេះមានជម្រៅស្មើនឹង៥២៥ម៉ែត្រ ហើយបាតអណ្តូងកាន់តែជ្រៅ នឹងកាន់តែក្តៅខ្លាំងពីផ្ទៃផែនដី ។ កំដៅចេញពីស្រទាប់ផែនដីនឹងសាយភាយឡើងខ្ពស់ ខណៈអាកាសធាតុត្រជាក់នៅតំបន់ស៊ីបេរីធ្លាក់ចុះខ្លាំង ហើយពេលឧទ្ធម្ភាគចក្រហោះមកក្បែរមាត់អណ្តូង វានឹងពុំអាចហោះឡើងលើអាកាសបានទេ ហើយក៏ធ្លាក់ចូលអណ្តូងដោយស្វ័យប្រវត្តិ ។
ឧទ្ធម្ភាគចក្រពុំបានធ្លាក់ចុះដល់បាតអណ្តូងទេ ពីព្រោះពេលធ្លាក់ វានឹងជួបម៉ាស់ខ្យល់ត្រជាក់ខ្លាំង ។ ហេតុនេះ ទើបធ្វើឱ្យអ្នកបើកឧទ្ធម្ភាគចក្របាត់បង់ការគ្រប់គ្រង រួចក៏បុកនឹងជញ្ជាំងអណ្តូង ។ ថ្ងៃអនាគត បើអណ្តូងពេជ្រ Mirny Mine អស់រ៉ែ Kimberlite ឬការជីកយករ៉ែមិនចំណេញ រដ្ឋាភិបាលរុស្ស៊ីអាចនឹងសាងសង់ដំបូលអណ្តូងយក្សនេះ ហើយវានឹងក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយម ៕










