កូរ៉េខាងត្បូង៖ សណ្ឋាគារទំនើបដែលសាងសង់លើស្ពានដំបូងបង្អស់របស់ពិភពលោក ក្នុងប្រទេសកូរ៉េខាងត្បូងនឹងចាប់ផ្តើមបើកជាផ្លូវការហើយនៅខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។
យោងតាម Asia News បានឱ្យដឹងថា ថ្មីៗនេះរដ្ឋាភិបាលទីក្រុងសេអ៊ូលទើបតែប្រកាសបើកសណ្ឋាគារដំបូងគេមិនធ្លាប់មាន ដែលសាងសង់នៅលើស្ពានតភ្ជាប់ផ្នែកភាគខាងជើង និងភាគខាងត្បូងនៃទីក្រុង ដែលសណ្ឋាគារនេះមានឈ្មោះថា Sky Suite។ Sky Suite មានទីតាំងនៅភាគខាងជើងនៃស្ពាន Hangang ជាទីដែលអាចមើលឃើញទេសភាពនៃទន្លេ Han និងអាចរីករាយជាមួយធម្មជាតិខ្យល់អាកាសបរិសុទ្ធពេញមួយថ្ងៃ។
អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បាននិយាយថា៖ “ជាមួយនឹងការបើកសម្ពោធសណ្ឋាគារថ្មី Sky Suite នៅលើស្ពាន Hangang ទីក្រុងមានគោលបំណងចែករំលែកភាពទាក់ទាញនៃទន្លេ Han និងទីក្រុងសេអ៊ូលទៅកាន់ពិភពលោក”។ រដ្ឋាភិបាលក្រុងសេអ៊ូលក៏បានសង្កត់ធ្ងន់ដែរថានេះគឺជាសណ្ឋាគារដំបូងគេក្នុងពិភពលោកដែលមានទីតាំងនៅលើស្ពាន។ 
គួរបញ្ជាក់ដែរថា អគារនេះដំបូងឡើយគឺជាហាងកាហ្វេ ប៉ុន្តែវាបានឈប់ដំណើរការដោយសារការរីករាលដាលនៃមេរោគកូវីដ-១៩។ ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៣ មក អគារនេះក៏ត្រូវបានជួសជុលបន្ថែម និងផ្លាស់ប្តូរទៅជាសណ្ឋាគារទំហំ ១៤៤ ម៉ែត្រការ៉េ។ សណ្ឋាគារនេះមានបន្ទប់ទទួលភ្ញៀវ បន្ទប់គេងមួយ និងបន្ទប់ទឹកមួយ អមដោយបង្អួចកញ្ចក់ចំនួន ៥ ហើយអាចផ្ទុកភ្ញៀវបានរហូតដល់ ៤ នាក់ នឹងជួយភ្ញៀវមើលទន្លេ Han ពីគ្រប់ទីតាំងនៅក្នុងសណ្ឋាគារ។ 
សម្រាប់ការស្នាក់នៅមួយយប់នៅសណ្ឋាគារនឹងត្រូវចំណាយចាប់ពី ៣៤៥,០០០ វ៉ុន (ប្រមាណ ២៥០ ដុល្លារអាមេរិក) ដល់ ៥០០,០០០ វ៉ុន (ប្រមាណ ៣៦៣ ដុល្លារអាមេរិក)។ លោក Oh Se-hoon ក៏បានបញ្ជាក់ទៀតថា កន្លែងស្នាក់នៅថ្មីនៅលើស្ពាននេះគឺជាផែនការជាបន្តបន្ទាប់ក្នុងការធ្វើឱ្យតំបន់ទន្លេ Han មានភាពរស់រវើកឡើងវិញក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរចំនួន ១០ លាននាក់ជារៀងរាល់ឆ្នាំទៅកាន់ទន្លេ Han នៅឆ្នាំ ២០៣០ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពីភ្ញៀវទេសចរប្រចាំឆ្នាំបច្ចុប្បន្នដែលមានប្រហែល ៩០០,០០០ នាក់៕










