កាលពីមួយរយៈមុនតារាចម្រៀង សុវត្ថិ មុន្នីវណ្ណ កូនច្បងឧកញ៉ា ព្រាប សុវត្ថិ បានថត MV ជាមួយ ល្អហួស ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងប៉ុន្តែរឿងនេះក៏បង្កឱ្យមានបញ្ហាចម្រូងចម្រាសមួយចំនួនបានកើតឡើងទៅកាន់ភរិយាឧកញ៉ា ព្រាប សុវត្ថិ។ យ៉ាងណាមិញ ថ្មីៗនេះ តារាចម្រៀងរូបសង្ហា សុវត្ថិ មុន្នីវណ្ណ និង ល្អហួស បានចាប់ដៃគូថត MV ជាមួយគ្នាម្តងទៀត ប៉ុន្តែក៏មានអ្នកគាំទ្រមួយចំនួនបានបង្ហាញការព្រួយបារម្ភទៅកាន់ ល្អហួស ។
គេចាំបានថា កាលពីមីនា ឆ្នាំ២០២៤ សុវត្ថិ មុន្នីវណ្ណ បានទម្លាក់បទមានចំណងជើងថា «នាងអើយ»ដោយយុវតី ល្អហួស Miss Preteen Cambodia2023 គឺជាតួស្រីនៅក្នុងវីដេអូចម្រៀងនេះ។ ប៉ះគ្នាលើកដំបូងរវាងកូនច្បងឧកញ៉ា ព្រាប សុវត្ថិ និង ល្អហួស នេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនរហូតមានហ្វេនៗខ្លះថែមទាំងផ្គូផ្គងអ្នកទាំងពីរធ្វើជាគូស្នេហ៍ទៀតផង។ .png)
យ៉ាងនេះហើយវាបានក្លាយទៅជាប្រធានបទក្តៅបន្ទាប់ពីម្តាយខាងប្រុសចេញមកច្រានចោលទំនាក់ទំនងសុវត្ថិ មុន្នីវណ្ណ និង ល្អហួស។ រឿងនេះក៏ជំរុញឱ្យលោកជំទាវ ឡុង ស្រីមុំ ភរិយាឧកញ៉ា ព្រាប សុវត្ថិ ត្រូវរងមតិរិះគន់ថាហួងហែងកូនប្រុសរបស់ខ្លួនជ្រុល ទោះការបែបនេះក្នុងគោលបំណងការពារកូនប្រុស និង រក្សាតម្លៃឱ្យ ល្អហួស ដោយសារតែនាងនៅជាអនិតិជននៅឡើយក្តី។
នាពេលនោះ ល្អហួស បានចេញមកការពារម្តាយ សុវត្ថិ មុន្នីវណ្ណ ដោយប្រកាសថាគ្រាន់តែជាការថត MV ប៉ុណ្ណោះ គ្មានទំនាក់ទំនងលើសពីនេះនោះទេនិងបានសំណូមពរកុំធ្វើឱ្យប៉ះពាល់ដល់រូបនាង ព្រោះនាងជិតតំណាងកកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិហើយ។
យ៉ាងណាមិញ បន្ទាប់ពី ល្អហួស បានប្រកួតឈ្នះលើឆាកអន្តរជាតិក្លាយជា Miss Preteen Junior Idol World 2024 មកថ្មីៗនេះ ល្អហួស បានបង្ហាញថានាងកំពុងតែថត MV ថ្មីជាមួយតារាចម្រៀង សុវត្ថិ មុន្នីវណ្ណ ម្តងទៀត ខណៈក៏មានការបង្ហោះពីសកម្មភាពក្រៅឆាកអ្នកទាំងពីរកំពុងថត MV ផងដែរ។
ប៉ះគ្នាជាលើកទី២ រវាង ល្អហួស និង មុន្នីវណ្ណ អ្នកគាំទ្រខ្លះក៏បង្ហាញការព្រួយបារម្ភទៅកាន់ យុវតីរូបនេះដូចគ្នាខ្លាចមានបញ្ហាចម្រូងចម្រាសដូចកាលពីលើកមុន ខណៈអ្នកខ្លះនៅបង្ហាញការស្រលាញ់ដោយសរសើរថាគូនេះដើរតួជាមួយគ្នាគឺស័ក្តិសមតែម្តង៕










