អ្នកនាង សេង សុខឃីម អតីតគូស្នេហ៍តារាចម្រៀង នាយ ចឺម បានបង្ហើបពីមូលហេតុបែកបាក់ស្នេហាចំនួន៣ដងមានទាំងកត្តាស្វាមីយកមិត្តភក្តិធំជាងប្រពន្ធកូន បញ្ហាគ្រួសារទាំងសងខាងមិនចុះសម្រុងគ្នា និងដៃគូក្បត់ចិត្ត។ បរាជ័យទាំង៣លើកនេះអ្នកមេម៉ាយរូបនេះថារូបនាងបាក់ស្បាតលែងចង់មានស្នេហាទៀតហើយ។
វីដេអូនៅលើបណ្តាញសង្គមទិកតុក សេង សុខឃីម បាននិយាយថាជីវិតខ្លួនមានភាពស្មុគស្មាញឆ្លងកាត់ការលែងលះ បែកបាក់គូស្នេហ៍ម្តងជាពីរដងមិនសមប្រាថ្នាដូចជាអ្នកមួយចំនួន។ នាងបាននិយាយថាជីវិតរបស់ខ្លួនស្មុគស្មាញបែបនេះដោយសារតែជ្រើសការរៀបការលឿនពេក នៅវ័យក្មេងមិនទាន់រៀបចំអនាគតច្បាស់លាស់ រៀបការដើម្បីចងមនុស្សដែលខ្លួនស្រលាញ់ទុកខ្លាចមិនបានរៀបការហើយបែកគ្នា។
ជាមួយគ្នានេះដែរ ស្រីស្អាត សេង សុខឃីម ថាមានស្នេហា៣លើកធ្វើឱ្យនាងរាងចាលបាក់ស្បាតក្នុងជីវិតនាង។ លើកទី១នាងបានរៀបការនិងបានបង្កើតបានកូនប្រុសម្នាក់។ សុខឃីម បានរៀបរាប់ពីចំណុចល្អរបស់អតីតស្វាមីថាគាត់ជាស្រលាញ់នាង ល្អជាមួយខ្លួន មានភាពចាស់ទុំ ប៉ុន្តែអតីតស្វាមីរបស់ខ្លួននៅសប្បាយ ចេះគិតពីអនាគតចេះគិតប្រពន្ធកូន ប៉ុន្តែសប្បាយខ្លាំងពេកយកមិត្តភក្តិធំខ្លាំងពេក។ ចំណុចនេះហើយធ្វើឱ្យនាងមិនអាចទទួលយកបានទើបឈានដល់ការលែងលះគ្នា។
ចំពោះចំណងស្នេហ៍ជាមួយ នាយចឺម ស្រីស្អាត សេង សុខឃីម ថាតារាចម្រៀងរូបនេះល្អជាមួយខ្លួនណាស់ ស្រលាញ់នាង មិនដែលក្បត់នាងនោះទេ ទាំងពីរស្រលាញ់គ្នា ប៉ុន្តែអ្វីដែលធ្វើឱ្យពួកគេបែកគ្នានាងគិតថា គ្រួសារទាំងសងខាងមិនសូវចុះសម្រុះគ្នា។ ការបែកគ្នាជាមួយនាយ ចឺម សេង សុខឃីម ថាជាការបែកគ្នាដោយសន្តិវិធីមិនមែនបែកគ្នាដោយសារតែភាពផិតក្បត់ឡើយព្រមទាំងទទួលស្គាល់ការពិតថាក្នុងចំណោមគូស្នេហ៍ រូបនាងគិតថា នាយ ចឺម ស្រលាញ់នាងជាងគេហើយ នាយ ចឺម ជាមនុស្សម្នាក់ដែលស្តាប់ឪពុកម្តាយ។
ចំពោះអ្នកទី៣ សេង សុខឃីម ថាជាមនុស្សម្នាក់ដែលខុសពីនាងឆ្ងាយបែបលក្ខណៈដូចនាងជាថៅកែ និងកូនចៅ ជាមនុស្សម្នាក់ដែលគ្មានអ្វីគ្រប់យ៉ាងតែនាងពេញចិត្តសុខចិត្តរកស៊ីជាមួយគ្នា តស៊ូជាមួយគ្នាមិនដែលគិតថាស្តាយក្រោយនោះទេ។ ប៉ុន្តែនៅពេលនាងឱ្យតម្លៃមនុស្សម្នាក់ហ្នឹងពេក លើកមនុស្សម្នាក់ហ្នឹងពេកលែងឃើញតម្លៃរបស់យើង មើលថែគេរហូតលែងមើលថែខ្លួនឯងឈានដល់ធ្វើឱ្យជីវិតខ្លួនលែងមានភាពស្រស់ស្អាត។ អ្វីដែលធ្វើឱ្យនាងឆ្អែតចិត្តបំផុតគឺបុរសនោះបានក្បត់ចិត្តនាង ហើយអ្នកទី៣នេះជាមនុស្សម្នាក់ដែលធ្វើឱ្យនាងអស់សង្ឃឹមបំផុត៕










