ការច្នៃម៉ូតតាមបែប Fashion របស់លោក ឯម រៀម ហាក់ទទួលបានការរិះគន់ជាបន្តបន្ទាប់ពីសំណាកអ្នកលេងបណ្តាញសង្គមមិនសូវទទួលបានការសរសើរនោះទេ។ ជាក់ស្តែងឈុតមួយរបស់លោកចូលរួមកម្មវិធីរបស់តារាចម្រៀង ទេព បូព្រឹក្ស ទទួលបានការរិះគន់ជាថ្មីស្របពេលរូបផ្ទៃខាងក្រោយមានរូបប្រាសាទអង្គរវត្ត។ លើកនេះមិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេដែលបញ្ចេញមតិរិះគន់សូម្បីអ្នកក្នុងចង្កោមសិល្បៈក៏បានផ្លែផ្កាឱ្យអ្នកច្នៃម៉ូតរូបនេះស្លៀកពាក់មិនស្របកាលៈទេសៈខុសគេតែឯង។.png)
សម្រាប់អ្នកនិយមតាមដានវិស័យម៉ូតជ្រាបមកហើយថាលោក ឯម រៀម ជាអ្នកច្នៃម៉ូតរូបនិងបានបញ្ចប់ថ្នាក់បណ្ឌិតនៅប្រទេសបារាំងទៀតផង។ បើក្រលេកការច្នៃម៉ូតរបស់លោកវិញគឺមានខុសប្លែកពីគេតែម្តងកម្រនឹងមានអ្នកច្នៃបានដូចលោកណាស់។ ដ្បិតការច្នៃម៉ូតរបស់លោកនិយមតាមបែប Fashion ក្តីប៉ុន្តែជារឿយៗមិនសូវទទួលបានការសរសើរពីមហាជននោះទេ ដោយសារតែពេលលោក ឯម រៀម ទៅចូលរួមកម្មវិធីផ្សេងៗលោកតែងខ្លួនមួយអស់ដៃហើយបញ្ចេញស៊ិចស៊ីលើក្រោម ដែលមានគម្លាតខុសពីអ្នកច្នៃម៉ូតដទៃទៀត។
កាលពីថ្ងៃចូលរួមសម្ពោធបទ ទេវរាជ របស់តារាចម្រៀង ទេព បូព្រឹក្ស កម្មវិធីនេះបានស្នើឱ្យសិល្បករ សិល្បការិនី រួមទាំងទស្សនិកជនចូលរួមស្លៀកពាក់បុរាណ ប្រពៃណី សហសម័យ ទៅតាមសម័យកាលដែលខ្លួនពេញចិត្តក្នុងស្មារតីជាធ្លុងមួយលើកស្ទួយវប្បធម៌ខ្មែរ។ នៅក្នុងថ្ងៃសម្ពោធនោះគេក៏បានឃើញអ្នកសិល្បៈពិតជាស្រុះដៃគ្នាខ្លាំងព្រោះបានតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយឈុតបុរាណ អ្នកខ្លះក៏ប្រពៃណី និងអ្នកខ្លះទៀតបែបសហសម័យ។
ទោះយ៉ាងណា អ្នកច្នៃម៉ូត ឯម រៀម ពួយលេងខ្លួនខុសគេតែម្តងជាមួយឈុតរាជិនី AI គ្រឿងអេឡិចត្រូនិក ផ្អើលពេញកម្មវិធីនិងអ្នកតាមដានលើបណ្តាញសង្គម។ ឈុតដែលយកគ្រឿងបង្គុំអេឡិចត្រូនិក ដ្បិតថាប្លែកមែនពិតប៉ុន្តែមិនទទួលបានការសរសើរនោះទេគឺឆ្លើយតបមកវិញជាមួយមតិរិះគន់។ អ្វីដែលធ្វើឱ្យមហាជនសម្តែងក្តីខឹងសម្បារនោះគឺរូបភាពដែលលោក ឯម រៀម ឈរថតដែលមានផ្ទៃខាងក្រោយរូបប្រាសាទអង្គរវត្ត។
ទស្សនិកជនបានរិះគន់លោក ឯម រៀម ថាការធ្វើដូចនេះមិនសមទំនងនោះទេយល់ថាសំលៀកបំពាក់របស់លោក Fashion ប៉ុន្តែគួរតែគិតពីរូប Background ផង ថាសំលៀកបំពាក់របស់ខ្លួនសមនឹងថតជាមួយប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកឬអត់បើលោកច្នៃម៉ូតលេចលើ លេចក្រោមបែបនេះ។
នេះមិនមែនជាលើកទី១ទេ ដែលលោក ឯម រៀម អ្នកច្នៃម៉ូតដ៏ល្បីឈ្មោះរងពាក្យរិះគន់ពីអ្នកលេងបណ្តាញសង្គមដោយសារតែការស្លៀកពាក់របស់លោកស៊ិចស៊ី បញ្ចេញលើក្រោមខុសប្លែកពីអ្នកដទៃទៀត។ ទោះបីជាយ៉ាងនេះក្តីអ្នកច្នៃម៉ូតរូបនេះនៅបន្តសកម្មភាពរបស់ខ្លួនដដែល ដោយលោកបានលើកឡើងថា នេះជាការច្នៃម៉ូតបែប Fashion មិនមានលក្ខណៈទាស់ខុសអ្វីនោះទេ។
កាលពីខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈ បានប្រតិកម្ម ចំពោះរូបភាពរបស់ អ្នកច្នៃម៉ូត ឯម រៀម ដែលបានលេងខ្លួនននោលគោក បិទបាំងបន្តិចនៅតំបន់កេរ្តិ៍ខ្មាសបង្ហោះនៅលើបណ្តាញសង្គម។ ក្នុងនោះក៏តម្រូវឱ្យអ្នកច្នៃម៉ូតរូបនេះលុបរូបភាពនោះជាបន្ទាន់ព្រោះរូបភាពមានលក្ខណៈអាសដែលនាំឱ្យប៉ះពាល់វប្បធម៌ខ្មែរមិនដូច្នេះទេនឹងប្រឈមតាមផ្លូវច្បាប់ជាដាច់ខាត។ ក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈស្នើឱ្យលោក ឯម រៀម បញ្ឈប់រាល់ការប្រើប្រាស់រូបភាពដែលនាំឱ្យមានផលប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីជាតិ ហើយងាកមកប្រើប្រាស់ទេពកោសល្យដែលមានចូលរួមលើកស្ទួយវប្បធម៌ ប្រពៃណីជាតិក្នុងនាមជាកុលបុត្រខ្មែរវិញ។ ក្រោយមកលោក ឯម រៀម បានទទួលស្គាល់កំហុសឆ្គងរបស់ខ្លួននិងបានសូមទោសផងដែរដោយអះអាងថាមិនមានចេតនាធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និង សេចក្តីថ្លៃថ្នូររបស់កម្ពុជាទេ៕










