នៅលើបណ្តាញសង្គមរបស់គូស្នេហ៍សិល្បៈមួយគូគឺ Baifern Pimchanok និងតារាសម្តែង Nine Naphat បានបង្ហោះរូបភាពជាច្រើនកាលពីពេលថ្មីៗនេះដើម្បីចែករំលែកទៅកាន់អ្នកគាំទ្រពីដំណើរកម្សាន្តរបស់អ្នកទាំងពីរនៅលើទឹកដីប្រទេសស្វីស។ អ្នកទាំងពីរបានទៅកន្លែងស្អាតៗជាច្រើន ខណៈមិត្តរួមអាជីពសិល្បៈ អ្នកគាំទ្រ បានជូនពរឱ្យគូស្នេហ៍មួយគូនេះរីករាយជាមួយដំណើរកម្សាន្តរបស់ពួកគេ និងទទួលយកបទពិសោធន៍ថ្មីៗ។
ក្នុងអំឡុងពេលធ្វើដំណើរ Baifern បានពោលសរសើរមិត្តប្រុសរបស់នាងចំពោះទេពកោសល្យថតរូបរបស់ Nine ដែលមិនតម្រូវឱ្យមានការកែសម្រួលអ្វីឡើយ។ ក្រៅពីការសម្ដែង Naphat ស្រលាញ់ការថតរូប បាល់ទាត់ ប្រដាល់ និងវាយកូនហ្គោលជាដើមថែមទាំងចេះច្រៀង និងលេងហ្គីតាផងដែរ។ គូស្នេហ៍មួយគូនេះចាប់អារម្មណ៍នឹងភាពស្រស់ស្អាតនៃភ្នំដែលមានកម្ពស់ខ្ពស់ជាមួយនឹងទិដ្ឋភាពស្រស់ស្អាតនៃតំបន់ Grindelwald និងភ្នំល្បីៗមួយចំនួនដូចជា Wetterhorn, Fiescherhorner និង Schreckhorn ។
រូបថតមួយគេបានឃើញ Baifern ផ្អៀងលើស្មាមិត្តប្រុសរបស់នាង ពេលដើរក្នុងតំបន់ Jungfrau ភាគកណ្តាលប្រទេសស្វីស។ អ្នកទាំងពីរបានជិះរថភ្លើងទៅកាន់ជ្រលងភ្នំ Lauterbrunnen ក្នុងចំណោមទេសភាពដ៏អស្ចារ្យនៃភ្នំអាល់។ ក្នុងរថភ្លើង ពួកគេអាចគយគន់ទេសភាពដ៏អស្ចារ្យ ដែលភ្ញៀវទេសចរភាគច្រើនចាត់ទុកថាជា«ដំណើរក្នុងក្តីស្រមៃ» ដែលមិនអាចរំលងបាននៅពេលមកដល់ប្រទេសស្វីស។
Baifern និង Nine មានភាពស្និទ្ធស្នាលគ្នាចាប់តាំងពីពួកគេបានសម្តែងក្នុងរឿង Friend Zone ក្នុងឆ្នាំ ២០១៩ ។ Nine មានអាយុតិចជាង Baifern ៤ឆ្នាំ ប៉ុន្តែជារឿយៗត្រូវបានគេចាត់ទុកថាលោកមានភាពចាស់ទុំ និងសមគ្នាជាមួយនាង។ ប៉ុន្មានឆ្នាំក្រោយមក ពួកគេមានពាក្យចចាមអារ៉ាមថាស្រលាញ់គ្នាជាច្រើនដង ប៉ុន្តែអ្នកទាំងពីរបានព្យាយាមបដិសេធ។
នៅចុងឆ្នាំ ២០២២ Nine បានសារភាពថាលួចស្រលាញ់ Baifern ជាយូរមកហើយ ប៉ុន្តែនាងមិនដឹងទេ។ ដោយមានការលើកទឹកចិត្តពីមិត្តភ័ក្តិរបស់លោក តារាសម្តែងវ័យក្មេងរូបនេះបានសារភាព ហើយ Baifern ទទួលយករូបគេ។ ជាង២ឆ្នាំមកនេះ ពួកគេបានចាប់ដៃគ្នាទាំងការងារ និងជីវិតមិនញញើតនឹងបង្ហោះរូបភាពផ្អែមល្ហែមរបស់ខ្លួននៅលើបណ្តាញសង្គមឡើយ។
កាលពីឆ្នាំ២០២៣ គេហទំព័រកម្សាន្តថៃជាច្រើនបានរាយការណ៍ថា អ្នកស្រី Pimpaka ដែលជាម្តាយរបស់ Nine មិនពេញចិត្តនឹង Baifern ហើយថែមទាំងបាន Unfollow នៅលើ Instagram របស់កូនប្រុស ដើម្បីតវ៉ាចំពោះទំនាក់ទំនងនេះ។ ក្នុងបទសម្ភាសមួយ Nine បាននិយាយថា ម្តាយរបស់ខ្លួនមានភាពតានតឹងនឹងការងារ ហើយមិនមានបញ្ហាជាមួយ Baifern ទេ។
ចាប់តាំងពី Nine ចូលប្រឡូកក្នុងអាជីពមក ម្តាយរបស់លោកបានកាន់តំណែងជាអ្នកគ្រប់គ្រង និងជាជំនួយការ ដោយតាមដានកូនប្រុសរបស់ខ្លួនយ៉ាងជិតស្និទ្ធគ្រប់ជំហាន។ ប្រភពខ្លះជឿថា អ្នកស្រី Pimpaka គ្រប់គ្រងកូនយ៉ាងតឹងរ៉ឹងពេក ដែលធ្វើឱ្យ Nine មានភាពផ្ទាល់ខ្លួនតិចតួច។
គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២៣ លោក Naphat គូស្នេហ៍តារាស្រី Baifern Pimchanok បានមកចូលរួមកម្មវិធីមួយនៅប្រទេសកម្ពុជាផងដែរខណៈមុនទៅចូលរួមកម្មវិធីតារាសម្តែងរូបនេះបានឆ្លៀតដើរកម្សាន្តនៅទីតាំងសំខាន់ដូចជា តំបន់រមណីដ្ឋានប្រវត្តិសាស្រ្ត វត្តភ្នំ , ផ្សារធំថ្មី និងទីតាំងផ្សេងទៀតបង្ហោះរូបលើបណ្តាញសង្គមយ៉ាងស្រស់សង្ហាទៀតផង៕










