ថ្មីៗនេះ ប្រជាពលរដ្ឋខ្មែរហាក់មានការភ្ញាក់ផ្អើលនិងភ័យខ្លាច បន្ទាប់ពីមានការបង្ហោះចែកចាយថា បានប្រទះឃើញដានជើងខ្លានៅព្រៃចង្កេះភ្នំពង្រកងវ៉ា ខេត្តបន្ទាយមានជ័យ។ ទោះជាយ៉ាងណា តាមការបញ្ជាក់ម្តងទៀតពីអ្នកជំនាញបានឲ្យដឹងថា វាអាចជាដានជើងឆ្កែទៅវិញនោះទេ។
កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ យោងតាមគណនី «មួក ឡាយ ក្រុងសិរីសោភ័ណ» គឺបានដាក់បង្ហោះនូវរូបភាពប៉ុន្មានសន្លឹក អមជាមួយនឹងខ្លឹមសារថា «សូមជម្រាបជូនបងប្អូនដែលចូលចិត្តឡើងភ្នំ ឬរស់នៅក្បែជើងភ្នំ ពង្រកងវ៉ា និងខ្លាកូនទាំងអស់។ តាមសេចក្តីរាយការណ៍ ប្រជាពលរដ្ឋបានប្រទះឃើញ ដានជើងសត្វខ្លា ដែលសន្និដ្ឋានថា អាចនឹងរស់នៅក្នុងតំបន់ភ្នំដូចជម្រាបខាងលើ ។សូមបងប្អូន ប្រុងប្រយ័ត្នទាំងអស់គ្នា»។
ទោះជាយ៉ាងណា បន្ទាប់ពីមានការបង្ហោះចែកចាយខាងលើ លោក ជា ផល្លី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យបានធ្វើការជម្រាបជូនទាក់ទងនឹងករណីនេះ ដោយលោកបានឲ្យខាងសត្វព្រៃនៃក្រុមនាយកដ្ឋានរដ្ឋបាលព្រៃឈើ ធ្វើកោសល្យវិច្ច័យដានជើងបានឲ្យដឹងថា ដានជើងនោះគឺអាចមិនមែនការពិតឡើយ។
តាមការពិនិត្យដានជើងអាចជាដានជើងឆ្កែ ព្រោះបើសិនជាដានជើងខ្លាធំបែបហ្នឹងផុងដីនិងមានក្រចក ជើងមុត ស្រួច ហើយបើមានខ្លាពិតមែនគឺខ្លាចេញអុកឡុកអ្នកភូមិចេញរកស៊ីចំណីពេលយប់ជាក់ជាមិនខាន ។
យ៉ាងណាមិញ ក្រុមមន្ត្រីជំនាញពាក់ព័ន្ធនឹងបន្តចុះតាមដានបន្ថែមទៀតទាក់ទងនឹងករណីនេះផងដែរ៕










