ប្រទេសចិន ៖ អ្នកអវកាសចិនបានសាកល្បងចិញ្ចឹមត្រីប្រភេទ Zebrafish ចំនួន៤ក្បាលនៅលើលំហអាកាស «ធៀនកុង» ហើយនៅចុងខែឧសភា ឆ្នាំ២០២៤ ត្រីទាំងនេះមានអាយុប្រមាណ១ខែហើយ ។ គោលបំណងនៃការសាកល្បងនេះ គឺដើម្បីស្រាវជ្រាវពីការធំលូតលាស់របស់ត្រី និងការបង្កើតប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាពដោយខ្លួនឯងក្នុងស្ថានភាពគ្មានទំនាញផែនដី ព្រមទាំងការអភិវឌ្ឍបច្ចេកវិទ្យាដើម្បីឱ្យអ្នកអវកាសអាចរស់នៅលើលំហអាកាសបានយូរ ។
ចំណែកមូលហេតុដែលអ្នកវិទ្យាសាស្ត្រចិនជ្រើសរើសត្រីប្រភេទ Zebrafish មកសាកល្បងនោះ ដោយសារត្រីនេះមានលក្ខណៈជាច្រើនយ៉ាងស្រដៀងគ្នានឹងដូចមនុស្ស បើទោះជាវារស់នៅក្នុងទឹកក្តី ដូចជា ៖ ការបែងចែកកោសិកាស្រដៀងនឹងមនុស្ស ហើយវាជាសត្វមានឆ្អឹងខ្នង ។
ដំណាក់កាលសាកល្បង គឺពួកគេបានចាប់ផ្តើមយកត្រី Zebrafish មកបង្កាត់ពូជ និងបញ្ចេញពងត្រី រួចធំលូតលាស់ក្លាយជាកូនត្រី ដើម្បីស្រាវជ្រាវពីការលូតលាស់របស់ត្រីតាំងពីចំណុចចាប់ផ្តើម ។ ពួកគេបានបំពាក់កាមេរ៉ាថតរូបភាពត្រីនៅក្បែរបំផុត ដូចជា ៖ ការផ្តល់ចំណី, គុណភាពទឹក និងការផ្លាស់ប្តូរទឹក រួចហើយបញ្ជូនទិន្នន័យការសាកល្បងទាំងអស់ទៅឱ្យអ្នកវិទ្យាសាស្ត្រនៅលើផែនដី ។
លទ្ធផលការសាកល្បងជំហានដំបូងបង្ហាញថា ត្រី Zebrafish អាចធំធាត់ និងមានជីវិតរស់នៅលើលំហអាកាស ប៉ុន្តែបែរជាវាមានសភាពប្លែកៗ ដូចជា ៖ ការហែលទឹកបញ្ច្រាស់ក្បាល និងបម្លាស់ទីជារង្វង់មូល ។ ហេតុនេះបញ្ជាក់ថា ការគ្មានទំនាញផែនដីនៅលើអាកាស អាចប៉ះពាល់ដល់ការរៀនសូត្ររបស់ត្រី ។ រីឯប្រយោជន៍ដែលគេរំពឹងថា នឹងទទួលបានពីការស្រាវជ្រាវនេះ គឺពាក់ព័ន្ធការរៀបចំគម្រោងហាត់ប្រាណ, អាហារសម្រាប់អ្នកអវកាសដែលត្រូវរស់នៅលើលំហអាកាសរយៈពេលយូរ ហើយអ្នកអវកាសនឹងមានផលប៉ះពាល់ឆ្អឹងដោយសារវិទ្យុសកម្មលើអវកាស ។
ការសាកល្បងចិញ្ចឹមត្រីនៅលើលំហអាកាសមិនមែនជារឿងថ្មីទេ ពីព្រោះកាលពីឆ្នាំ២០១២ ភ្នាក់ងារស្រាវជ្រាវអវកាសជប៉ុន (JAXA) ក៏បានសាកល្បងចិញ្ចឹមត្រីមួយចំនួននៅលើស្ថានីយអវកាសអន្តរជាតិ ISS ផងដែរ ។ ការស្រាវជ្រាវនាពេលនោះបង្ហាញថា ការគ្មានទំនាញផែនដីបានធ្វើឱ្យដង់ស៊ីតេឆ្អឹងត្រីថយចុះក្នុងរយៈពេលត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ ហើយវាជាអាការៈដូចគ្នាដែលកើតឡើងចំពោះអ្នកអវកាសជាមនុស្ស ប៉ុន្តែដង់ស៊ីតេឆ្អឹងត្រីថយចុះឆាប់រហ័សជាងមនុស្ស ៕










