កូរ៉េខាងត្បូង៖ Ahn Jae Hyun ដែលធ្លាប់ជាតារាសម្តែងប្រុសដ៏ល្បីល្បាញមួយរូបប្រចាំប្រទេសកូរ៉េ ត្រូវបានមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញវត្តមានដ៏តោកយ៉ាករបស់លោកក្នុងកម្មវិធី “I Live Alone” របស់ MBC បន្ទាប់ពីបាត់មុខលោកពីវិស័យសិល្បៈអស់មួយរយៈធំ។
យោងតាមសារព័ត៌មានកូរ៉េដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា Ahn Jae Hyun ទើបតែបានចូលរួមនៅក្នុងកម្មវិធី “I Live Alone” របស់ MBC ដោយកម្មវិធីនេះបានសម្ភាសលោកអំពីជីវិតប្រចាំថ្ងៃ ដោយលោកបាននិយាយថា បន្ទាប់ពីលែងលះជាមួយអតីតភរិយា Goo Hye Sun (ដែលជាតារាសម្តែស្រីល្បីឈ្មោះមួយរូបរបស់កូរ៉េ) គឺលោកមានបញ្ហាផ្លូវចិត្តយ៉ាងខ្លាំង ហើយជារៀងរាល់ថ្ងៃលោកតែងតែផឹកស្រា និងបរិភោគអាហារមួយពេលប៉ុណ្ណោះក្នុងមួយថ្ងៃ ធ្វើឱ្យសុខភាពរបស់លោកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះបានធ្លាក់ចុះគួរឱ្យភ្ញាក់ផ្អើល។
លោក Ahn Jae Hyun បានបន្តថា ជារៀងរាល់ខែលោកចំណាយលុយត្រឹមតែ ៥០០,០០០ វ៉ុន (ប្រមាណជាង ៣៦៦ ដុល្លារអាមេរិក) ប៉ុណ្ណោះដើម្បីទិញអាហារញ៉ាំ ខណៈហ្វេនជាច្រើនបានកំពុងព្រួយបារម្ភអំពីសុខភាពរបស់លោកនៅពេលឃើញរូបលោកមានទឹកមុខស្លេកស្លាំង និងហត់នឿយនៅក្នុងកញ្ចក់ទូរទស្សន៍។ បន្ទាប់ពីលែងលះប្រពន្ធ Ahn Jae Hyun បានធ្លាក់ខ្លួនមានជំងឺផ្លូវចិត្ត ហើយអាជីពសិល្បៈរបស់លោកក៏រងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ ដោយសាររឿងអាស្រូវនៃការលែងលះធ្វើឱ្យអ្នកគាំទ្រមួយចំនួនបានពហិកាស្នើសុំដកខ្លួនលោកចេញពីគម្រោងភាពយន្ត និងកម្មវិធីទូរទស្សន៍ មិនតែប៉ុណ្ណោះម៉ាកយីហោល្បីៗជាច្រើនក៏លុបកិច្ចសន្យារបស់ពួកគេដែរ។
ដោយគ្មានការងារធ្វើជាយូរមកហើយ Ahn Jae Hyun ប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុហើយត្រូវខ្ចីប្រាក់ធនាគារដើម្បីគ្របគ្រងការចំណាយក្នុងការរស់នៅ ខណៈសព្វថ្ងៃលោកមិនមានប្រាក់សន្សំក្នុងគណនីរបស់លោកនោះទេ។ ដូច្នេះបច្ចុប្បន្នតារាប្រុសរូបនេះត្រូវសន្សំសំចៃប្រាក់តាមដែលអាចធ្វើទៅបាន ដោយលោកតែងតែអនុវត្តទម្លាប់ធ្វើម្ហូបនៅផ្ទះ ជិះឡានថោកៗ ទិញខោអាវជជុះតាមផ្សារ។ លើសពីនេះលោកក៏តែងតែរក្សាសំបកកំប៉ុងដែលប្រើប្រាស់រួច ឬរើសកំប៉ុងតិចតួចដើម្បីយកទុកលក់អេតចាយផងដែរ៕










