ដូចដែលយើងបានដឹងហើយថាកាលពីថ្ងៃទី ២១ ខែឧសភាម្សិលមិញនេះ គឺមានឧបទ្ទវហេតុដ៏រន្ធត់មួយកើតឡើង ខណៈដែលយន្តហោះដឹកអ្នកដំណើរ Singapore Airlines បង្ខំចិត្តចុះចតនៅថៃភ្លាមៗដោយសារអាកាសធាតុប្រែប្រួលនិងមានបញ្ហាសម្ពាធខ្យល់បុកខ្លាំងក្នុងអំឡុងពេលហោះហើរបង្កឱ្យមានភាពចលាចលពេញយន្តហោះ បណ្តាលឱ្យមនុស្សម្នាក់ស្លា.ប់ និងជាច្រើននាក់ទៀតរងរបួស។ យោងតាមរបាយការណ៍យន្តហោះនេះគឺធ្វើដំណើរចេញពីទីក្រុងឡុងដ៍ ទៅប្រទេសសិង្ហបុរី ដោយនៅក្នុងវីដេអូគេបានឃើញថាសម្ភារៈជាច្រើននៅក្នុងយន្តហោះបានធ្លាក់ខ្ចាត់ខ្ចាយពេញទាំងអស់ ហើយសម្ភារៈខ្លះទៀតបានធ្លាក់ពីផ្នែកខាងលើចុះមកក្រោម។ ក្រៅពីនេះ នៅលើដំបូលមានស្នាមប្រឡាក់ពណ៌ក្រហមជាច្រើនចំណុចស្រដៀងនឹងឈាមទៀតផង។ 
ទោះជាយ៉ាងណាដោយសារករណីនេះកើតឡើងញឹកញាប់ពេក ក៏មានសំណួរសួរថា តើត្រូវធ្វើដូចម្តេចដើម្បីការពារខ្លួនពីគ្រោះ.ថ្នាក់ នៅពេលយន្តហោះជួបនឹងភាពចលាចល? លោក John Strickland អ្នកជំនាញអាកាសចរណ៍នៅចក្រភពអង់គ្លេសបាននិយាយថា ដើម្បីការពារខ្លួនពីគ្រោះ.ថ្នាក់ នៅពេលយន្តហោះជួបនឹងភាពចលាចលបែបនេះ គឺអ្នកត្រូវតែពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច ដែលនេះគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីកាត់បន្ថយហានិភ័យនៃការរងរបួសដែលបណ្តាលមកពីភាពច្របូកច្របល់ពេលកំពុងហោះហើរ។ លោក John បន្តថាក្រុមហ៊ុនអាកាសចរណ៍ទាំងអស់គួរតែណែនាំអ្នកដំណើរឱ្យពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពពេញជើងហោះហើរ ទោះបីជាភ្លើងខ្សែក្រវាត់សុវត្ថិភាពនៅលើយន្តហោះត្រូវបានបិទក៏ដោយ ក៏អ្នកដំណើរគួរតែពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពរបស់ពួកគេ។
លោកក៏បានបន្ថែមទៀតថា ឧបទ្ទវហេតុខាងលើដែលបានធ្វើឱ្យមនុស្សជាច្រើនរងរបួសគឺដោយសារអ្នកដំណើរមួយចំនួនធំមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវដែលនេះគឺជាមូលហេតុធ្វើឱ្យពួកគេមានគ្រោះថ្នាក់។ យោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) ខ្សែក្រវ៉ាត់សុវត្ថិភាពនៅលើយន្តហោះគឺអាចរក្សាសុវត្ថិភាពអ្នកដំណើរនៅពេលអង្គុយក្នុងដំណាក់កាលសំខាន់ៗនៃការហោះហើរ (ដូចជាការហោះហើរ និងការចុះចត) និងនៅពេលដែលមានភាពច្របូកច្របល់៕










