យោងតាមប្រភពសារព័ត៌មានថៃ បានឲ្យដឹងកាលពីថ្ងៃទី ២១ ខែឧសភានេះថា អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីទម្លាយលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលសម្រេចអនុម័តដោយនាយកដ្ឋានវិចិត្រសិល្បៈនិងក្រសួងវប្បធម៌ថៃ ដោយបានលើកឡើងថា ប្រទេសថៃនឹងប្រគល់វត្ថុបុរាណចំនួន២០មកកម្ពុជាវិញ។.jpg)
យោងតាមការលើកឡើងរបស់មន្តី្រថៃបានឲ្យដឹងថា កាលពីឆ្នាំ ២០០០ នាយកដ្ឋានគយថៃបានរឹបអូសវត្ថុបុរាណខ្មែរចំនួន ៤៣ មុខ ដែលបាននាំចូលដោយខុសច្បាប់ពីប្រទេសសិង្ហបុរី។ បន្ទាប់មកអំឡុងឆ្នំាំ២០០៩ និង២០១៥ ថៃក៏បានត្រួតពិនិត្យនិងប្រគល់វត្ថុបុរាណទាំងនោះ ចំនួន ២៣មុខមកកាន់កម្ពុជា ហើយនៅសល់២០មុខទៀតដែលបានបន្តរក្សាទុកនៅក្នុងប្រទេសថៃ។ 
ទោះជាយ៉ាងណា អំឡុងពេលមុន វត្ថុបុរាណដែលសេសសល់ទាំង២០មុខទៀតនោះ ក្រសួងវប្បធម៌ថៃ មិនអាចកំណត់អត្តសញ្ញាណបាននៅឡើយនោះទេថាវាមានប្រភពមកពីប្រទេសថៃឬក៏កម្ពុជា។ ទើបខាងភាគីថៃបានជូនដំណឹងមកកាន់ប្រទេសកម្ពុជា ប្រសិនបើបានមានភស្តុតាងនិងឯកសារបញ្ជាក់គ្រប់គ្រាន់ថាវត្ថុបុរាណទាំង២០នោះជារបស់កម្ពុជា ខាងថៃនឹងប្រគល់ជូនវិញ។ បន្ទាប់ពីកម្ពុជារៀបចំដំណើរការឯកសារស្នើសុំនិងមានភស្តុតាងគ្រប់គ្រាន់ហើយ ក៏បានបញ្ជាក់ថាវត្ថុបុរាណចំនួន២០នោះពិតជាមានដើមកំណើតនៅកម្ពុជាពិតមែន។ ដូច្នេះហើយ ទើបក្រសួងវប្បធម៌ថៃសម្រេចប្រគល់វត្ថុបុរាណចំនួន២០មកកម្ពុជាវិញ។
គួរបញ្ជាក់ថា វត្ថុបុរាណទាំង២០នោះ រួមមាន៖
១. ចម្លាក់ព្រះពោធិសត្វអវលោកេស្វរៈ រចនាប័ទ្មបាយ័ន្ត
២. ព្រះពុទ្ធរូប រចនាប័ទ្មបាយ័ន្ត
៣. ទេវរូបរចនាប័ទ្មបាយ័ន្ត
៤. ទេវរូប រចនាប័ទ្មអង្គរវត្ត
៥. ព្រះពុទ្ធរូប អភ័យមុទ្រៈ រចនាប័ទ្មបាយ័ន
៦. ទេវរូបរចនាប័ទ្មអង្គរវត្ត
៧. កញ្ចាំងរូបទ្វារបាល រចនាប័ទ្មបាពួន-អង្គរវត្ត
៨. កញ្ចាំងរូបទ្វារបាល រចនាប័ទ្មបាពួន
៩. កញ្ចាំងរូបទ្វារបាល រចនាប័ទ្មបាពួន
១០. កញ្ចាំងរូបឥសី រចនាប័ទ្មអង្គរវត្ត
១១. កញ្ចាំងរូបទ្វារបាល រចនាប័ទ្មបាពួន-អង្គរវត្ត
១២. កញ្ចាំងរូបឥសី រចនាប័ទ្មបាពួន-អង្គរវត្ត
១៣. កញ្ចាំងរូប ព្រះឥន្ទ្រគង់ដំរី រចនាប័ទ្មបាពួន-អង្គរវត្ត
១៤. កញ្ចាំងរូបឥសី រចនាប័ទ្មបាពួន
១៥. កញ្ចាំងរូបព្រះយម គង់ក្របី រចនាប័ទ្មបាពួន
១៦. កញ្ចាំងរូបព្រះភិរុណ គង់ហង្ស រចនាប័ទ្មបាពួន
១៧. នាគចែង រូបគ្រុឌចាប់នាគ រចនាប័ទ្មបាពួន-អង្គរវត្ត
១៨. នាគចែង រូបគ្រុឌចាប់នាគ រចនាប័ទ្មបាពួន-អង្គរវត្ត
១៩. កញ្ចាំងរូបទេពស្ត្រី រចនាប័ទ្មបាពួន-អង្គរវត្ត
២០. កញ្ចាំងរូបទេពស្ត្រី រចនាប័ទ្មបាពួន-អង្គរវត្ត៕.jpg)











