ប្រទេសតួកគី ៖ Mamamatiks គឺជាទូរសម្រាប់ឱ្យពលរដ្ឋរស់នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ទម្លាក់ដបផ្លាស្ទិកដែលពួកគេលែងប្រើប្រាស់ ដើម្បីទទួលបានអាហារ និងទឹកសម្រាប់ឆ្កែ និងឆ្មាអនាថារស់នៅក្នុងទីក្រុង ។ លើសពីនេះ ការដាក់ទូរ Mamamatiks នៅតាមទីសាធារណៈ គឺជាការជំរុញឱ្យពលរដ្ឋតួកគីបោះចោលសម្ភារៈផ្លាស្ទិកបានត្រឹមត្រូវដើម្បីយកទៅកែច្នៃប្រើប្រាស់ឡើងវិញ និងជួយសម្អាតបរិស្ថានផងដែរ ។
សត្វឆ្កែ និងឆ្មាគ្មានម្ចាស់ ឬសត្វអនាថា គឺជាបញ្ហាមួយកើតឡើងនៅតាមបណ្តាទីក្រុងធំៗលើពិភពលោក ហើយទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ក៏បានប្រឈមនឹងបញ្ហានេះដែរ ។ ទីក្រុងអ៊ីស្តង់ប៊ុល មានឆ្កែ និងឆ្មាអនាថា រហូតដល់ជាង១៥ម៉ឺនក្បាលឯណោះរស់នៅតាមដងផ្លូវនានា ហើយពួកវាត្រូវស្វែងរកចំណីអាហារស៊ីដោយខ្លួនឯង ។
នៅពេលមើលឃើញបញ្ហានេះ ក្រុមហ៊ុន Pugedon ក៏បានបង្កើតឧបករណ៍ដ៏ទំនើបមួយ ហើយឧបករណ៍នេះមិនត្រឹមតែជួយឱ្យឆ្កែ និងឆ្មាអនាថាទាំងអស់មានអាហារ និងទឹកផឹកគ្រប់គ្រាន់ប៉ុណ្ណោះទេ ប៉ុន្តែឧបករណ៍នេះក៏អាចជួយប្រមូលសម្ភារៈផ្លាស្ទិកមកកែច្នៃឡើងវិញ ព្រមទាំងបណ្តុះគំនិតឱ្យពលរដ្ឋតួកគីមានចិត្តអាណិតសត្វផងដែរ ។
ក្រុមហ៊ុន Pugedon បានផលិតទូរឈ្មោះថា Mamamatiks មានន័យថា ទូរសម្រាប់ចុចយកអាហារឱ្យសត្វ ។ រីឯចំណុចពិសេស គឺគេអាចទម្លាក់ដបផ្លាស្ទិកចូលទៅក្នុងទូរជំនួសកាក់ បន្ទាប់មក ចំណីអាហារសត្វ និងទឹកនឹងធ្លាក់ចូលក្នុងចាននៅផ្នែកខាងក្រោម ។ វាជាវិធីមួយជួយឱ្យសត្វឆ្កែ និងឆ្មាអនាថាក្នុងទីក្រុងនេះបានស៊ីឆ្អែត ហើយក៏ជាការប្រមូលសំរាមសម្រាប់កែច្នៃឡើងវិញ ។
Mehmet Akay ជានាយកក្រុមហ៊ុន Pugedon និយាយថា ការបិទប្រទេសក្នុងអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត បានធ្វើឱ្យសត្វអនាថាពិបាករកអាហារស៊ី ជាពិសេស កូនៗរបស់ពួកវាតែងតែឈឺ ព្រោះមិនអាចរកទឹក និងអាហារគ្រប់គ្រាន់ ។ ហេតុនេះ ទើបក្រុមហ៊ុនបង្កើតទូរផ្តល់អាហារដោយស្វ័យប្រវត្តិ ដើម្បីដោះស្រាយបញ្ហាខាងលើ ហើយក្រុមហ៊ុនបានសម្លឹងឃើញវែងឆ្ងាយ គឺចង់ឱ្យពលរដ្ឋយល់ដឹងពីបញ្ហាសំរាមផ្លាស្ទិកដែលប្រទេសនានាលើពិភពលោកកំពុងប្រឈម ។
នាយកក្រុមហ៊ុន Pugedon បន្តថា ៖ «គម្រោងនេះមានគោលបំណងផ្តល់អាហារដល់សត្វអនាថានៅតាមផ្លូវ ហើងយើងចង់បណ្តុះគំនិតឱ្យពលរដ្ឋចេះស្រឡាញ់បរិស្ថាន និងសត្វ ជាពិសេស ក្រុមយុវវ័យ ។ យើងជឿថា ទូរ Mamamatiks ជាភស្តុតាបញ្ជាក់ថា យើងធ្វើបានជោគជ័យ» ។
លោកបន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនបានដាក់ទូរ Mamamatiks សរុបចំនួន៥៥ទូរ នៅទីក្រុងអ៊ីស្តង់ប៊ុល និងដាក់២០ទូរទៀតនៅតាមទីក្រុងផ្សេងៗ ។ សត្វអនាថាទាំងឡាយចាប់ផ្តើមស្គាល់ទូរនេះហើយ ហើយពួកវាដឹងថា តើត្រូវទៅកន្លែងណាពេលពួកវាឃ្លានបាយ ឬស្រេកទឹក ។ ក្រៅពីនេះ នាយកក្រុមហ៊ុនក៏បានសង្កត់ធ្ងន់លើការកាត់បន្ថយសំរាមផងដែរ ។
លោកបញ្ជាក់ថា ៖ «យើងត្រូវចំណាយពេលរាប់រយឆ្នាំ ទើបដបផ្លាស្ទិកអាចរលាយតាមធម្មជាតិ ខណៈវាបង្កជាតិពុលដល់បរិស្ថានយ៉ាងខ្លាំង ។ ដូច្នេះ យើងអាចប្រមូលដបផ្លាស្ទិកទាំងនេះដាក់ក្នុងទូរ និងឱ្យឆ្កែ-ឆ្មាបានស៊ីឆ្កែត ល្អជាងបោះចោលសំរាមផ្លាស្ទិកពាសពេញទីក្រុង» ។
គំនិតល្អជួយដល់សង្គមរបស់ក្រុមហ៊ុន Pugedon ដែលចង់ទទួលបានប្រយោជន៍ពីទូរផ្តល់អាហារដល់សត្វ គឺមិនត្រឹមតែអាចជួយសង្គ្រោះសត្វអនាថាប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចកាត់បន្ថយសំរាមផ្លាស្ទិកដែលជាបញ្ហាធំក្នុងតំបន់ជាច្រើនលើពិភពលោក ៕










