នៅឆ្នាំ ២០៥០ មនុស្សទាំងអស់នៅជុំវិញពិភពលោកនឹងមានអាយុវែងជាងមុន ដោយសារភាពជឿនលឿន និងភាពរីកចម្រើននៃការវិវឌ្ឍន៍វិធានការសុខភាពសាធារណៈ ដែលវិធានការទាំងនេះបានជួយការពារ និងកែលម្អអត្រារស់រានមានជីវិតពីជំងឺសរសៃឈាមបេះដូង កូវីដ-១៩ ជំងឺឆ្លងតាមរយៈមាតាទៅទារក និងជំងឺអាហារូបត្ថម្ភជាច្រើនប្រភេទទៀត។ នេះបើយោងតាមលោកវេជ្ជបណ្ឌិត Chris Murray នាយកវិទ្យាស្ថានសម្រាប់ការវាស់វែងនិងវាយតម្លៃសុខភាព (IHME) នៅសាកលវិទ្យាល័យវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) ដែលជាអង្គភាពឈានមុខគេនៃ GBD បានឱ្យដឹងថា អាយុសង្ឃឹមរស់សកលអាចកើនឡើងពី ៧៣.៦ ឆ្នាំក្នុងឆ្នាំ ២០២២ ដល់ ៧៨.១ ឆ្នាំក្នុងឆ្នាំ ២០៥០ បើគិតតាមយេនឌ័របុរសទំនងជាមានអាយុវែងជាងស្ត្រី។
យោងតាមទិន្នន័យ ការកើនឡើងនេះនឹងមានច្រើនជាងគេនៅក្នុងប្រទេសដែលមានអាយុសង្ឃឹមរស់ទាបដូចជានីហ្សេរីយ៉ា ស៊ូម៉ាលី និងអាហ្គានីស្ថាន…ដែលរួមចំណែកដល់ការបង្កើនអាយុសង្ឃឹមរស់នៅទូទាំងតំបន់ភូមិសាស្ត្រធំៗ។ យោងតាមលោកវេជ្ជបណ្ឌិត បាននិយាយថា នេះគឺជាសញ្ញាដ៏ល្អមួយ ទោះបីជាវិសមភាពសុខភាពរវាងតំបន់ដែលមានប្រាក់ចំណូលខ្ពស់បំផុត និងទាបបំផុតនៅតែមានគម្លាតក៏ដោយ ក៏នៅឆ្នាំ ២០៥០ ប្រទេសដែលមានចំណូលទាបអាចនឹងអភិវឌ្ឍជឿនលឿនបន្តិចនៃវិធានការសុខភាពសាធារណៈ ដែលអាចធ្វើឱ្យប្រជាជននៅតំបន់សាហារ៉ាអាហ្វ្រិក ទំនងជាមានអាយុសង្ឃឹមរស់ឡើងលឿន។
ទោះជាយ៉ាងណាក៏ដោយ ការបរិភោគអាហារមិនត្រឹមត្រូវ ផឹកទឹកមិនស្អាត និងការជក់បារី ផឹកស្រា ដែលបណ្តាលឱ្យធាត់និងលើសសម្ពាធឈាម ក៏នៅតែបន្តជាហេតុធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយ បង្កឱ្យមានជំងឺស្ទះសួតរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម ជំងឺមហារីក ដែលនេះនៅតែជាកត្តាហានិភ័យដល់មនុស្សជំនាន់ក្រោយ។ សម្រាប់ហេតុផលនេះ ជំងឺបេះដូង ischemic ត្រូវបានគេរំពឹងថានឹងនៅតែជាមូលហេតុនាំមុខគេនៃការស្លាប់ទូទាំងពិភពលោករហូតដល់ឆ្នាំ ២០៥០ បន្ទាប់មកគឺជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD)។
ក្រៅពីនេះទោះបីជាការកើនឡើងនៃអាយុ ៤.៩ ឆ្នាំចំពោះបុរស និង ៤.២ ឆ្នាំចំពោះស្ត្រីក្នុងកំឡុងឆ្នាំ ២០២២-២០៥០ គឺពិតជាគួរឱ្យចាប់អារម្មណ៍ក៏ដោយ ក៏ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ការធ្វើឱ្យប្រសើរឡើងនេះនៅតែយឺតជាងបីទសវត្សរ៍មុនការរីករាលដាលនៃ COVID-19 ។ ការសម្រេចបានអាយុវែងដែលមានសុខភាពល្អក៏ជាបញ្ហាប្រឈមដ៏សំខាន់ផងដែរ នៅពេលដែលបន្ទុកនៃជំងឺបន្តផ្លាស់ប្តូរពី CMNN ទៅ NCD ឆ្នាំដែលបាត់បង់ដោយសារតែការស្លាប់មុនអាយុក៏ប្រែទៅជាឆ្នាំដែលរស់នៅជាមួយពិការ។ នេះមានន័យថា មនុស្សជាច្រើននឹងរស់នៅបានយូរ ប៉ុន្តែមិនមានសុខភាពល្អ មានគុណភាពជីវិតទាប និងបន្ថែមបន្ទុកសុខភាពទាំងមូល៕










