ប្រទេសចិន ៖ បច្ចុប្បន្ន បច្ចេកវិទ្យាកាន់តែរីកចម្រើនខ្លាំង ហើយប្រទេសភាគច្រើនលើពិភពលោក បានប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងផ្នែកផ្សេងៗដើម្បីជាជំនួយដល់ការងាររបស់មនុស្ស និងបង្កើនប្រសិទ្ធភាពផងដែរ ។ នៅជម្រាលភ្នំមួយកន្លែងក្នុងខេត្ត Shaanxi ប្រទេសចិន គេបានឃើញមន្ត្រីថែរក្សាព្រៃឈើយកដ្រូនមកប្រើប្រាស់ ដើម្បីជួយសម្រាលកម្លាំងមនុស្ស និងឆាប់រហ័សជាងមុន ។
នៅស្រុកជៀនសៀន ខេត្ត Shaanxi ដែលមានទីតាំងនៅជិតទន្លេលឿង មន្ត្រីថែរក្សាព្រៃឈើបានប្រើប្រាស់ដ្រូនដឹកជញ្ជូនកូនឈើទៅកាន់ជម្រាលភ្នំនៅឆ្ងាយៗ ដើម្បីបង្កើតតំបន់ពណ៌បៃតង ខណៈជម្រាលភ្នំទាំងនេះសម្បូរទៅដោយថ្មជាច្រើន ។ ហេតុនេះ ការដាំកូនឈើនៅតាមជម្រាលភ្នំ លែងពិបាកដូចមុនទៀតហើយ ថែមទាំងអាចកាត់បន្ថយការចំណាយកម្លាំងមនុស្ស និងដើមទុនទៀតផង ។
ចំណែកការដាំកូនឈើបែបបុរាណ គេត្រូវប្រើប្រាស់កម្មករឱ្យជញ្ជូនកូនឈើឡើងទៅលើភ្នំ ដែលត្រូវចំណាយពេលធ្វើដំណើរប្រមាណកន្លះម៉ោង និងប្រឈមមុខជាមួយគ្រោះថ្នាក់ផ្សេងៗ ។ ហេតុនេះ មន្ត្រីថែរក្សាព្រៃឈើបានងាកមកប្រើប្រាស់ដ្រូនសម្រាប់ជញ្ជូនកូនឈើទៅកាន់ជម្រាលភ្នំនៅឆ្ងាយៗពីគ្នា ។ មន្ត្រីថែរក្សាព្រៃឈើម្នាក់និយាយថា ការបញ្ជាដ្រូនសម្រាប់យកកូនឈើនៅដាំតាមជម្រាលភ្នំ គឺប្រើប្រាស់រយៈពេលខ្លី និងកាត់បន្ថយការនឿយហត់ ។
មន្ត្រីប្រចាំស្រុកជៀនសៀន បានប្រើប្រាស់ដ្រូនចំនួន១២គ្រឿង សម្រាប់ធ្វើជាជំនួយក្នុងការដាំកូនឈើយ៉ាងមានប្រសិទ្ធភាព ។ Ren Feilin គឺជាមន្ត្រីថែរក្សាព្រៃឈើជាន់ខ្ពស់មកពីនាយកដ្ឋានព្រៃឈើ និងវាលស្មៅប្រចាំស្រុកជៀនសៀន និយាយថា បច្ចេកវិទ្យាដាំកូនឈើដោយដ្រូនអាចជួយកាត់បន្ថយការខូចខាតកូនឈើក្នុងពេលដឹកជញ្ជូន ។ កាលពីមុន យើងបានប្រើប្រាស់កម្មករឱ្យជញ្ជូនកូនឈើយកទៅដាំ គឺកូនឈើខូចខាតអស់ចាប់ពី៥០% ទៅ៦០% ប៉ុន្តែពេលនេះ ការប្រើប្រាស់ដ្រូនជញ្ជូនកូនឈើ ឃើញថា ឆាប់រហ័ស ហើយកូនឈើភាគច្រើនពុំខូចខាត ។
បច្ចុប្បន្ន មានស្រុកចំនួន៨ របស់ខេត្ត Shaanxi បានយកដ្រូនចំនួន៧០គ្រឿង មកប្រើប្រាស់ក្នុងការដាំកូនឈើស្មើជាង១លាន៧សែនដើម នៅតាមជម្រាលភ្នំខ្ពស់ៗ ដែលសម្បូរទៅដោយថ្ម និងខ្សោះជីវជាតិ ។

Zhang Peiqian ជាអនុប្រធាននាយកដ្ឋានព្រៃឈើ និងវាលស្មៅប្រចាំស្រុកជៀនសៀន និយាយថា ការប្រើប្រាស់ដ្រូនក្នុងការដាំកូនឈើបានជួយកាត់បន្ថយគ្រោះថ្នាក់ដល់កម្មករ ហើយកូនឈើមានសភាពល្អដូចដើម ។ លើសពីនេះ វាក៏បានជួយកាត់បន្ថយការចំណាយដើមទុនផងដែរ គឺថ្លៃដឹកជញ្ជូនកូនឈើថោកជាងមុន ចាប់ពី២យាន់ ទៅ៣យាន់ (ឬថោកជាងមុន ចាប់ពី១ពាន់រៀល ទៅ១ពាន់៥រយរៀល) ។ ដូច្នេះ ការប្រើប្រាស់ដ្រូនក្នុងវិស័យកសិកម្ម ពិតជាមានគុណសម្បត្តិសម្រាប់បរិស្ថាន និងសេដ្ឋកិច្ចជាតិ ហើយបានប្រែក្លាយជម្រាកភ្នំថ្មទៅជាតំបន់ព្រៃឈើពណ៌បៃតង ៕










