ប្រទេសឥណ្ឌូណេស៊ី ៖ ជនជាតិភាគតិចជាច្រើននៅប្រទេសឥណ្ឌូណេស៊ីនៅតែបន្តគោរពប្រពៃណីបុរាណពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេស ជនជាតិភាគតិច Toraja ដែលរស់នៅតំបន់ភ្នំភាគខាងត្បូងកោះស៊ូឡាវ៉េស៊ី ។ ពិធីមួយល្បីល្បាញបំផុតរបស់ពួកគេ គឺការជីកសាកស.ព សមាជិកគ្រួសារមកធ្វើពិធីបុណ្យជារៀងរាល់ឆ្នាំ ប៉ុន្តែនៅមានពិធីមួយទៀតប្លែកពីនេះ គឺការបញ្ចុះសាកស.ព ទារកក្នុងដើមឈើ (ឬហៅថា Kambira Baby Grave) ។
ជនជាតិភាគតិច Toraja ហៅពិធីនេះថា «ផ្នូរទារក Kambira Baby Grave» ស្ថិតនៅតំបន់ Tana Toraja ប្រទេសឥណ្ឌូណេស៊ី និងស្ថិតនៅឆ្ងាយពីទីក្រុងម៉ាខាឡេ ប្រមាណ១០គីឡូម៉ែត្រ ។ វាជាទីកន្លែងដែលពួកគេយកសាកសពទារកមករុំដោយក្រណាត់ត្បាញពីសរសៃឈើ និងយកទៅកប់ក្នុងដើមឈើឈ្មោះថារ៉ា ដែលគេបានរៀបចំរួចហើយ បន្ទាប់មក ក៏បិទទ្វារឈើ ។
ថារ៉ា គឺជាដើមឈើមានទំហំធំ និងសម្បូរជ័រច្រើន ហើយជនជាតិភាគតិច Toraja ហៅដើមឈើនេះថា ដើមឈើទឹកដោះម្តាយ ។ រីឯផ្នែកខាងក្នុងដើមឈើដែលគេបញ្ចុះសាកសពទារក គឺចាត់ទុកថា ទារកនោះបានត្រឡប់ទៅរស់នៅក្នុងផ្ទៃម្តាយវិញ ។ គេមានជំនឿថា នឹងអាចជួយឱ្យដួងព្រលឹងទារកបានរស់នៅទីស្ងប់សុខ ហើយរយៈពេលជាច្រើនឆ្នាំ សាច់ឈើនឹងមានសភាពល្អឡើងវិញ ខណៈរាងកាយទារកនឹងរលាយក្នុងដើមឈើត្រឡប់ទៅរកធម្មជាតិ ។
ដើមឈើថារ៉ា ១ដើម អាចឱ្យគេបញ្ចុះសាកសពទារករហូតដល់១២សព ហើយកន្លែងបញ្ចុះសពនេះ គឺជាការបញ្ជាក់អំពីឋានៈក្រុមគ្រួសារទារកផងដែរ ។ បើគេបញ្ចុះសពទារកក្នុងដើមឈើកាន់តែខ្ពស់បញ្ជាក់ថា ទារកនេះមកពីក្រុមគ្រួសារមានទ្រព្យសម្បត្តិច្រើន ឬក្រុមគ្រួសារមានឋានៈខ្ពង់ខ្ពស់ ។
ជនជាតិភាគតិច Toraja មានជំនឿដ៏ស្មុគស្មាញពាក់ព័ន្ធនឹងការស្លាប់ ដោយពួកគេជឿថា ការស្លាប់មិនមែនជាចំណុចចុងបញ្ចប់នៃជីវិតទេ ប៉ុន្តែវាជាការផ្លាស់ប្តូរទៅរកជីវិតថ្មីមួយទៀត ។ ហេតុនេះ កូនចៅ ឬគ្រួសារអាចមកសួរសុខទុក្ខអ្នកស្លាប់ពេលណាក៏បាន ។
លើសពីនេះ ជនជាតិភាគតិច Toraja មានជំនឿថា អ្នកស្លាប់ត្រូវតែទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីឱ្យកូនចៅរស់នៅមានសេចក្តីសុខលើពិភពលោកនេះ ។ ការរៀបចំពិធីបុណ្យសពនៅទីនេះមានសភាពល្អិតល្អន់ ហើយបុណ្យសពនីមួយៗបានរៀបចំជាច្រើនថ្ងៃ ឬច្រើនសប្តាហ៍ ។
ផ្នូរទារក Kambira Baby Grave គឺជាអត្តសញ្ញាណដ៏សំខាន់របស់វប្បធម៌ជនជាតិភាគតិច Toraja និងជាទីកន្លែងដែលពួកគេនឹករលឹកដល់អ្នកបានស្លាប់ទៅ ។ លើសពីនេះ ផ្នូរទារកជាកន្លែងផ្តល់កិត្តិយសដល់អ្នកស្លាប់ដែលគ្រួសារស្រឡាញ់ខ្លាំង និងជាការដាស់តឿនពីជំនឿពាក់ព័ន្ធនឹងជីវិតថ្មីបន្ទាប់ពីការស្លាប់ ៕










