ចេះស្រែកអីតែមនុស្ស សូម្បីរុក្ខជាតិក៏ចេះស្រែកដែរគ្រាន់តែយើងមិនអាចឮសំឡេងវាដោយផ្ទាល់បាន។ នេះបើយោងតាមការសិក្សាថ្មីមួយរបស់អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Tel Aviv ក្នុងប្រទេសអ៊ីស្រាអែល បាននិយាយថា រុក្ខជាតិទាំងអស់នៅលើផែនដីសុទ្ធតែចេះស្រែក នៅពេលដែលវាដុះពន្លក ឬនៅពេលដែលមនុស្សបានប៉ះពាល់វា។ ដូច្នេះដើម្បីដឹងថា រុក្ខជាតិបញ្ចេញសំឡេងយ៉ាងដូចម្តេច អ្នកវិទ្យាសាស្ត្រក៏បានប្រើប្រាស់ឧបករណ៍ថតសំឡេង ដើម្បីចាប់យកសំឡេងរបស់រុក្ខជាតិ “ស្រែក” នៅពេលប្រមូលផល។
អ្នកវិទ្យាសាស្ត្របាននិយាយថា សំឡេងស្រែករបស់រុក្ខជាតិគឺមិនដូចសំឡេងស្រែករបស់មនុស្សទេ ប៉ុន្តែជាសំឡេងលោតស្រាលៗស្ថិតក្នុងប្រេកង់ ultrasonic ដែលវាពិបាកក្នុងការស្តាប់ដោយផ្ទាល់ ដោយសារសំឡេងរុក្ខជាតិគឺមានកម្រិតស្រាលខ្លាំងមែនទែន ប៉ុន្តែសម្រាប់សត្វវិញគឺអាចស្តាប់សំឡេងរបស់ពួកវាបាន ព្រោះរុក្ខជាតិមានអន្តរកម្មជាមួយសត្វល្អិត និងសត្វដទៃទៀតគ្រប់ពេលវេលា ហើយសារពាង្គកាយទាំងនេះជាច្រើនប្រើសំឡេងសម្រាប់ការប្រាស្រ័យទាក់ទងគ្នា ដូច្នេះវាពិតជាសមស្របបំផុតសម្រាប់រុក្ខជាតិក្នុងការបញ្ចេញសំឡេងឱ្យសត្វឮ ប្រៀបដូចមនុស្សយើងអាចស្តាប់សំឡេងសត្វអញ្ចឹងដែរ។ 
បើយោងតាមការសិក្សាដែលចុះផ្សាយក្នុងទស្សនាវដ្តី Cell ក៏បានឱ្យដឹងដែរថា នៅពេលដែលរុក្ខជាតិបញ្ចេញសំឡេងគឺវាចង់បង្ហាញឱ្យយើងឃើញថា រុក្ខជាតិគឺកំពុងស្ថិតនៅក្រោមភាពតានតឹង គ្រោះរាំងស្ងួត ការឆ្លងមេរោគ ឬនៅពេលវាចុះខ្សោយ។ អ្វីដែលសំខាន់ជាងគេនោះ គឺអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា រុក្ខជាតិកាលណាដែលវាស្ត្រេសគឺវានឹងស្រែកហើយ ហើយរុក្ខជាតិដែលមានសុខភាពល្អវានឹងបញ្ចេញសំឡេងស្រាលៗ។ ដូច្នេះវាទំនងដែរថា រុក្ខជាតិនៅក្នុងផ្ទះរបស់អ្នកក៏អាចកំពុងនិយាយជាមួយអ្នកផងក៏មិនដឹង ប៉ុន្តែរុក្ខជាតិនៅប្រេកង់ខ្ពស់ពេក ដូចនេះត្រចៀករបស់មនុស្សមិនអាចចាប់រលកសំឡេងរបស់ពួកវាបានទេ៕










