បរទេស៖ ជឿថាប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់នៅម៉ូដែលទូរស័ព្ទ Nokia 3210 ដែលធ្លាប់បានបង្ហាញខ្លួនកាលពី ២៥ ឆ្នាំមុនគឺជាម៉ូដែលទូរស័ព្ទដែលទទួលបានជោគជ័យបំផុតរបស់ក្រុមហ៊ុនហ្វាំងឡង់ជាមួយនឹងការលក់បាន ១៦០ លានគ្រឿង។ ទោះជាយ៉ាងណាទូរស័ព្ទនេះក៏បានបាត់ខ្លួនទៅវិញ បន្ទាប់ពីមានផលិតផលស្មាតហ្វូនទំនើបៗជាច្រើនផ្ទុះឡើង។
Nokia 3210 ត្រូវបានផលិតឡើងដំបូងនៅឆ្នាំ ១៩៩៩ ប៉ុន្តែដោយសារកំណើននៃផលិតផលថ្មីៗលេចឡើងនិងមានភាពលេចធ្លោរជាង Nokia 3210 ក៏បានបាត់ខ្លួន។ បន្ទាប់ពីបាត់មុខអស់រយៈពេល ២៥ ឆ្នាំកន្លងមក ម៉ូដែលចំណាស់នេះក៏បានលេចមុខសារជាថ្មីម្តងទៀតជាមួយបច្ចេកវិទ្យាដ៏ទំនើបនិងទាន់សម័យបំផុត ដែលក្រុមហ៊ុន HMD Global ទើបតែបានប្រកាសកាលពីពេលថ្មីៗនេះ។
យោងតាមក្រុមហ៊ុន Nokia 3210 ឆ្នាំ ២០២៤ គឺមានការរចនាស្ដើងជាងមុន ជាមួយនឹងប្រព័ន្ធគន្លឹះរុករកត្រូវបានជំនួសដោយប៊ូតុងជាច្រើន ដែលឧបករណ៍នេះក៏មានកាមេរ៉ាខាងក្រោយទំហំ ២ មេហ្គាភិចសែល និងប្រើប្រាស់រន្ធ USB-C ផងដែរ។ បើនិយាយពីការកំណត់រចនាសម្ព័ន្ធវិញ Nokia 3210 ថ្មីនេះក៏ត្រូវបានបំពាក់ដោយអេក្រង់ LCD ទំហំ 2.4 អ៊ីង ជាមួយនឹងកម្រិតភាពច្បាស់ QVGA ដំណើរការបន្ទះឈីប Unisoc T107, RAM 64 MB, អង្គចងចាំខាងក្នុង 128 MB ដែលអាចពង្រីកបានរហូតដល់ 32 GB តាមរយៈរន្ធដោតកាត microSD ។ ទូរស័ព្ទនេះគាំទ្រប៊្លូធូស 5.0 វិទ្យុ FM រន្ធដោតកាស 3.5 មីលីម៉ែត្រ និងថាមពលថ្ម 1,450 mAh ដែលអាចដកចេញបាន។ ទោះជាយ៉ាងណាសម្រាប់រូបរាងវិញគឺ Nokia 3210 ស្រដៀងគ្នានឹងកំណែមុន។ 
ផលិតផលនេះត្រូវបានចេញលក់ដំបូងដោយក្រុមហ៊ុន HMD Global នៅក្នុងទីផ្សារអឺរ៉ុបជាមួយតម្លៃ ៩០ ដុល្លារអាមេរិក។ បន្ទាប់មកកាលពីថ្ងៃទី ៨ ខែឧសភា កន្លងទៅ ផលិតផលនេះក៏បាននាំចូលមកទីផ្សារចិន ក្នុងតម្លៃ ៣៤៩ យន់ (ប្រហែល ៤៨ ដុល្លារអាមេរិក) ហើយកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយអ្នកប្រើប្រាស់ចិនជាច្រើនបានកំពុងស្វែងរកទិញ Nokia 3210 (2024)។ យោងតាម Drive China នៅលើគេហទំព័រ Weibo របស់ Nokia Mobile Phone ក្រុមហ៊ុនបានប្រកាសថាផលិតផលនេះ អស់ស្តុកហើយបន្ទាប់ពីចេញលក់បានពីរថ្ងៃ ដោយអ្នកប្រើប្រាស់ចិនមានការពេញចិត្តយ៉ាងខ្លាំងជាមួយនឹងភាពទាក់ទាញដ៏អស្ចារ្យបែបនេះ។ .jpg)
ក្រុមហ៊ុន HMD Global បាននិយាយថា ខ្លួននឹងបន្ថែមការផ្គត់ផ្គង់សម្រាប់ទីផ្សារនេះ ដើម្បីបំពេញតម្រូវការភ្លាមៗពីអ្នកប្រើប្រាស់ចិន ដូច្នេះអ្នកប្រើប្រាស់អាចបន្តទិញឧបករណ៍នេះបន្ទាប់ពីថ្ងៃទី ៣១ ឧសភា។ យោងតាម LaiTimes Nokia 3210 (2024) បានឆ្លុះបញ្ចាំងពីអារម្មណ៍នឹករលឹកចំពោះផលិតផលបុរាណ និងតម្រូវការសម្រាប់ឧបករណ៍ទំនាក់ទំនងតិចតួចបំផុតនៅក្នុងប្រទេសចិន។ គេហទំព័រនេះបានអត្ថាធិប្បាយថា “ទោះបីជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃផលិតផលបច្ចេកវិទ្យាឆ្លាតវៃក៏ដោយ ក៏ឧបករណ៍សាមញ្ញទាំងនេះ នៅតែជាតម្រូវការយ៉ាងពិសេសសម្រាប់អ្នកប្រើប្រាស់ចិន ព្រោះវាអាចប្រើបានយូរអង្វែងនិងនៅតែមានទីតាំងនៅក្នុងទីផ្សារចិន”៕










