យោងតាមរបាយការណ៍ទីក្រុងដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកឆ្នាំ ២០២៤ ដោយអ្នកឯកទេសផ្នែកចំណាកស្រុកទ្រព្យសម្បត្តិអន្តរជាតិ Henley & Partners បានលើកឡើងថា បច្ចុប្បន្ននេះនៅក្នុងប្រទេសសិង្ហបុរី មានចំនួនមហាសេដ្ឋីរហូតដល់ទៅ ២៤៤,៨០០នាក់ឯណ្ណោះ។
ប្រជាជនសឹង្ហបុរីមានត្រឹមតែជាង ៦ លាននាក់ប៉ុណ្ណោះ។ នេះមានន័យថាមនុស្សប្រហែល ៤ នាក់ក្នុងចំណោម ១០០ នាក់ដែលរស់នៅក្នុងប្រទេសសិង្ហបុរីគឺជាមហាសេដ្ឋី – ដោយនេះគឺមិនគិតពីចំនួនកំពូលមហាសេដ្ឋី (អ្នកដែលមានទ្រព្យសម្បត្តិសុទ្ធយ៉ាងហោចណាស់ ១០០ លានដុល្លារ) នៅក្នុងប្រទេសនេះនោះទេ។
យោងតាមលោក Henley & Partners បានឱ្យដឹងថា “ទីក្រុងសិង្ហបុរីបានជាប់ចំណាត់ថ្នាក់លេខ ៤ នៅលើពិភពលោក បន្ទាប់ពីការកើនឡើងដ៏គួរឱ្យកត់សម្គាល់ប្រមាណ ៦៤ ភាគរយនៃចំនួនមហាសេដ្ឋី ត្រឹមរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។
លោកបន្តទៀតថា “សិង្ហបុរីគឺជាគោលដៅកំពូលមួយលើពិភពលោកសម្រាប់ការធ្វើចំណាកស្រុករបស់មហាសេដ្ឋី។ ម៉្យាងវិញទៀត វាក៏ត្រូវបានចាត់ទុក ថាជាទីក្រុងដែលងាយស្រួលប្រកបអាជីវកម្មបំផុតនៅលើផែនដីនេះទៀតផង។ សេដ្ឋីប្រហែល ៣,៤០០ នាក់គឺបានផ្លាស់ប្តូរទៅរស់នៅទីក្រុងនេះកាលពីឆ្នាំ២០២៣ ដែលធ្វើឲ្យសិង្ហបុរីបច្ចុប្បន្ន ប្រមូលផ្តុំទៅដោយសេដ្ឋីស្នាក់នៅប្រមាណ ២៤៤,៨០០ នាក់, សេដ្ឋីប្រាក់រយលានមានប្រមាណ ៣៣៦នាក់, និងសេដ្ឋីប្រាក់ពាន់លានប្រមាណ ៣០នាក់។” 
របាយការណ៍នេះបានចុះបញ្ជីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក គឺជាទីក្រុងជាប់លេខ១ ទូទាំងពិភពលោក ដែលមានមហាសេដ្ឋីច្រើនជាងគេបំផុតចំនួន ៣៤៩,៥០០នាក់, មហាសេដ្ឋីប្រាក់រយលាន ៧៤៤នាក់ ,និងមហាសេដ្ឋី ប្រាក់ពាន់លាន ៦០នាក់ ។ 
ចំណែកចំណាត់ថ្នាក់ទី ២ បានទៅ The Bay Area សាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក មានមហាសេដ្ឋីចំនួន ៣០៥,៧០០នាក់ ,មហាសេដ្ឋីប្រាក់រយលាន ៦៧៥នាក់ និងមហាសេដ្ឋីប្រាក់ពាន់លាន ៦៨ នាក់។ ទីក្រុងតូក្យូប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ៣ មានមហាសេដ្ឋីរស់នៅ ២៩៨,៣០០នាក់ ,មហាសេដ្ឋីប្រាក់រយលាន២៦៧នាក់ និងមហាសេដ្ឋីប្រាក់ពាន់លាន១៤ នាក់) ផងដែរ៕










