ប្រទេសអង់គ្លេស ៖ វាមិនចម្លែកទេ ដែលយន្តហោះមួយចំនួនប្រកាសពន្យារពេលការហោះហើរដោយសារអាកាសធាតុ និងមានបញ្ហាបច្ចេកទេស ។ ប៉ុន្តែករណីនេះខុសគេ និងធ្វើឱ្យមហាជនរិះគន់អាកាសយានិកម្នាក់យ៉ាងខ្លាំង ហើយសួរថា តើអាកាសយានិកអាចធ្វើបែបនេះបាន មែនទេ? ការហោះហើរត្រូវបានពន្យារពេលអស់ជាង១ម៉ោង ដោយសារអាកាសយានិកធ្វើបែបនេះ ។ វាធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរទាំងអស់ ហើយតើខាងក្រុមហ៊ុនអាកាសចរណ៍បានគិតពីអារម្មណ៍អ្នកដំណើរដែរឬទេ?
ហេតុការណ៍នេះបានកើតឡើងនៅប្រទេសអង់គ្លេស គឺដោយសារអាកាសយានិករូបនេះពុំព្រមចេញដំណើរតាមកាលវិភាគហោះហើរ ព្រោះរវល់ទៅតម្រង់ជួរទិញភីហ្សាឱ្យបុគ្គលិកបម្រើការក្នុងយន្តហោះ ។ អាកាសយានិកនិយាយថា មិនចង់ឱ្យបុគ្គលិកបរិភោគសានវេចត្រជាក់ ទើបខាងយន្តហោះប្រកាសពន្យារពេលធ្វើដំណើរ និងសុំឱ្យអ្នកដំណើរយោគយល់ ។
ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស EasyJet បានកំណត់ការហោះហើរចេញពីទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ ទៅកាន់ទីក្រុង Manchester ប្រទេសអង់គ្លេស ដោយត្រូវចំណាយពេលធ្វើដំណើរជិត៣ម៉ោង ។ ប៉ុន្តែយន្តហោះនេះបានពន្យារពេលធ្វើដំណើរអស់ជាង១ម៉ោង ដោយសារក្នុងយន្តហោះគ្មានអាហារក្តៅៗឱ្យបុគ្គលិកបរិភោគ ទើបអាកាសយានិកទៅតម្រង់ជួរទិញភីហ្សាយកមកឱ្យបុគ្គលិក ។
អ្នកដំណើរទាំងអស់បានរង់ចាំរហូតដល់អាកាសយានិកត្រឡប់មកពីហាងភីហ្សាវិញ ហើយអាកាសយានិកក៏បាននិយាយប្រាប់អ្នកដំណើរតាម Intercom ថា លោកសម្រេចចិត្តពន្យារពេលហោះហើរ ព្រោះត្រូវដោះស្រាយរឿងអាហារឱ្យបុគ្គលិក ។ ហេតុនេះ លោកចុះពីយន្តហោះ និងឆ្លងកាត់កន្លែងត្រួតពិនិត្យលិខិតឆ្លងដែនដើម្បីទិញភីហ្សា ។
អាកាសយានិកនិយាយថា ៖ «ខ្ញុំពុំអាចឱ្យបុគ្គលិកបម្រើការក្នុងយន្តហោះបរិភោគសានវេចត្រជាក់២ដុំបានទេ ហើយខ្ញុំបានសួរអ្នកដំណើរថា តើពួកគេអាចរង់ចាំបានអត់ ព្រោះខ្ញុំចង់ទិញភីហ្សាឱ្យបុគ្គលិក ដោយពុំចាំបាច់ឈរតម្រង់ជួរទិញតាមលេខរៀង ។ ប៉ុន្តែអ្នកដំណើរឆ្លើយថា អត់បានទេ ទើបខ្ញុំរត់ទៅតម្រង់ជួរទិញភីហ្សា ដែលមានអតិថិជនឈរមុខខ្ញុំចំនួន១០០នាក់ ។ ខ្ញុំសូមអរគុណ សម្រាប់ការអត់ធ្មត់របស់អ្នកដំណើរទាំងអស់» ។
អ្នកដំណើរខឹងយ៉ាងខ្លាំងចំពោះឥរិយាបថ និងការបកស្រាយគ្មានប្រយោជន៍របស់អាកាសយានិក ក្នុងនោះអ្នកដំណើរម្នាក់និយាយថា ៖ «យន្តហោះពន្យារពេលហោះហើរធ្វើឱ្យមានភាពរញ៉េរញ៉ៃនៅអាកាសយានដ្ឋាន Lisbon ហើយបញ្ហានឹងមិនបញ្ចប់ត្រឹមនេះទេ ។ អ្នកដំណើរបានអង្គុយរង់ចាំអស់ជាង១ម៉ោង ហើយសំខាន់ យើងពុំអាចប្រើប្រាស់បន្ទប់ទឹកលើយន្តហោះបាន ហើយគ្មានភេសជ្ជៈចែកឱ្យផឹកទេ» ។
ចំណែកអ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ EasyJet និយាយថា មានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ ដែលបណ្តាលឱ្យប៉ះពាល់ដល់អ្នកដំណើរទាំងអស់ ដោយសារក្រុមហ៊ុនពុំបានត្រៀមអាហារគ្រប់គ្រាន់សម្រាប់បុគ្គលិក និងអាកាសយានិក ៕










