ជុំវិញការប្រកាសរំសាយក្រុម ប៉ូឡារិច ស្ថិតក្រោមការគ្រប់គ្រងរបស់ផលិតកម្មបារមី បានធ្វើឱ្យអ្នកគាំទ្រសោកស្តាយយ៉ាងខ្លាំងព្រោះតែដំណឹងនេះឆាប់រហ័សពេកទាំងក្រុមនេះកំពុងឆ្ពោះទៅមុខរហូតធ្វើឱ្យមានការជជែកវែកញែកពីហេតុផលពីក្រោយនៃការរំសាយក្រុម។ យ៉ាងណាមិញ Fan Club របស់ ប៉ូឡារិច មានឈ្មោះថា Polarix Universe អះអាងថាការរំសាយក្រុមនេះគ្មានវិវាទផ្ទៃក្នុងនោះទេ។ 
កាលពីយប់ថ្ងៃទី១០ ឧសភា តាមសេចក្តីជូនដំណឹងពីផលិតកម្មបារមី បានឱ្យដឹងថា ក្រុម Polarix សម្រេចរំសាយក្រុមដោយសិល្បករទាំងពីររូបមានបំណងចង់ផ្ដោតលើការងារ សិល្បៈរៀងៗខ្លួន។ បើទោះបីជាសិល្បករទាំងពីរមិនបន្តរួមផលិតបទចម្រៀងជាមួយគ្នាយ៉ាងណាក្តី ប៉ុន្តែអ្នកទាំងពីរនឹងចាប់ផ្តើម បទពិសោធន៍ថ្មី ក្នុងនាមជាតារាចម្រៀងទោល ហើយនឹងនាំមកជូននូវអ្វីដែលថ្មី និងអស្ចារ្យជូនប្រិយមិត្ត អ្នកគាំទ្រ។ ក្នុងសេចក្តីជូនដំណឹងនោះ នរិទ្ធ នឹងបន្តជាសិល្បករប្រចាំផលិតកម្មបារមីដដែល និងកំពុងផលិត កម្រងបទចម្រៀងថ្មីៗ។ ចំណែកឯ ជូវី លីន បានព្រមព្រៀងបញ្ចប់កុងត្រានឹងបន្តផលិតបទចម្រៀងជាសិល្បករឯករាជ្យ។
ជុំវិញការប្រកាសរំសាយក្រុមនេះបានធ្វើឱ្យអ្នកគាំទ្រសោកស្តាយយ៉ាងខ្លាំង ក្រុមនេះកំពុងឆ្ពោះទៅមុខជាមួយប្រជាប្រិយភាពរបស់ខ្លួនបែរជាសម្រេចចិត្តរំសាយក្រុមទៅវិញ ខណៈរឿងនេះក៏ធ្វើឱ្យលេចនូវមតិវែកញែកមួយចំនួនពីបញ្ហានៅពីក្រោយនៃការចាកចេញរបស់ ជូវីលីន។
យ៉ាងណាមិញ តាមការបង្ហោះរបស់ Polarix Universe ដែលជាFan Club របស់ ប៉ូឡារិច បានបញ្ជាក់ឱ្យដឹងថាកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ សមាជិកទាំងពីរ វណ្ណ នរិទ្ធ និង ជូវី លីន បានរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រដោយផ្ទាល់ដើម្បីបញ្ជាក់ពីការសម្រេចចិត្តនិងអនាគតរបស់ក្រុមប៉ូឡារិច។ ក្នុងនោះអ្នកគ្រាំទ្រក៏បានបញ្ជាក់ថា ការរំសាយក្រុមនេះមិនមានវិវាទផ្ទៃក្នុងនោះទេ និងបានលើកឡើងទៀតថាដរាបណា នរិទ្ធ និង ជូវី នៅមានដង្ហើមពួកគេនៅតែមានអត្តសញ្ញាណសមាជិក ប៉ូឡារិច ដដែល។
គួរបញ្ជាក់ថា នរិទ្ធ និង ជូវីលីន បានរួមដំណើរជាមួយគ្នា១០ឆ្នាំមកហើយ ដោយ ប៉ូឡារិច បានបង្កើតដំបូងក្នុងខែកក្កដា ឆ្នាំ២០១៦ ជាមួយនឹងសមាជិក៤ រូបហើយមុននឹងបង្ហាញខ្លួនបានហ្វឹកហាត់ជាមួយគ្នា១ឆ្នាំកន្លះ រហូតដល់ក្រុមនេះនៅសល់តែសមាជិក២រូប។ ក្នុងកម្មវិធីប្រលង The Rapper Cambodia ជូវី លីន បានធ្វើជា Producer ជាមួយ វណ្ណដា ខណៈ នរិទ្ធ ធ្វើជាគ្រូបង្វឹក (Coach ) ដែលមានកូនក្រុម យូហៃ ក្លាយជាម្ចាស់ពាន ខណៈលោកនិងយូហៃ បានសាងប្រជាប្រិយភាពយ៉ាងខ្លាំងជាមួយកូនក្រុមបន្ទាប់ពីចេញបទចម្រៀង ១ណា ដែលពេលនេះមានអ្នកស្តាប់ជាង១៤លានដង ក្នុងរយៈពេលជាង៣ខែ៕










