ក្រុមចម្រៀង Polarix ប៉ូឡារិច ស្ថិតក្រោមការគ្រប់គ្រងរបស់ផលិតកម្មបារមីដែលមានសមាជិកពីររូបរួមមាន ជូវី លីន និង វណ្ណ នរិទ្ធ បានសម្រេចចិត្តរំសាយក្រុមដោយសិល្បករទាំងពីររូបមានបំណងចង់ផ្ដោតផ្ចិតផ្ចង់ធ្វើសិល្បៈរៀងៗខ្លួន។ ក្នុងនោះ នរិទ្ធ នៅបន្តកុងត្រាជាមួយផលិតកម្មដដែល ខណៈ ជូវី លីន សម្រេចចិត្តដើរលើវិថីសិល្បៈឯករាជ្យវិញ។ ក្រុមនេះបានបង្កើតឡើងក្នុងឆ្នាំ២០១៦ មានសមាជិកចំនួន៤រូប។
ជាដំណឹងដ៏សោកស្តាយមួយសម្រាប់អ្នកគាំទ្រក្រោយពីដឹងថា ក្រុមចម្រៀង ប៉ូឡារិច សម្រេចចិត្តរំសាយក្រុមហើយ។ តាមសេចក្តីជូនដំណឹងពីផលិតកម្មបារមីនាយប់ថ្ងៃទី១០ ឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ផលិតកម្ម បារមី បានទទួលសំណើពីក្រុម Polarix ដោយសិល្បករទាំងពីររូបមានបំណងចង់ ផ្ដោតផ្ចិតផ្ចង់ធ្វើ សិល្បៈរៀងៗខ្លួន។ ផលិតកម្ម បារមី ពិតជាមានការសោកស្ដាយចំពោះព័ត៌មាន និងការសម្រេចចិត្តពាក់ព័ន្ធ នឹងការរំសាយក្រុម Polarix ប៉ុន្តែ ផលិតកម្មបារមី ក៏សូមគោរពនូវការសម្រេចចិត្ត របស់សិល្បករទាំងពីររូបផងដែរ។ យើង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសិល្បករទាំងពីរដែលកន្លងមកបានផលិតនូវ សមិទ្ធិផលដ៏ល្អៗជាច្រើន ជូនប្រិយមិត្ត និងជាពិសេសអ្នកគាំទ្រ។ 
យើងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ Polarix Universe ដែលតែងតែគាំទ្រក្រុម Polarix រហូត មក។ សេចក្ដីស្រលាញ់គាំទ្រ របស់អ្នកទាំងអស់គ្នា គឺជាកម្លាំងចិត្តដ៏ធំ ដែលបានជំរុញភាពជោគជ័យនៅក្នុងវិស័យសិល្បៈរបស់ពួកគាត់។
បើទោះបីជាសិល្បករទាំងពីរមិនបន្តរួមផលិតបទចម្រៀងជាមួយគ្នាយ៉ាងណាក្តី ប៉ុន្តែ គាត់ទាំងពីរនឹងចាប់ផ្តើម បទពិសោធន៍ថ្មី ក្នុងនាមជាតារាចម្រៀងទោល ហើយនឹងនាំមកជូននូវអ្វីដែលថ្មី និងអស្ចារ្យជូនប្រិយមិត្ត អ្នកគាំទ្រ។
ផលិតកម្មបានគូសបញ្ជាក់ថា នរិទ្ធ នឹងបន្តជាសិល្បករប្រចាំផលិតកម្មបារមីដដែល និងកំពុងផលិត កម្រងបទចម្រៀងថ្មីៗ។ ចំណែកឯផលិតកម្មបារមី និង លោក ជូវី លីនបានព្រមព្រៀងបញ្ចប់កុងត្រា ហើយលោកនឹងបន្តផលិត បទចម្រៀងជាសិល្បករឯករាជ្យ។
គួរបញ្ជាក់ថា ក្រុមចម្រៀងនេះត្រូវបានបង្កើតឡើងនៅខែ កក្ដដា ឆ្នាំ ២០១៦ ក្រោម CSA Talent Agency។ Polarix មានសមាជិកបួននាក់ ជូវី លីន , វណ្ណ នរិទ្ធ ,ជីវី លុច និង ធី ។ មុនពេលចាប់ផ្ដើមដំបូងសមាជិកទាំងអស់បានឆ្លងកាត់ការហ្វឹកហាត់យ៉ាងខ្លាំងជាមួយគ្នារយៈពេល ១ ឆ្នាំកន្លះ ។ ក្រោយមក ក្រុមនេះបានបន្តជាមួយសមាជិក២រូបរហូតដល់រំសាយក្រុមនេះជាស្ថាពរ។
កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ផលិតកម្មបារមីធ្លាប់បានបញ្ជាក់ថា ក្រុម ប៉ូឡារិច តំណាងប្រទេសកម្ពុជាចូលរួមនៅក្នុងកម្មវិធីមហោស្រពតន្ត្រី AXEAN FESTIVAL 2023 នៅប្រទេសសិង្ហបុរីផងដែរ៕










