វីដេអូចែកចាយពីបណ្តាញសង្គម ដោយបុរសម្នាក់ហាក់មិនអស់ចិត្តនិងងើយឆ្ងល់ជាខ្លាំងចំពោះការបើកបររបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ៤ មិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជិះទាំងបំពានគន្លងផ្លូវហាក់មិនញញើត ថែមទាំងបើកបរលឿនៗដូចព្យុះសង្ឃរា។
តាមរយៈវីដេអូ គេសង្កេតឃើញថា ការបើកបររបស់ប្រជាពលរដ្ឋខ្មែរនៅតាមបណ្តោយផ្លូវជាតិលេខ៤ (ពីភ្នំពេញទៅកាន់ព្រះសីហនុ) ពិតជាគ្មានសណ្តាប់ធ្នាប់ សសេចសសាចពេញទាំងផ្លូវតែម្តង ទាំងរថយន្តធុនតូច ធុនធំ រម៉កសណ្តោង និងម៉ូតូ បន្តបើកបរជែងគ្នាទាំងគ្មានការយល់ដឹង ដោយធ្វើការរំលងចូលទៅកាន់គន្លងផ្លូវម្ខាងទៀត ហើយសម្រាប់អ្នកធ្វើដំណើរនៅទិសដៅផ្ទុយស្ទើរតែគ្មានផ្លូវជិះទៅហើយ។
យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំពូកទី៣ មាត្រា ១០ (ការប្រើប្រាស់ទ្រូងផ្លូវ) ចែងថា៖ នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ ហើយដែលគ្មានគំនូសសញ្ញាបែងចែកទិសចរាចរណ៍ អ្នកបើកបរត្រូវប្រើប្រាស់ពាក់កណ្តាលទ្រូងផ្លូវផ្នែកខាងស្តាំ ដោយបើកបរកៀកទៅខាងស្តាំ ។ នៅលើទ្រូងផ្លូវឯកទិស ដែលគ្មានគំនូសសញ្ញាបែងចែកគន្លងផ្លូវ អ្នកបើកបរត្រូវបើកបរកៀកទៅខាងស្តាំលើកលែងតែត្រូវការបត់ឆ្វេង ។ អ្នកបើកបរអាចប្រើប្រាស់ទ្រូងផ្លូវខាងឆ្វេង បាននៅពេលជែងឬឈប់ ។ ដោយឡែកនៅក្នុងទីប្រជុំជនការប្រើប្រាស់ទ្រូងផ្លូវត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូន។
បន្ថែមពីនេះ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជំពូកទី៣ មាត្រា ១១ បានចែងអំពីការប្រើប្រាស់គន្លងផ្លូវ ដែលមានខ្លឹមសារថា ៖នៅលើគន្លងផ្លូវតម្រូវសម្រាប់យានជំនិះប្រភេទណាមួយ អ្នកបើកបរយានជំនិះប្រភេទដទៃ មិនត្រូវបើកបរចូលក្នុងគន្លងនេះទេ លើកលែងតែត្រូវចាកចេញ ឬ ចូលទៅក្នុងគន្លងផ្លូវរបស់ខ្លួន ។ នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរហើយមានគំនួសបែងចែកទ្រូងផ្លូវ អ្នកបើកបរត្រូវប្រកាន់យកចំណែកផ្លូវខាងស្តាំ ។ នៅលើទ្រូងផ្លូវឯកទិសដែលមានគន្លងផ្លូវពីរ ឬច្រើន អ្នកបើកបរត្រូវប្រកាន់យកគន្លង ផ្លូវខាងស្តាំបំផុត ។ ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំង អ្នកបើកបរអាចបើកបរបានលើគ្រប់គន្លងផ្លូវ៕











