ប្រទេសជប៉ុន ៖ ទារ.ក នៅប្រទេសជប៉ុនជាង១០០នាក់ ត្រូវបានឪពុក-ម្តាយនាំមកចូលរួមការប្រកួតកីឡាស៊ូម៉ូស្រែកយំឮខ្លាំងបំផុត ដែលជប៉ុនបានរៀបចំឡើងនៅតាមវត្តនានាទូទាំងប្រទេសជារៀងរាល់ឆ្នាំ ។ ជនជាតិជប៉ុនជឿថា ការនាំទារកមកចូលរួមប្រកួតកីឡានេះ នឹងធ្វើឱ្យពួកគេមានសុខភាពល្អ ។
នៅលើសង្វៀនប្រកួតកីឡាស៊ូម៉ូ ដែលរៀបចំឡើងនៅវត្ត Sensoji ស្ថិតក្នុងទីក្រុងតូក្យូ កីឡាករស៊ូម៉ូមាឌធំៗចំនួន២នាក់ មកពីក្លិបចំបាប់សាកលវិទ្យាល័យ Nihon បានលើកទារក២នាក់ ដែលពាក់ខ្សែក្រវ៉ាត់ស៊ូម៉ូទំហំតូចមកដាក់ទល់មុខគ្នា ។ បន្ទាប់មក កីឡាករស៊ូម៉ូមាឌធំៗព្យាយាមធ្វើឱ្យទារកស្រែកយំឮខ្លាំងៗដើម្បីទទួលជ័យជម្នះក្នុងការប្រកួត ។
ចំណែកលក្ខខណ្ឌការប្រកួត បើទារកណាស្រែកយំមុនគេ នឹងទទួលបានជ័យជម្នះក្នុងការប្រកួតនេះ ។ រីឯអ្នករៀបចំកម្មវិធី និងអ្នកចូលរួមទស្សនាការប្រកួតទាំងអស់នាំគ្នាពាក់ម៉ាស់រូបបីសាច និងឆ្កែចចកដែលមានពណ៌ខុសៗគ្នា ដើម្បីឱ្យទារកឃើញមុខរបស់ពួកគេហើយស្រែកយំកាន់តែខ្លាំង ។
ប្រពៃណីការប្រកួតកីឡាស៊ូម៉ូទារកស្រែកយំឮខ្លាំងរបស់ជនជាតិជប៉ុន តែងតែរៀបចំឡើងនៅកន្លែងសក្ការៈបូជា និងតាមវត្តនានាទូទាំងប្រទេស ។ ជារៀងរាល់ឆ្នាំ ឪពុក-ម្តាយជាច្រើននាក់បាននាំកូនតូចរបស់ពួកគេមកចូលរួមការប្រកួតកីឡា ដើម្បីបន្តប្រពៃណីដ៏យូរអង្វែងអស់រយៈពេលជាង៤០០ឆ្នាំ ។
ចំណែកវត្ត Sensoji បានចាប់ផ្តើមរៀបចំការប្រកួតកីឡាប្រភេទនេះ តាំងពីឆ្នាំ១៩៩១ មកម៉្លេះ ។ មុនពេលចាប់ផ្តើមប្រកួត គេនឹងនាំទារកទៅកាន់មុខកន្លែងសក្ការៈបូជាស័ក្តិសិទ្ធិរបស់សាសនាឈីនតូក្នុងព្រះវិហារ ដើម្បីព្រះសង្ឃរៀបចំពិធីឱ្យទារកទទួលភាពបរិសុទ្ធ មុននាំទារកទៅកាន់សង្វៀនប្រកួតកីឡាស៊ូម៉ូនៅក្រៅព្រះវិហារ ។ ព្រះសង្ឃនៅវត្ត Sensoji ឱ្យដឹងថា ជនជាតិជប៉ុនជឿថា សំឡេងយំរបស់ទារកនឹងអាចបណ្តេញខ្មោចព្រាយបីសាច និងជួយការពារទារកពីហេតុការណ៍អាក្រក់ផ្សេងៗ ។ 
ទោះយ៉ាងណា លក្ខខណ្ឌការប្រកួត គឺខុសៗគ្នាទៅតាមតំបន់នីមួយៗនៅប្រទេសជប៉ុន ក្នុងនោះលក្ខខណ្ឌការប្រកួតក្នុងតំបន់ខ្លះកំណត់ថា បើទារកណាស្រែកយំឮខ្លាំងមុនគេ នឹងឈ្នះការប្រកួត ។ ប៉ុន្តែលក្ខខណ្ឌការប្រកួតក្នុងតំបន់ខ្លះទៀតកំណត់ថា ទារកណាដែលស្រែកយំឮខ្លាំងមុនគេ នឹងចាញ់ការប្រកួត ៕










