ប្រទេសកូរ៉េខាងត្បូង ៖ មនុស្ស និងភាពឯកោ ស្ទើរតែមិនអាចបំបែកចេញពីគ្នាបានទេ ខណៈមនុស្សម្នាក់ៗសុទ្ធតែធ្លាប់មានអារម្មណ៍ឯកោ ហើយក្នុងវ័យនីមួយៗបានជួបភាពឯកោខុសៗគ្នា ។ កាលពីឆ្នាំ២០២៣ អង្គការសុខភាពពិភពលោក (WHO) ប្រកាសថា ភាពឯកោបានគំរាមកំហែងយ៉ាងខ្លាំងដល់មនុស្ស ។
ការស្រាវជ្រាវបញ្ជាក់ថា មនុស្សដែលផ្តាច់ខ្លួនពីសង្គមស្មើប្រមាណ៣២% នឹងស្លាប់មុនអាយុ ដែលផ្ទុយគ្នានឹងមនុស្សដែលបានចូលរួមក្នុងសង្គម និងសន្ទនាជាប្រចាំ ។ មនុស្សចាស់ ជាក្រុមមានហានិភ័យខ្ពស់បំផុតដែលងាយប្រឈមនឹងភាពឯកោ ពីព្រោះពេលអាយុកាន់តែច្រើនធ្វើឱ្យពួកគាត់ឈឺជាញឹកញាប់ ហើយសមាជិកគ្រួសារពុំយកចិត្តទុកដាក់ ។ ហេតុនេះ មនុស្សចាស់ត្រូវនៅក្នុងផ្ទះ ហើយពុំសូវបានជជែកជាមួយមនុស្សក្នុងសង្គមប៉ុន្មានទេ ។
ប៉ុន្តែមនុស្សចាស់នឹងអាចយកឈ្នះភាពឯកោបាន បើមានអ្នកណាម្នាក់នៅក្បែរ ។ នៅឆ្នាំ២០២៤ ក្រុមហ៊ុនកូរ៉េខាងត្បូងបានផលិតមនុស្សយន្តឆ្លាតវៃ ដែលអាចឆ្លើយតបសំណួរមនុស្សចាស់បាន ឈ្មោះថា «មនុស្សយន្ត Hyodol» ។ វាមានសមត្ថភាពជាច្រើនផ្នែក ដូចជា ៖ កត់ត្រាការចងចាំ, បង្ហាញអារម្មណ៍, ឆ្លើយតបសំណួរ, លេងភ្លេង និងធ្វើឱ្យមនុស្សចាស់មានអារម្មណ៍ថា មិនឯកោ ។
ក្រុមហ៊ុននេះបានប្រើប្រាស់ប្រព័ន្ធ Emotional AI សម្រាប់កត់ត្រាទិន្នន័យ និងអារម្មណ៍មនុស្សចាស់ ខណៈក្រុមហ៊ុនអាចត្រួតពិនិត្យមនុស្សយន្តឆ្លាតវៃពីចម្ងាយ ។ ក្រៅពីនេះ មនុស្សយន្ត Hyodol មានប្រយោជន៍ផ្នែកសុវត្ថិភាពផងដែរ ដូចជា ៖ ពេលមនុស្សយន្តពុំអាចត្រួតពិនិត្យការបម្លាស់ទី មានន័យថា មានគ្រោះថ្នាក់កើតឡើងចំពោះមនុស្សចាស់ ហើយវានឹងបន្លឺសំឡេងរោទិ៍ពីវិធានការសុវត្ថិភាព ។
លើសពីនេះ មនុស្សយន្ត Hyodol អាចណែនាំអំពីសុខភាពចំនួន២លើកក្នុង១ថ្ងៃ, អាចលេងភ្លេង, មានកម្រងសំណួរឱ្យធ្វើ និងណែនាំមនុស្សចាស់ពីកម្មវិធីហាត់ប្រាណផងដែរ ។ បើទោះជាមនុស្សយន្តនេះមានតម្លៃថ្លៃរហូតដល់១.៨០០ដុល្លារអាមេរិក ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងត្បូងលើកឡើងថា វាមានប្រយោជន៍សម្រាប់មនុស្សចាស់ហើយរដ្ឋាភិបាលកូរ៉េខាងត្បូងបានផ្តល់មនុស្សយន្តជាង៧.០០០គ្រឿង ទៅឱ្យមនុស្សចាស់រស់នៅទីក្រុងសេអ៊ូល ។
គេរាយការណ៍ថា មនុស្សចាស់ភាគច្រើនដែលបានប្រើប្រាស់មនុស្សយន្ត Hyodol គឺមានអាយុជាមធ្យម ស្មើ៨២ឆ្នាំ ។ បើតាមការស្រាវជ្រាវរបស់មន្ទីរពេទ្យសាកលវិទ្យាល័យជាតិកាំវ៉ុន អំពីមនុស្សយន្ត និងផលប៉ះពាល់លើអ្នកជំងឺបង្ហាញថា មនុស្សយន្ត AI មួយនេះ អាចជួយកាត់បន្ថយជំងឺធ្លាក់ទឹកចិត្តបានល្អ ពីព្រោះវាអាចបង្កើតភាពស្និទ្ធស្នាលផ្លូវចិត្តជាមួយអ្នកជំងឺ ព្រមទាំងផ្តល់ប្រយោជន៍ផ្នែកសុខភាព និងសុវត្ថិភាព ៕










