បរទេស៖ កាលពីពេលថ្មីៗនេះយោងតាម Money Control ដែលបានចុះផ្សាយកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ថាមានស្ត្រីជនជាតិកូរ៉េម្នាក់ត្រូវបានគេបោកប្រាស់ប្រាក់ជិត ៥១,០០០ ដុល្លារអាមេរិក បន្ទាប់ពីបុរសម្នាក់បានប្រើប្រាស់កម្មវិធី AI ផ្លាស់ប្តូរមុខទៅជា Elon Musk ដើម្បីសុំស្គាល់នាង និងសុំឱ្យនាងផ្ទេរប្រាក់។
យោងតាមប្រភពដដែលបានឱ្យដឹងថា ជនរងគ្រោះដែលជាជនជាតិកូរ៉េនោះមានឈ្មោះថា Jeong Ji-sun ដោយនាងបាននិយាយតាមកញ្ចក់ទូរទស្សន៍ថា មូលហេតុដែលនាងត្រូវបានគេបោកប្រាស់ប្រាក់ជិត ៥១,០០០ ដុល្លារ គឺដោយសារដំបូងមានអាខោន Instagram មួយដែលដាក់រូប Elon Musk បាន Follow ទៅនាងកាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣។ ក្នុងពេលនោះអាខោនចម្លែកនោះក៏បានចាប់ផ្តើមឆាតទាក់ទងទៅនាង ហើយបានផ្ញើរូបថតលេខសម្គាល់របស់គាត់ និងរូបថតគាត់នៅកន្លែងធ្វើការឱ្យទៅនាង។ ដោយបុគ្គលនោះបាននិយាយអំពីកូនរបស់គាត់ របៀបដែលគាត់ទៅធ្វើការដោយឧទ្ធម្ភាគចក្រ ហើយនិយាយថាគាត់តែងតែទាក់ទងជាមួយអ្នកគាំទ្រដោយចៃដន្យ។
ជនរងគ្រោះ Jeong Ji-sun បានប្រាប់សារព័ត៌មានទៀតថា ក្នុងពេលទាក់ទងតាមឆាតនោះនាងនៅតែមានអារម្មណ៍មន្ទិលក៏បានឆែកជីវប្រវត្តិរបស់ Musk ហើយក៏បានសួរអំពីបទពិសោធន៍របស់ Musk ក្នុងការជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ក្នុងខែមេសា ឆ្នាំ២០២៣ បុរសក្លែងបន្លំបាននិយាយថាអ្នកទាំងពីរបានពិភាក្សាគ្នាអំពី “ការបង្កើតរោងចក្រទំនើបនៅសេអ៊ូល និងជេជូ”។ Jeong ក៏បានបន្តទៀតថា បុរសនោះថែមទាំងនិយាយថាគាត់ស្រឡាញ់នាងក្នុងអំឡុងពេលខលវីដេអូជាមួយគ្នា ដោយនាងជឿជាក់ទាំងស្រុងថាមនុស្សម្នាក់នេះពិតជា Elon Musk ។ បន្ទាប់មកអ្នកបោកប្រាស់បានឱ្យជនរងគ្រោះនូវលេខគណនីធនាគារនៅប្រទេសកូរ៉េ និងលើកទឹកចិត្តឱ្យនាងផ្ទេរប្រាក់វិនិយោគដោយបុរសនោះបាននិយាថា “គាត់រីករាយណាស់ដែលបានឃើញអ្នកគាំទ្ររបស់គាត់ក្លាយជាអ្នកមាន”។ 
មិនយូរប៉ុន្មាន Jeong ក៏បានផ្ទេរប្រាក់សរុបចំនួន ៧០ លានវ៉ុន (ប្រមាណជិត ៥១,០០០ ដុល្លារអាមេរិក) ទៅក្នុងគណនីបុរសនោះ មុនពេលអ្នកបោកប្រាស់បាត់ខ្លួន។ គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេ ដែលជនខិលខូចបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា AI ដើម្បីក្លែងបន្លំលួចយកប្រយោជន៍ពីរូបភាពបុគ្គលល្បីៗដូច Elon Musk ជាដើម។ ដូច្នេះហើយ បច្ចេកវិទ្យាកាន់តែទំនើប គឺកាន់តែគ្រោះថ្នាក់ ដោយសារបច្ចេកវិទ្យាទាំងនោះភាគច្រើនបានធ្លាក់ចូលដៃរបស់ពួកគេ Hacker ដែលធ្វើឱ្យមនុស្សជុំវិញពិភពលោកប្រឈមនឹងការបោកប្រាស់ធ្ងន់ធ្ងរ។ 
នេះបើយោងតាមការស្រាវជ្រាវដោយសាកលវិទ្យាល័យសេអ៊ូលបានបង្ហាញថា ករណីឆបោកចំនួន ២៨០ ត្រូវបានរកឃើញក្នុងកំឡុងខែមករា ដល់ខែមិថុនា ឆ្នាំ ២០២២ ដែលក្នុងនោះ ៧១.៤% នៃជនរងគ្រោះគឺជាស្ត្រី។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានវាយតម្លៃថា ច្បាប់របស់ប្រទេសនេះនៅតែខ្វះបទប្បញ្ញត្តិដើម្បីការពារកុំឱ្យឧបទ្ទវហេតុកើតឡើងម្តងទៀត។ ជនរងគ្រោះភាគច្រើននៃការបោកប្រាស់ស្នេហាបានផ្ទេរប្រាក់តាមរយៈកាតឥណទានទៅកាន់គេហទំព័រក្លែងក្លាយដែលបង្កើតឡើងដោយឧក្រិដ្ឋជន ដែលទុកឱ្យអាជ្ញាធរគ្មានមូលដ្ឋានដើម្បីផ្អាកប្រតិបត្តិការ និងការពារការដកប្រាក់៕










