ប្រទេសកម្ពុជា៖ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ប្រាក់ឧបត្ថម្ភ ២ ម៉ឺនដុល្លារអាមេរិកដល់គ្រួសារយោធិនម្នាក់ៗដែលបានស្លា.ប់ក្នុងការផ្ទុះឃ្លាំងអាវុធនៅមូលដ្ឋានក្នុងខេត្តកំពង់ស្ពឺ។ នេះបើយោងតាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកនៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ លោកពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះហេតុការណ៍ផ្ទុះឃ្លាំងអាវុធ នៅខេត្តកំពង់ស្ពឺ ដែលបានសម្លា.ប់ ទាហាន ២០ នាក់ និងមានមនុស្សរងរបួសជាច្រើននាក់ទៀត។ សម្តេចនាយករដ្ឋមន្ត្រីបានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជានឹងទទួលបន្ទុកចំណាយទាំងអស់ក្នុងការរៀបចំបុណ្យសពជូនជនរងគ្រោះដែលបានស្លា.ប់ក្នុងឧបត្ថវហេតុខាងលើ។ 
ដូច្នេះគ្រួសារយោធិនដែលបានស្លា.ប់ក្នុងម្នាក់ៗនឹងទទួលបានសំណងចំនួន ២ ម៉ឺនដុល្លារអាមេរិក ហើយសម្រាប់យោធិនរងរបួសម្នាក់ៗនឹងទទួលបានប្រាក់ឧបត្ថម្ភជិត ៥ ពាន់ដុល្លារ។ សូមរំលឹកផងដែរថា បើតាមរបាយការណ៍របស់កងទ័ពជើងគោកបានឱ្យដឹងទៀតថា យោធិនដែលស្លា.ប់ទាំង ២០ នាក់នោះ មាន ១៥ នាក់គឺជានាយទាហាននៅខេត្តកោះកុង និង ៥ នាក់ជានាយទាហានទីបញ្ជាការយោធភូមិភាគ។ លោកនាយករដ្ឋមន្រ្តី បានថ្លែងថា៖ «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ»។
សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ទៀតថា “ខ្ញុំបានណែនាំឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឱ្យរៀបចំពិធីបុណ្យសពភ្លាមៗ ជូនដល់យោធិនដែលបានស្លា.ប់ក្នុងហេតុការណ៍ផ្ទុះអាវុធក្នុងលក្ខណៈសក្តិសមសម្រាប់ការបូជាសម្រាប់ប្រទេសជាតិ”។
គួរបញ្ជាក់ដែរថា ការផ្ទុះនេះបានកើតឡើងនៅឃ្លាំងបច្ចេកទេសយោធានៃយោធភូមិភាគទី ៣ របស់កម្ពុជា។ ឧបទ្ទវហេតុនេះ បានបំផ្លាញទាំងស្រុងនូវសំណង់ចំនួន ៤ រួមមាន ឃ្លាំងរំសេវចំនួន៣ ខូចខាតអគារផ្ទះល្វែងមួយខ្នង អគារការិយាល័យរបស់បញ្ជាការដ្ឋានខេត្តកំពង់ស្ពឺ ១ខ្នង និងផ្ទះចំនួន ២៥ខ្នងនៅក្បែរកន្លែងកើតហេតុ។ ទោះជាយ៉ាងណាចំពោះមូលហេតុនៅមិនទាន់មានរបាយការណ៍ច្បាស់លាស់នៅឡើយទេ៕











