ឆ្នាំដែលផែនដីបានឡើងកម្តៅខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្រ្ត គឺឆ្នាំ២០២៤នេះ ធ្វើឲ្យទូទាំងទ្វីបនៅលើពិភពលោកបានទទួលរងនូវឥទ្ធិពលកម្តៅដ៏កាចសាហាវ ដែលវិទ្យាសាស្រ្តហៅថា បាតុភូត El Nino ។ ដោយសង្កត់ធ្ងន់លើទ្វីបអាស៊ីយើងនេះ កម្រិតកម្តៅបានកើនឡើងខ្លាំងបំផុតរហូតនៅតំបន់ខ្លះធ្វើឲ្យយើងមានអារម្មណ៍ថា សីតុណ្ហភាពកម្តៅមានជិត៥០អង្សាសេឯណ្ណោះ។ ខណៈដែល ថៃ វៀតណាម ឡាវ ភីលីពីន ក៏ដូចជាប្រទេសអាស៊ីផ្សេងទៀត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្លួន ក៏ដូចជាមានវិធានការទប់ស្កាត់មួយចំនួនទាក់ទងនឹងរលកកម្តៅឆ្នាំនេះ។
បើយោងតាមសារព័ត៌មានថៃបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែមេសានេះបានឲ្យដឹងថា ពលរដ្ឋខ្លួនប្រមាណនឹង៣០នាក់ហើយបានស្លាប់នៅក្នុងរដូវក្តៅ ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល ដោយតួរលេខនៃចំនួនអ្នកស្លាប់គឺគិតចាប់ពីដើមខែមករា រហូតដល់ពាក់កណ្តាលខែមេសានៃឆ្នាំ២០២៤នេះ។ វាគឺជាការព្រួយបារម្ភមួយរបស់រាជរដ្ឋាភិបាលថៃ ដោយបានលើកឡើងថា សីតុណ្ហភាពក្នុងទីក្រុងបាំងកកបានកើនឡើងដល់ ៤០,១អង្សាសេ ខណៈខេត្តខ្លះ ដូចជាខេត្តភាគខាងជើងប្រទេសថៃ សីតុណ្ហភាពឡើងដល់ ៤៤,២អង្សាសេ។
ចំណែកនៅវៀតណាមវិញ ការព្រួយបារម្ភថ្មីមួយបានកើតឡើងទៅលើកុមារភាគច្រើននៅទូទាំងប្រទេសវៀតណាមបាននឹងកំពុងប្រឈមទៅនឹងជំងឺទាក់ទងនឹងផ្លូវដង្ហើម ពិសេសគឺជំងឺរលាកសួត និងជំងឺរលាកទងសួត ដោយសារតែការប្រែប្រួលនៃអាកាសធាតុ និងការឡើងកម្តៅផែនដីយ៉ាងឆាប់រហ័ស។ ជំងឺរលាកសួតនេះគឺមានរោគសញ្ញាស្រដៀងទៅនឹងជំងឺផ្តាសាយដែរ ដែលនឹងបញ្ចេញតាមរយៈអាការៈដូចជាឈឺបំពង់ករ ក្អក ផ្តាសាយ ធ្វើឲ្យកុមារបាត់បង់ចំណង់អាហារ បែកញើសច្រើន ខ្សោះជាតិទឹកជាដើម។
ចំណែកប្រទេសអាស៊ីផ្សេងទៀត ដូចជាភីលីពីន និងឡាវ , ឥទ្ធិពលនៃរលកកម្តៅឆ្នាំនេះ ជាការព្រួយបារម្ភមួយក្នុងចំណោមសិស្សានុសិស្ស ពិសេសគឺកុមារតូចៗ ទើបសេចក្តីប្រកាសថ្មីមួយអនុញ្ញាតិឲ្យសាលារៀនទាំងអស់ផ្អាកការសិក្សានៅក្នុងថ្នាក់ដោយផ្ទាល់ជាបណ្តោះអាសន្នសិន និងជំនួសមកវិញដោយការរៀនតាមរយៈប្រព័ន្ធអនឡាញ។ ការបិទសាលាជាបណ្តោះអាសន្នលើកនេះ គឺជាការគិតគូរអំពីសុខភាពរបស់គ្រូបង្រៀន និងសិស្សានុសិស្ស ព្រោះនៅក្នុងលក្ខខណ្ឌអាកាសធាតុប្រែប្រួលមិនទៀង ការកើនឡើងកម្តៅខ្លាំងលើសពី ៤០អង្សាសេ បន្ថែមពីនេះ ដោយរដូវវស្សាជិតឈានចូលមកដល់ទើបបណ្តាលឲ្យតំបន់ខ្លះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ លាយឡំជាមួយនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ជាដើម។
ជាមួយគ្នានេះ តាមរយៈដំបូន្មានរបស់វេជ្ជបណ្ឌិតជំនាញ ក្នុងអំឡុងពេលរដូវក្តៅនេះគឺបានលើកឡើងថា មនុស្សគ្រប់វ័យ ពិសេសគឺកុមារនិងមនុស្សចាស់ គួរតែចៀសវាងដាច់ខាតស្ថិតនៅក្រោមកម្តៅថ្ងៃរយៈពេលយូរម៉ោង ត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់ និងគួរតែស្ថិតនៅកន្លែងម្លប់ និងមានខ្យល់ចេញចូលបានល្អ ទើបជាការប្រសើរ។ បន្ថែមពីនេះ ក៏គួរតែធ្វើលំហាត់ប្រាណជាប្រចាំ លាបលេការពារកម្តៅថ្ងៃ ស្លៀកសម្លៀកបំពាក់ពណ៌ស្រាលដូចជាពណ៌សរ និងត្រូវតាមដានសុខភាពឲ្យបានទៀងទាត់ផងដែរ៕










