ប្រទេសចិន ៖ វីដេអូមួយបានធ្វើឱ្យមហាជននៅប្រទេសចិនចែកចាយយ៉ាងច្រើននាពេលថ្មីៗនេះ ដោយវីដេអូបង្ហាញពីអ្នកលក់ម្ហូបចិនម្នាក់បានចម្អិនម្ហូបថ្មី និងប្លែក ដែលគ្មានលក់នៅហាងផ្សេងទៀត ។ អ្នកលក់រូបនេះបានយកផ្លែទុរេន និងស្តរបឺរីមកឆាជាមួយគ្នា បន្ទាប់មកដាក់គ្រឿងផ្សំផ្សេងៗចូល ដែលជាការប្តូរពីបង្អែមឱ្យក្លាយជាម្ហូបបរិភោគជាមួយបាយ ។ ប៉ុន្តែមហាជនប្រាប់ថា ការធ្វើម្ហូបបែបនេះ ស្តាយផ្លែឈើណាស់ ។

វីដេអូនេះចាប់ផ្តើមពីស្ត្រីម្នាក់បានកុម្ម៉ង់មុខម្ហូបទុរេនស្រូបលើបាយស ហើយអ្នកលក់សួរនាងថា ៖ «តើដាក់គ្រឿងផ្សំគ្រប់មុខ មែនទេ?» បន្ទាប់មក អ្នកលក់ក៏យកទុរេនទៅឆាជាមួយខ្លាញ់ និងដាក់ការ៉ុត, ប៊ីចេង, ខ្ញី, ខ្ទឹមសរ, ម្ទេស, ស្តរបឺរី, ស្ករ និងគ្រឿងផ្សំផ្សេងទៀត ហើយចុងក្រោយ ដាក់ជី និងស្លឹកខ្ទឹម ។ នៅពេលឆ្អិន អ្នកលក់ក៏ដួសម្ហូបដាក់លើបាយក្តៅៗ ។

មុខម្ហូបពិសេសនេះមានតម្លៃ៤៨យាន់ក្នុង១ចាន (ឬស្មើជាង៦ដុល្លារអាមេរិក) ហើយពេលសួរថា តើម្ហូបនេះមានដើមកំណើតមកពីណា? អ្នកលក់ខាងលើប្រាប់ថា បងប្អូនជីដូនមួយរស់នៅតំបន់ក្វាងស៊ីចូវ បានឱ្យរូបមន្តធ្វើម្ហូបមកខ្លួន ។ ក្នុង១ថ្ងៃៗ លោកអាចលក់មុខម្ហូបឆាទុរេនដាក់ស្តរបឺរី ចាប់ពី៥ចាន ទៅ៦ចាន ។

ចុងក្រោយ ស្ត្រីអ្នកថតវីដេអូនិយាយថា មុខម្ហូបនេះមានរសជាតិឆ្ងាញ់ល្មមបរិភោគ ប៉ុន្តែវាមិនត្រូវគ្នាជាមួយនាងទេ ។ ដូច្នេះ នាងនឹងមិនត្រឡប់មកទិញវាបរិភោគទៀតទេ ។ វីដេអូនេះត្រូវបានមហាជនយកមកចែកចាយក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយធ្វើឱ្យមានការរិះគន់យ៉ាងច្រើន ក្នុងនោះបុរសម្នាក់និយាយថា ទុរេនមានរសជាតិឆ្ងាញ់បំផុត គឺទុរេនដែលបកពីសំបកមក ប៉ុន្តែមុខម្ហូបខាងលើជាការយកទុរេនមកប្រើប្រាស់ឥតប្រយោជន៍ ។

ចំណែកអ្នកលេងបណ្តាញសង្គមម្នាក់ទៀតនិយាយថា ៖ «ពេលនេះ ខ្ញុំយល់ហើយថា ជនជាតិអ៊ីតាលីមានអារម្មណ៍បែបណា នៅពេលពួកគេឃើញចំណិតម្នាស់នៅលើភីហ្សា ហើយផ្លែឈើឆ្ងាញ់ៗយកទៅធ្វើឱ្យខូចរសជាតិអស់» ៕https://mpics.mgronline.com/pics/Images/567000003503601.JPEG