ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ តុលាការប្រជាជននៅទីក្រុងហូជីមិញ បាន កា.ត់ទោ.សប្រ.ហារជីវិ.ត អ្នកស្រី Truong My Lan អាយុ៦៧ឆ្នាំ ជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំនៅប្រទេសវៀតណាម ឈ្មោះ Van Thinh Phat ក្រោយពីរកឃើញថា អ្នកស្រី Truong My Lan បានឆបោកប្រាក់ពីធនាគារ Saigon Commercial Bank ចំនួនជាង១២.៥៣០លានដុល្លារអាមេរិក ក្នុងរយៈពេល១១ឆ្នាំ ។

គេចាត់ទុកថា វាជាករណីឆបោកប្រាក់ពីធនាគារដ៏ច្រើនបំផុតនៅប្រទេសវៀតណាម និងលើពិភពលោក ហើយតុលាការវៀតណាមបានសម្រេចកាត់ទោសប្រហារជីវិតមហាសេដ្ឋីអចលនទ្រព្យ ។ ក្រៅពីអ្នកស្រី Truong My Lan នៅមានជនជាប់ចោទផ្សេងទៀតចំនួន៨៥នាក់ ក៏ត្រូវបានតុលាការកាត់ទោសពីបទកេងបន្លំទ្រព្យសម្បត្តិ និងរំលោភច្បាប់ធនាគារផងដែរ ក្នុងនោះជនជាប់ចោទ៤នាក់ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUhZD9dIrLWPApgvSQGcYXA5y3paoHMmPK3F_5HKlH3KigDaBj73Du_U64i_h3xcaf8VD1fhKp-psu6-JeSTKSCmhx7MCjv4vJ2fQju1jpCkSh0iTh3GNyIWMzVeIy1JcR19Ql_ys72W-WLMombLg1tgzjVtF_eYQ6QxYyQb2jkKtsx4FETUnk9jYOLtE/s1280/photo_2024-04-12_09-25-13%20(3).jpg

ចំណែកជនជាប់ចោទផ្សេងទៀតត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារជាមធ្យមរយៈពេល២០ឆ្នាំ ។ រីឯលោក Eric Chu Nap Kee ត្រូវជាស្វាមីរបស់អ្នកស្រី Truong My Lan តុលាការបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ ។

ការកេងបន្លំទ្រព្យសម្បត្តិពីធនាគារ Saigon Commercial Bank ស្មើជាង១២.៥៣០លានដុល្លារអាមេរិក ដែលស្មើនឹង៦% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម បានចាប់ផ្តើមតាំងពីឆ្នាំ២០១១ មកម៉្លេះ គឺក្នុងអំឡុងពេលអ្នកស្រី Truong My Lan ចាប់ផ្តើមទិញភាគហ៊ុនរបស់ធនាគារវៀតណាម ចំនួន៣ ។ អ្នកស្រីបានកាន់ភាគហ៊ុនដាក់ឈ្មោះរបស់ខ្លួន ត្រឹមតែ៤% ប៉ុណ្ណោះ ដោយសារច្បាប់វៀតណាមកំណត់ថា បុគ្គលធម្មតាអាចកាន់កាប់ភាគហ៊ុនរបស់ធនាគារ មិនលើសពី៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSbN4EjPKt44SBf0pWztD50Fmbygmhi7Ge4FfZ0vbaXaDG1mTfWQUbZ4850UA53Sgd0PUCzxv4OPYAeylpI0_X7ouNNJ8_J3kT-bQxvFkrHaByf-wXqPH-XVIxgpMFbn2lnSvvpwaEqU0lrIstxsy02sDnwPOjAHco1dUPo0MjP_4oi4CTUxdPXd-Y1RU/s1280/photo_2024-04-12_09-25-13%20(2).jpg

១ឆ្នាំក្រោយមក អ្នកស្រី Truong My Lan ជាសេដ្ឋីអចលនទ្រព្យរបស់វៀតណាម ក៏បានរួមភាគហ៊ុនរបស់ធនាគារទាំង៣ បញ្ចូលគ្នា នៅក្រោមឈ្មោះធនាគារ Saigon Commercial Bank ហើយអ្នកស្រីនៅបន្តកាន់កាប់ភាគហ៊ុនក្រោមឈ្មោះរបស់ខ្លួន ត្រឹមតែ៤% ។ បន្ទាប់មក អ្នកស្រី Truong My Lan បានបញ្ជូនមនុស្សជិតស្និទ្ធទៅកាន់តំណែងជានាយកគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ Saigon Commercial Bank ដើម្បីសម្រួលឱ្យក្រុមហ៊ុនរបស់ខ្លួន ឈ្មោះ Van Thinh Phat អាចខ្ចីប្រាក់ពីធនាគារដោយគ្មានដែនកំណត់ និងពុំចាំបាច់ត្រួតពិនិត្យឯកសារអ្វីទាំងអស់ ។

នៅទីបំផុត ការកេងបន្លំប្រាក់យ៉ាងច្រើនពីធនាគាររបស់អ្នកស្រី Truong My Lan ក៏ត្រូវបានគេលើកយកមកលាតត្រដាងបង្ហាញការពិត និងដាក់ពាក្យបណ្តឹងទៅតុលាការឱ្យកាត់ទោសអ្នកស្រី Truong My Lan តាមច្បាប់ ។ កន្លងមក រដ្ឋាភិបាលវៀតណាមបានបង្ក្រាបអំពើពុករលួយយ៉ាងខ្លាំងក្លា ហើយធ្វើឱ្យប្រធានាធិបតី២រូប និងឧបនាយករដ្ឋមន្ត្រី២រូប ត្រូវចុះចេញពីតំណែង ខណៈមន្ត្រីរដ្ឋាភិបាលពុករលួយរាប់រយនាក់ទៀតបានជាប់ពន្ធនាគារជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSeMbYVr63Vq1jPGX21K7wa-X0fw4y06libWeHe8dypgIoY-L_vri-iJ5eQhdEMY-3EeuPLyYzNYt4EAy6ByTS9xQNMIG0SxnysRHp9vz5lASeFhtA7pOLH_wG3sq6t9ffjxGJpdGjKSaP4bMoSLXPhwRo-KtB1EIqGkmjIb-6oSziEAbYpBuxJfSnkmA/s680/photo_2024-04-12_09-25-13.jpg

រយៈពេល១ខែកន្លងមកនេះ តុលាការវៀតណាមបានពិចារណាលើសំណុំរឿងក្តី ដោយផ្អែកលើភស្តុតាងសរុបចំនួន១០៤ប្រអប់ធំៗ មានទម្ងន់៦តោន និងមានជនជាប់ចោទ ចំនួន៨៥នាក់ ។ តុលាការវៀតណាមបានបង្ហាញព័ត៌មានលម្អិតឱ្យសាធារណជនបានជ្រាបដោយគ្មានការលាក់បាំង ហើយតុលាការបានកោះហៅមនុស្សចំនួន២.៧០០នាក់ មកធ្វើជាសាក្សី ព្រមទាំងមានមេធាវីពាក់ព័ន្ធនឹងរឿងក្តី ប្រមាណ២០០នាក់ ប៉ុន្តែជនជាប់ចោទគ្រប់រូបបានបដិសធរាល់ការចោទប្រកាន់ ។

ក្រោយពីតុលាការវៀតណាមកាត់ទោសប្រហារជីវិតមហាសេដ្ឋីអចលនទ្រព្យ បានធ្វើឱ្យមហាជនអបអរសាទរយ៉ាងខ្លាំង ហើយគេសង្ឃឹមថា មហាសេដ្ឋីអចលនទ្រព្យផ្សេងទៀតដែលចូលចិត្តរកស៊ីបោកប្រាស់ និងឆបោកប្រាក់ពីពលរដ្ឋ នឹងត្រូវតុលាការកាត់ទោសប្រហារជីវិតដូចគ្នាដែរ ៕