ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៤ នេះក្រៅពីទៅវត្តធ្វើបុណ្យ និងលែងល្បែងប្រជាប្រិយ កូនចៅគ្រប់រូបប្រាកដជាធ្វើដំណើរកម្សាន្តទៅកាន់ស្រុកកំណើតរៀងៗខ្លួនដើម្បីជួបជុំបងប្អូនឪពុកម្តាយ ជីដូនជីតា និងអ្នកមានគុណទាំងឡាយ ក៏ដូចជាជូននូវសម្លៀកបំពាក់លុយកាក់សម្ភារៈផ្សេងៗដល់ពួកគាត់។ ទោះជាយ៉ាងណា កូនចៅមួយចំនួនប្រាកដជាមិនទាន់ដឹងទេថា ក្រៅពីសម្លៀកបំពាក់ថ្មីៗនិងលុយកាក់ តើមានអំណោយពិសេសអ្វីខ្លះទៀតដែលស័ក្តសមទិញជូនចាស់ទុំក្នុងឱកាសបុណ្យចូលឆ្នាំ? ដូច្នេះខាងក្រោមនេះគឺជាអំណោយដែលស័ក្តសមបំផុតសម្រាប់ទិញជូនចាស់ទុំ៖
១.កន្ត្រកផ្លែឈើ៖ វាជាអំណោយដ៏ងាយស្រួលបំផុតក្នុងការទិញ ដោយសារតែផ្សារទំនើប ឬហាងលក់ទំនិញផ្សេងៗសុទ្ធតែមាន ហើយវាក៏មានតម្លៃធូរថ្លៃផងដែរ ហេតុនេះការជ្រើសរើសផ្តល់កន្ត្រកផ្លែឈើគឺជាអំណោយដ៏សំខាន់មួយសម្រាប់សុខភាព។
២.ដើមឈើ៖ ការជ្រើសរើសដើមឈើ គឺជាអំណោយមួយដែលល្អបំផុតសម្រាប់មនុស្សចាស់ ព្រោះមនុស្សចាស់ភាគច្រើនចូលចិត្ត និងស្រលាញ់ធម្មជាតិ។ ដូច្នេះអំណោយដើមឈើគឺមានផាសុកភាពផ្លូវចិត្ត និងអាចធ្វើឱ្យមនុស្សចាស់មានអារម្មណ៍ល្អ។
៣. អំណោយសម្រាប់សុខភាព៖ សម្រាប់មនុស្សចាស់សុខភាពគឺជារឿងសំខាន់ដែលគួរយកចិត្តទុកដាក់។ ដូច្នេះហើយការជ្រើសរើសអំណោយសម្រាប់សុខភាព មិនថាជាអាហារបំប៉នផ្សេងៗ ថ្នាំដង្កូវ រួមទាំងឧបករណ៍ហាត់ប្រាណដែលសមស្របនឹងអាយុរបស់ពួកគាត់ ឬសូម្បីតែរបស់របរប្រើប្រាស់ប្រចាំថ្ងៃដូចជា ក្រែមបំប៉ន សាប៊ូដុសខ្លួន និងសាប៊ូកក់សក់ជាដើម ក៏ជារបស់ដែលធ្វើឱ្យញាតិសន្តានមានវ័យចំណាស់ពេញចិត្តផងដែរ។
៤.សម្លៀកបំពាក់ថ្មីៗ៖ មនុស្សចាស់ច្រើនតែចូលចិត្តទៅវត្ត ធ្វើបុណ្យ និងប្រតិបត្តិធម៌ ហេតុនេះការជ្រើសរើសសម្លៀកបំពាក់ថ្មីៗសម្រាប់ធ្វើបុណ្យគឺជាអំណោយពិសេសមួយ។
៥.សម្ភារៈធ្វើបុណ្យ៖ សម្ភារៈធ្វើបុណ្យដូចជាធូប ទានក្រអូប ស្លាដក ឬទឹកអប់គឺជាអំណោយមួយទៀតដែលមនុស្សចាស់ពេញចិត្ត។
៦.កញ្ចប់ធ្វើដំណើរ៖ ក្នុងអំឡុងពេលចូលនិវត្តន៍ មនុស្សចាស់ភាគច្រើននៅតែមានសុខភាពល្អអាចធ្វើដំណើរបាន។ ដូច្នេះការជ្រើសរើសទិញកញ្ចប់ធ្វើដំណើរដែលមានទាំងក្នុងប្រទេស និងក្រៅប្រទេសអាចបង្កើតសុភមង្គល ហើយវាក៏ជាការពេញចិត្តសម្រាប់មនុស្សចាស់ផងដែរ។
៧.ឧបករណ៍អគ្គិសនីក្នុងផ្ទះ៖ ការជ្រើសរើសអំណោយដូចជារបស់ប្រើប្រាស់ក្នុងផ្ទះគឺជាអំណោយដ៏មានប្រយោជន៍បំផុត ហើយបច្ចុប្បន្ននេះមានឧបករណ៍អគ្គិសនីក្នុងផ្ទះជាច្រើនប្រភេទសម្រាប់ជ្រើសរើស អ្នកអាចជ្រើសរើសតាមចំណូលចិត្តរបស់មនុស្សម្នាក់ៗបាន។
៨.ម៉ាស៊ីនបន្សុទ្ធខ្យល់៖ នាពេលបច្ចុប្បន្ននេះ វាហាក់បីដូចជាម៉ាស៊ីនបន្សុទ្ធខ្យល់គឺជាឧបករណ៍អគ្គិសនីដ៏សំខាន់មួយទៀតសម្រាប់គ្រប់គ្រួសារ ព្រោះផ្ទះរបស់យើងកំពុងប្រឈមមុខនឹងបញ្ហាធូលី PM 2.5។ ការផ្តល់ម៉ាស៊ីនបន្សុទ្ធខ្យល់ដល់មនុស្សចាស់ដែលយើងស្រលាញ់គឺដូចជាផ្តល់ខ្យល់អាកាសល្អដល់ពួកគាត់អញ្ចឹង។
៩.សាច់ប្រាក់៖ ការគិតអំពីអំណោយអ្វីដែលត្រូវផ្តល់ឱ្យជួនកាលពិបាកសម្រាប់មនុស្សពេញវ័យមួយចំនួន។ ប៉ុន្តែការផ្តល់ឱ្យអ្នកនូវសាច់ប្រាក់ហាក់ដូចជារឿងងាយស្រួលបំផុតដើម្បីធ្វើ ព្រោះលុយអាចប្រើដើម្បីទិញអ្វីដែលអ្នកចង់បាន៕










