ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២៤នេះ នឹងប្រារព្ធឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា។ មុននឹងថ្ងៃកិច្ចពិធី ប្រជាពលរដ្ឋខ្មែរតាមផ្ទះនីមួយៗត្រូវរៀបចំផ្ទះសម្បែង ត្រៀមគ្រឿងរណា្តប់សម្រាប់សែនទេវតា មានសម្លៀកបំពាក់ថ្មីៗ និងសម្ភារៈ លុយកាក់ទុកជូនដល់ឪពុកម្តាយ ចាស់ព្រឹទ្ធិចារ្យជាដើម។
យ៉ាងណាមិញ ខាងក្រោមនេះ យើងនឹងធ្វើការរៀបរាប់រាល់ចម្ងល់ទាក់ទងនឹងថា តើគ្រឿងរណ្តាប់ទទួលទេវតាឆ្នាំថ្មីនេះមានអ្វីខ្លះ? ហើយត្រូវរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំទំាង៤ថ្ងៃនេះយ៉ាងដូចម្តេចខ្លះ?
– រណ្ដាប់ទទួលទេវតា
យោងតាមសៀវភៅមហាសង្រ្កាន្តខ្មែរ គ្រឿងរណ្ដាប់សម្រាប់ទទួលទេវតាឆ្នាំថ្មីនេះមានដូចជា រានទទួលទេវតាមួយសំរាប់ ដើម្បីតាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបចំសំពត់ពណ៌ស ហើយរៀបចំបាយសី៩ថ្នាក់មួយគូ ,បាយសី៧ថ្នាក់មួយគូ ,បាយសី៥ថ្នាក់មួយគូ ,បាយសី៣ថ្នាក់មួយគូ ,បាយសីប៉ាឆាមមួយគូ ,ស្លាធម៌មួយគូ ,ទឹកអប់មួយគូ ,គ្រឿងក្រអូប,ទៀន៥ ,ធូប៥ ,ទឹកស្អាតបាញ់ទឹកអប់ដាក់ផ្កាម្លិះឬផ្កាឈូកចំនួន១ផ្តិល , ទឹកស២កែវ, មានផ្កាដាក់ពីលើជើងពាន១គូ ,ចេកនួនឬចេកណាំវ៉ាមួយគូ ,ផ្លែឈើ១១មុខរៀបដាក់ជើងពានជាគូៗ ,ដូងឡៅ មួយគូ និងអាចដាក់បង្អែមចង្អាបផងដែរទៅតាមលទ្ធិភាព។
-ចំណែក កិច្ចពិធីចូលឆ្នាំទាំង៤ថ្ងៃនេះ តែងត្រូវតែអនុវត្តដូចខាងក្រោម៖
ថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មី ដែលគេហៅថា «ថ្ងៃមហាសង្ក្រាន្ត» ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ទេវតានឹងយាងចុះមកនៅវេលាម៉ោង១០:១៧នាទីយប់។ នៅក្នុងថ្ងៃនេះ ប្រជាពលរដ្ឋតែងតែរៀបចំគ្រឿងសក្ការដើម្បីទទួលទេវតា។ នៅពេលព្រឹក គេនឹងនាំគ្នាទៅវត្តប្រគេនចង្ហាន់ រាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ជាដើម និងពេលព្រលប់ គេតែងយកភេសជ្ជៈប្រគេនព្រះសង្ឃ និមិន្តលោកចម្រើនព្រះបរិត្ត និងស្តាប់ធម៌ទេសនាជាដើម។
ថ្ងៃទី២និងទី៣នៃពិធីបុណ្យចូលឆ្នាំ ដែលត្រូវនឹងថ្ងៃទី១៤ និង១៥ ខែមេសា គឺជា«ថ្ងៃវិរៈវ័នប័ត»កូនចៅនឹងជូនសម្លៀកបំពាក់លុយកាក់ សម្ភារៈផ្សេងៗដល់ឪពុកម្តាយ ជីដូនជីតា អ្នកមានគុណ ហើយក៏មានការចែកទានដល់ជនទីទ័លក្រ ក៏ដូចជានាំគ្នាទៅវត្តដូចនឹងថ្ងៃទី១ដែរ។
សម្រាប់ថ្ងៃទី៤ គឺត្រូវនឹងថ្ងៃទី១៦ ខែមេសា ដែលគេហៅថា«ថ្ងៃឡើងស័ក»។ តាមទំនៀមទម្លាប់ខ្មែរ គេនាំគ្នាទៅឆ្លងបុណ្យនៅវត្ត ដើម្បីរាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ ស្តាប់ធម៌ ទេសនា ជាពិសេសគឺធ្វើពិធីស្រង់ទឹកព្រះសង្ឃ ស្រង់ព្រះពុទ្ធរូប និងស្រង់ទឹកឲ្យអ្នកមានគុណជាដើម។
ក្រៅពីកិច្ចពិធីសំខាន់ៗទាំងនេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរនឹងនាំគ្នារាំលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយខ្មែរជាហូរហែរដូចជាបោះអង្គញ់ ចោលឈូង ស្តេចចង់។ល។ និងមានការសម្តែងរបាំត្រុតដើម្បីជាការអបអរដល់ពិធីបុណ្យចូលឆ្នាំខ្មែរមួយឆ្នាំមានតែម្តងផងដែរ៕










