បច្ចុប្បន្ន យើងបានឃើញអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ជាពិសេស យុវវ័យ ចូលចិត្តយក «ការងារសំណង់» ឬប្រើពាក្យថា «ធ្វើការសំណង់» មកសរសេរក្នុងបណ្តាញសង្គមរបស់ខ្លួន ។ បើស្តាប់ពីដំបូង យើងនឹងគិតថា អ្នកនោះធ្វើការសំណង់ពិតមែន ដើម្បីរកប្រាក់មកចិញ្ចឹមក្រុមគ្រួសារ ប៉ុន្តែវាមិនមែនដូចជាការគិតនោះទេ ។ តាមពិត ពាក្យថា «ធ្វើការសំណង់» គ្រាន់តែជាពាក្យមួយដែលមនុស្សខ្លះយកមកសរសេរ ឬនិយាយលេងសើចប៉ុណ្ណោះ ។

ជាទូទៅ យើងតែងតែបានឃើញមនុស្សខ្លះសរសេរក្នុងហ្វេសប៊ុកថា «ថ្ងៃស្អែក ចូលធ្វើការសំណង់ធម្មតា» «ថ្ងៃនេះ សម្រាកពីការងារសំណង់» «ធ្វើការសំណង់ថ្ងៃនេះ នឿយហត់ណាស់» និង «ប្រឹងធ្វើការសំណង់ ដើម្បីយកប្រាក់ទៅដណ្តឹងកូនគេ» ជាដើម ។ លើសពីនេះ អ្នកខ្លះទៀត បើទោះជាពួកគេមានការងារល្អៗធ្វើក៏ដោយ ក៏ពួកគេនៅតែសរសេរពាក្យថា ធ្វើការសំណង់ នៅក្នុងហ្វេសប៊ុកដដែល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ2I2D7myIJ8HNGkCd9d1mNEOnk2cK5Ur4nqYOZM0WMIzW8tzNcBDiSQWi6OmktmTCsjeZ0skrC5NY02FDD9i4FMCOdQgzPJXdF6jG7NVq7vA0BUx_sjdGgi_ynVjG6hWuluZ6LrpWzk5FCbpv8ufKKRD7aSpKmStL-sLP1boydWwnPK6roJhK7tjFITw/s990/topic-14.-construction-worker-near-koh-pic-island-in-chamkarmon-district-on-jan-25-2021-by-hong-menea-2.jpg

ការងារទាំងអស់សុទ្ធតែមានតម្លៃ ហើយការងារធ្វើសំណង់ ក៏ជាការងារមួយមានតម្លៃដែរ ពីព្រោះកម្មករសំណង់ខំប្រឹងធ្វើការទាំងហាលក្តៅ ហាលភ្លៀង ដើម្បីរកប្រាក់មកចិញ្ចឹមក្រុមគ្រួសារ ។ ហេតុនេះ មិនមែនការងារគ្មានតម្លៃទេ គឺមនុស្សជាអ្នកនិយាយថា ការងារនេះគ្មានតម្លៃ ឬការងារនោះគ្មានតម្លៃ ។

រីឯអ្នកខ្លះវិញនិយាយទៅកាន់កូនចៅថា «បើកូនមិនខំប្រឹងរៀនសូត្រទេ ពេលធំឡើង ប្រយ័ត្នអត់ចេះអក្សរ ទៅធ្វើការសំណង់» ។ ការនិយាយបែបនេះ ហាក់ដូចជាការបង្រៀនកូនឱ្យមើលងាយការងារសំណង់ ហើយហេតុអ្វីបានពួកគេមិនបង្រៀនកូនឱ្យលើកទឹកចិត្តអ្នកធ្វើការផ្នែកនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7Fgh2P0aYn6QrKYsjj0TlUjjgQIw-Cjzl4zudz5T0FR2Fd8CPypiuHQisgnmVbeRWNJDn3tzzshyyKjrUHvR0BPfBkIuWpfKQa3SVxJUe2UeptvAdFItxQwE4D6J2fLamGHaDLQITrb50CLU16nbUN3vaosG9AtFoppAA56myFOXOui3zVkQf4u0Pr9o/s600/725f91e0b8b12b6ec72698930754bd1cba39ebc5.jpg

មនុស្សយើងម្នាក់ៗមានជំនាញខុសគ្នា ហើយមនុស្សម្នាក់មិនអាចធ្វើការងារគ្រប់ជំនាញតែម្នាក់ឯងបានទេ ។ ឧទាហរណ៍ ៖ បើអ្នកចេះធ្វើល្អី ខ្ញុំចេះធ្វើបង្គី ហើយអ្នកផ្សេងទៀតចេះធ្វើចប ឬចេះធ្វើនង្គ័ល ជាដើម ។ ហេតុនេះ មនុស្សម្នាក់ៗត្រូវតែពឹងពាក់លើការងារគ្នាទៅវិញទៅមក ទើបក្លាយជាសង្គមធំមួយ និងក្លាយជាប្រទេសមួយបាន ។

សរុបមក យើងគួរតែឱ្យតម្លៃការងារគ្នាទៅវិញទៅមក មិនថាការងារសំណង់, ការងារបោសសំរាមនៅតាមផ្លូវ, ការងារផ្នែកអនាម័យ, ការងារលាងចាន, ការងារបើកបររថយន្ត ឬការងារក្នុងការិយាល័យ ពីព្រោះការងារទាំងអស់នេះបានជួយធ្វើឱ្យសង្គមរបស់យើងរីកចម្រើន ហើយសង្គមក៏មិនអាចខ្វះការងារណាមួយបានដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhunhWhG68kca430PokqyN3gwRUh02Awo81cRtNsrInztcX1kbnuvbvaAbETedCU5EE3arUviX4xwOeP92Nd7C8XtGHvjj0DK9aWjWoe2HpQjtpmXhnCQxQ_ZB2Qd4GrVSWWUrj1iq7lw2rD9pS9JNl7PgMtjebTvNyudM02T1pB-UmBppMDRR7C2ksPvQ/s740/%E1%9E%9F%E1%9F%86%E1%9E%8E%E1%9E%84%E1%9F%8B-%E1%9F%A0%E1%9F%A4-740x477.jpg

ការងារអ្វីក៏ដោយសុទ្ធតែមានតម្លៃទាំងអស់ ឱ្យតែការងារនោះរកប្រាក់ដោយកម្លាំងញើសឈាម និងជាការងារស្មោះត្រង់ លើកលែងតែការងារលួចឆក់ ឬប្លន់ទ្រព្យសម្បត្តិអ្នកដទៃ ដែលធ្វើឱ្យអ្នកដទៃក្តៅក្រហាយ ទួញសោក ទើបសង្គមចាត់ទុកថា វាជាការងារគ្មានតម្លៃ និងគួរឱ្យស្ពប់ខ្ពើម ៕