ប្រទេសថៃ ៖ លោក Pipat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងការងារថៃលើកឡើងថា ការជំរុញគោលនយោបាយប្រាក់ឈ្នួលអប្បបរមាតាមគោលការណ៍របស់គណៈកម្មការត្រីភាគី ស្មើនឹង៤០០បាតក្នុង១ថ្ងៃនៅទូទាំងប្រទេសថៃក្នុងឆ្នាំ២០២៤ កំពុងតែដំណើរការ ហើយក្រសួងការងារនឹងជំរុញគោលនយោបាយប្រាក់ឈ្នួលអប្បបរមាឱ្យស្មើរហូតដល់៦០០បាតក្នុង១ថ្ងៃ នៅឆ្នាំ២០២៧ ។
លោក Pipat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងការងារថៃបញ្ជាក់ថា នៅខែមេសា ឆ្នាំ២០២៤ ការអនុវត្តដំឡើងប្រាក់ឈ្នួលអប្បបរមាស្មើនឹង៤០០បាតក្នុង១ថ្ងៃ បានសាកល្បងនៅតំបន់មួយចំនួនក្នុងខេត្តចំនួន១០ ដែលដំណើរការដោយគណៈកម្មការត្រីភាគី និងអនុវត្តចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ តទៅ ។ ការដំឡើងប្រាក់ឈ្នួលនេះនឹងអនុវត្តជាដំណាក់កាល ដើម្បីឱ្យគ្រប់វិស័យរៀបចំខ្លួនដោះស្រាយផលប៉ះពាល់ផ្សេងៗ ។
លោករដ្ឋមន្ត្រីក្រសួងការងារថ្លែងថា ៖ «យើងនឹងព្យាយាមដំឡើងប្រាក់ឈ្នួលឱ្យពលរដ្ឋតាមមុខរបរនីមួយៗ និងផ្អែកលើលទ្ធភាពរបស់សហគ្រិន ។ ក្រសួងការងារបានប្រជុំត្រីភាគី គឺនិយោជក, និយោជិត និងមន្ត្រីរាជការ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ។ វាជាការសាកល្បងនៅខេត្តចំនួន១០ ហើយយើងបានព្យាយាមធ្វើមួយជំហានម្តងៗ ។ ដូច្នេះ និយោជិត និងស្ថាប័នពាក់ព័ន្ធនឹងបានជ្រាបថា គោលនយោបាយរបស់រដ្ឋាភិបាលអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ពលរដ្ឋនៅទូទាំងប្រទេសថៃ ចំនួន៤០០បាត គឺជាគោលដៅ» ។
លោករដ្ឋមន្ត្រីក្រសួងការងារសង្កត់ធ្ងន់ថា ក្រសួងការងារបានពិចារណាអំពីការដំឡើងប្រាក់ឈ្នួលឱ្យពលរដ្ឋតាមគោលការណ៍របស់គណៈកម្មការត្រីភាគី ហើយជំហានដំបូង ការដំឡើងប្រាក់ឈ្នួលចំនួន៤០០បាតក្នុង១ថ្ងៃ នឹងអនុវត្តនៅខេត្តចំនួន១០ ប៉ុន្តែសម្រាប់តែតំបន់មួយចំនួនប៉ុណ្ណោះ ។ បន្ទាប់មក ក្រសួងការងារនឹងព្យាយាមដំឡើងប្រាក់ឈ្នួល៤០០បាតក្នុង១ថ្ងៃ ឱ្យបានគ្រប់ខេត្ត-ក្រុងទាំងអស់នៅចុងឆ្នាំ២០២៤ ។
ជំហានបន្ទាប់ ក្រសួងការងារនឹងបន្តដំឡើងប្រាក់ឈ្នួលរហូតដល់៦០០បាតក្នុង១ថ្ងៃ នៅឆ្នាំ២០២៧ ដើម្បីឱ្យស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលអាណត្តិថ្មី ដែលធ្លាប់បានលើកឡើងទៅកាន់រដ្ឋសភានាពេលកន្លងមក ៕










