ប្រជាជនខ្មែរគ្រប់ៗរូបប្រាកដជាបានឃើញបានស្គាល់យ៉ាងច្បាស់ហើយអំពី «គោមផ្កាយ» ដែលតំណាងឲ្យជនជាតិខ្មែរ។ គេសង្កេតឃើញជាទូទៅថា គោមផ្កាយនេះត្រូវបានគេយកទៅព្យូរដាក់តាំងលម្អនៅតាមគេហដ្ឋាន សាលារៀន និងតាមដងវិថីសាធារណៈនានា ជាពិសេស គឺនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOTgg5ebz7wNkL7I2S2nhsbvr1EnfxiQctTId-ccdMrNQL9v9G7MNztiYCt_ube_nscNRAmg9_-ebL0aycGhu7xYzx5T8ijux69Bdm-uSGiCekt4iuTd3e6RC-Cq25kfPbnwW4sExeNH2Ndphs1ilIzvK31QvhyphenhyphenuXny4knRgs-UBdDNg5uFL6CYDAZJ0w/s1280/photo_2024-04-10_11-34-52.jpg

ការចងព្យួរ «គោមផ្កាយ» បានក្លាយជាទំនៀមទម្លាប់ប្រពៃណីខ្មែរតាំងពីយូរលង់ណាស់មកហើយ ព្រោះវាមិនត្រឹមតែជួយបង្កើននូវសោភ័ណ្ឌភាពឲ្យទីតាំងនីមួយៗ ក៏ដូចជាគ្រាន់តែជាការចេះចាំធ្វើតៗគ្នាប៉ុណ្ណោះទេ ប៉ុន្តែ គោមផ្កាយខ្មែរមួយប្រភេទនេះពិតជាបានបង្កប់នូវអត្ថន័យមួយចំនួនចងភ្ជាប់ជាមួយនឹងអបីយជំនឿនិងរឿងព្រេងបុរាណ ជ្រាបចូលទៅក្នុងផ្នត់គំនិតកូនខ្មែរគ្រប់ៗរូបផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMN7mynh04eIc9Zq0fK9lsYANjWl27tNPogFvxlzjuvXuWGpMjb-hJefa4pKKZ5WV7-Q-b8AmUiO-2J87ma_s0-cTgtKic8q1SYcwwJMT9ce8ldntivPLAfFBJAfu0rgtNPhbbum_2zWo7b0kDr8GRofdjrM7kEOspxI5ybGHWlYiBTExWGQOcKQcPYss/s1280/photo_2024-04-10_11-34-54.jpg

ទាក់ទងជាមួយនឹងអបីយជំនឿខ្មែរ គោមផ្កាយ ត្រូវបានចាស់ៗបុរាណជឿថា ដោយសារតែមនុស្សនៅលើលោកីយយើងនេះ សុទ្ធតែបានទទួលឥទ្ធិពលពីផ្កាយភពគ្រោះ រួមមានភពអាទិត្យ ភពច័ន្ទ ភពអង្គារ ភពសុក្រជាដើម ហើយមានការចែកវេនគ្នាបំភ្លឺនៅពេលយប់និងថ្ងៃ។ នៅពេលណាដែលបាត់បង់ពន្លឺ ពិភពទាំងនេះនឹងប្រែទៅជាងងឹតមើលអ្វីលែងឃើញ ហើយជីវិតមនុស្សនឹងងងឹតសូន្យឈឹងដូចគ្នា ក៏ទទួលបានតែរឿងអព្វមង្គល ។ ទើបគេធ្វើគោមផ្កាយនេះឡើងតំណាងឲ្យពន្លឺនិងជាការបំភ្លឺជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigWhRxR1AKGMqZERh5jGbFSqGNxE-mfz9UmE7g3Cbn5IccxnlcZw1YVMm6IKm6orXk1YB7U7kSxuvEDkYioVvqd4AbtuxzXonqWdfwYDOueXja5S790UKP9rfQAU0NP8N4hqbLf-IeI_INOUE2pycNFFl8KP50uXaFwoyc_seo-hajPJhRF_7q-6uzvhM/s1280/photo_2024-04-10_11-35-04.jpg

បើនិយាយអំពីដំណាលរឿងព្រេងនិទានខ្មែរបុរាណវិញ គឺត្រូវបានគេលើកឡើងអំពី ការប្រកួតរវាងបុរសនិងស្ត្រី ក្នុងការសាងសង់ប្រាសាទបន្ទាយស្រីនិងបន្ទាយសម្រែ ដោយស្រីៗឆ្លាតនាំគ្នាចងគោមរូបផ្កាយនេះ នៅពេលកណ្តាលអធ្រាត្រ ដើម្បីបន្លំភ្នែកខាងប្រុសៗថាជាផ្កាយព្រឹក ទើបនាំឲ្យពួកប្រុសចូលដេកមុនអស់ទៅ ខណៈដែលពេលនោះស្រីៗនៅបន្តការងារ ក្រោមពន្លឺគោមផ្កាយរហូតដល់ពេលផ្កាយព្រឹករះឡើងមែនទែន និងជាលទ្ធផលបានធ្វើឲ្យខាងស្រីៗឈ្នះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFnCe6MWHSUaxFO3UlqsuiWmGWALliypjdjFfmB-EVm1FsC8gjCspvUqsHOOEYnLf7ZO8XbqOCRIYSI2LzGO12g6vAb8l-kXWh7C2hMjzDajhDDCDkk2X0PxeJUx6pbxMdgb3956I1W_kYsozciG5bUHWc9gRb0K4F__nasO3lwV0DVmCqE0LrmF73ghA/s1024/10631280_10152881670833985_8641850451643743127_o.jpg

ជាមួយគ្នានេះ ចំពោះអត្ថន័យសំខាន់ៗនៃ «គោមផ្កាយខ្មែរ» ដែលឃើញថាគេតែងនិយមយកវាមកប្រើប្រាស់ជាប្រចាំ ជាពិសេសក្នុងឱកាសពិធីបុណ្យសំខាន់ៗរបស់ខ្មែរមានដូចជា៖
១ គោមផ្កាយគឺជានិមិត្តរូបនៃសិរីសួស្តី ភាពរីកចម្រើន សំណាងល្អ និងសម្រេចអ្វីតាមចិត្តប៉ងរបស់មនុស្ស។
២ សម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរវិញ ព្រោះតែស្ថិតនៅក្នុងខែចែត្រ ក្តៅបំផុត ជាហេតុនាំឲ្យពិបាកដើរលេងពេលថ្ងៃ ទើបគេធ្វើគោមព្យូរឡើង សម្រាប់បំភ្លឺផ្លូវពេលរាត្រី ឲ្យមនុស្សដើរលេងកម្សាន្តបានយ៉ាងសប្បាយរីករាយ។
៣- ដើម្បីជាពរជ័យរបស់ទេវតា ឲ្យមនុស្សគ្រប់រូបទទួលបាននូវរាសីជោគជតាល្អ
៤- ដើម្បីជាពន្លឺដាស់ព្រលឹងដូនតា អោយមកចូលរួមប្រារព្ធបុណ្យចូលឆ្នាំជួបជុំកូនចៅ ហើយអោយមកប្រស់ព្រំកូនចៅរស់នៅត្រជាក់ត្រជុំ ចាកផុត ពីភាពរាំងស្ងួត ក្រីក្រ ខ្វះខាត យល់តែភាពសំបូរសប្បាយហូរហ៊ាបំផុតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_-ouAG-vwL1lSeQ49zsAuRfDDmAXcoiDu9J2BWmiVLxr90JR6z1KfqbPlmjnPOWlgoEfe4Ke-hTStEr8qs1BpUTspvuir4RKAIT2BEhpOKEMpZdeWEOejt6e0ePYaRzIHCMl3rzzMwnbJKj9p7R_DrS1M8ngEED3E505R89ISeMxBPc5YZjC9K_WQ6BA/s1600/11059541_10152881660423985_2900094669632476211_o.jpg