Home ព័ត៌មានអន្តរជាតិ ហេតុអ្វីយន្តហោះពិសេសមីយ៉ាន់ម៉ាចុះចតនៅអាកាសយានដ្ឋានថៃ ក្រោយក្រុមប្រឆាំងដណ្តើមបានខេត្ត Myawaddy ?

ហេតុអ្វីយន្តហោះពិសេសមីយ៉ាន់ម៉ាចុះចតនៅអាកាសយានដ្ឋានថៃ ក្រោយក្រុមប្រឆាំងដណ្តើមបានខេត្ត Myawaddy ?

105
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានថៃផ្សាយថា មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារយន្តហោះពិសេសមីយ៉ាន់ម៉ា បានចុះចតនៅអាកាសយានដ្ឋានថៃទាំងកណ្តាលយប់ ។ ប៉ុន្តែគេរាយការណ៍ថា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានទំនាក់ទំនងមកកាន់ក្រសួងការបរទេសថៃ ដោយស្នើសុំឱ្យយន្តហោះប្រភេទ ATR 72-600 ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ម៉ែសត (Mae Sot International Airport) នៅខេត្តតាក ។

ការចុះចតបន្ទាន់នេះ ក្នុងគោលបំណងឱ្យមន្ត្រីរាជការ, ទាហាន និងក្រុមគ្រួសារទាហានមីយ៉ាន់ម៉ា ភៀសខ្លួនពីការប្រយុទ្ធគ្នានៅខេត្ត Myawaddy ក្រោយក្រុមប្រឆាំងដឹកនាំដោយកងកម្លាំងសហភាពជាតិការ៉ែន (KNU) និងកងកម្លាំងការពារប្រជាជន (PDF) បានវាយលុក និងដណ្តើមយកខេត្ត Myawaddy ដោយជោគជ័យ ។https://storage-wp.thaipost.net/2024/04/S__22339620.jpg

សារព័ត៌មានមីយ៉ាន់ម៉ាឈ្មោះ Khit Thit Media បានបង្ហោះលិខិតរបស់ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសថៃ ដាក់ជូនក្រសួងការបរទេសថៃ ដើម្បីសុំការអនុម័តឱ្យយន្តហោះពិសេសមីយ៉ាន់ម៉ាប្រភេទ ATR 72-600 ចុះចតនៅអាកាសយានដ្ឋាន ម៉ែសត ។ ការស្នើសុំចុះចតនៅថៃ គឺយន្តហោះនេះផ្ទុកអ្នកដំណើរ និងសម្ភារៈ ដែលធ្វើដំណើរទៅ-មករវាងស្រុកម៉ែសត ខេត្តតាក ជាមួយទីក្រុងយ៉ាំងហ្គន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ស្មើនឹង៧២ម៉ោងប៉ុណ្ណោះ ។

បើតាមសេចក្តីរាយការណ៍ឱ្យដឹងថា អ្នកជំនាញ និងសមាជិកតំណាងរាស្ត្រនៅប្រទេសថៃមួយចំនួននិយាយដូចគ្នាថា ហេតុការណ៍យន្តហោះចុះចតនៅប្រទេសថៃ អាចធ្វើឡើងដោយផ្អែកតាមច្បាប់អន្តរជាតិ ។

លោក ចាក់ក្រាផុង សែងម៉ានី រដ្ឋមន្ត្រីក្រសួងការបរទេសថៃបានសរសេរក្នុងបណ្តាញសង្គម X ថា ខាងមីយ៉ាន់ម៉ាបានស្នើសុំថៃ ឱ្យយន្តហោះមីយ៉ាន់ម៉ាចុះចតនៅលើទឹកដីថៃ ដើម្បីដឹកជញ្ជូនសម្ភារៈផ្នែកការទូតតាមធម្មតា ហើយគ្មានការដឹកជញ្ជូនកម្លាំងទាហាន, អាវុធ ឬជនភៀសខ្លួន ដូចការចុះផ្សាយរបស់សារព័ត៌មានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqrrd4Va2O4jvyZjWtYYwyf124K3-81R15nfd2eRr9QDs7Gv-m_6rv7uqyQcnmWIVktbWduLK4f5ao0ffiZ5fJVyVi31o25AUOViYRwz6eq1BZxcsY-1Q4zj6A0PvbsGTeHulNv2_aYIYLkmHl-UayyRqCyBuLRoqdeCUO25PTDqNqsUH_kbj1LWhd1qw/s640/4eacbef0-f565-11ee-a9f7-4d961743aa47.jpg

រីឯលោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ថ្លែងថា គ្មានការដឹកជញ្ជូនអាវុធ ឬជម្លៀសទាហានមីយ៉ាន់ម៉ាអ្វីទេ ហើយគ្រប់យ៉ាងដំណើរការទៅតាមដំណាក់កាល ។

លោក ថាណាវ៉ាត់ សិរិគុន មន្ត្រីនាំពាក្យក្រសួងការបរទេសថៃនិយាយថា ក្រសួងការបរទេសបានទទួលការស្នើសុំពីឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា កាលពីថ្ងៃទី៦ ខែមេសា កន្លងមក ហើយចំណុចលម្អិតពាក់ព័ន្ធនឹងយន្តហោះមីយ៉ាន់ម៉ា គឺដូចគ្នានឹងឯកសារបានចេញផ្សាយនាពេលមុននេះ ។ លោកបញ្ជាក់ថា បើកើតហេតុការណ៍បន្ទាន់ គឺអាចជម្លៀសមន្ត្រីរាជការមីយ៉ាន់ម៉ា និងគ្រួសារទៅកាន់កន្លែងមានសុវត្ថិភាព ។ រដ្ឋាភិបាលថៃអាចសម្រេចចិត្តធ្វើតាមការស្នើសុំរបស់មីយ៉ាន់ម៉ា ដោយហេតុផលមនុស្សធម៌ ។

គួរបញ្ជាក់ថា យន្តហោះពិសេសរបស់មីយ៉ាន់ម៉ាបានចុះចតនៅប្រទេសថៃតាមការស្នើសុំ និងចាកចេញពីប្រទេសថៃ នាថ្ងៃដដែល ។ ក្រោយមក ខាងមីយ៉ាន់ម៉ាបានសុំលុបចោលជើងយន្តហោះនៅសល់ ដែលគ្រោងហោះហើរ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBPNafnWV2qi74fG77Ri6kbaMP7kH1ps8QgMS27C4dUSiafjsx0u7zDW-wD0pETXD5Vo1wR40O_uTN1hTkIJVNqNWNHTmwDCwnTYsUm1UY2twO_U9pg2tS786DwHTGMs5hoK8kcwUk5eT77dH86WYSWHB_Qhyphenhyphenl00I25S9puIlTO683OPedik8s89VGjL8/s1388/fb6a8c30-f565-11ee-97f7-e98b193ef1b8.jpg

អ្វីដែលរដ្ឋាភិបាលថៃធ្វើនាពេលបច្ចុប្បន្ន គឺតាមដានស្ថានការណ៍នៅមីយ៉ាន់ម៉ាយ៉ាងដិតដល់ ជាពិសេស នៅខេត្ត Myawaddy ហើយរដ្ឋាភិបាលថៃនឹងដោះស្រាយបញ្ហាតាមភាពចាំបាច់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពពលរដ្ឋថៃរស់នៅតំបន់ព្រំដែន ព្រមទាំងការពារផលប្រយោជន៍ប្រទេសថៃ ។

បើតាមទិន្នន័យរបស់ក្រសួងការបរទេសថៃឱ្យដឹងថា កន្លងមក ប្រទេសថៃបានជួយគ្រប់ភាគីនៅមីយ៉ាន់ម៉ាតាមគោលការណ៍មនុស្សធម៌ និងគ្មានការរើសអើង ។ ភ្នាក់ងារសន្តិសុខត្រៀមខ្លួនជានិច្ច ករណីមានអ្នករងរបួស និងមានជនភៀសខ្លួនមីយ៉ាន់ម៉ាចូលមកប្រទេសថៃ ហើយថៃមិនអនុញ្ញាតឱ្យយកអាវុធឆ្លងកាត់ព្រំដែនជាដាច់ខាត ។

ចំណែកស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា ដែលត្រូវតាមដានបន្តទៀត គឺតើរដ្ឋាភិបាលកងទ័ពមីយ៉ាន់ម៉ានឹងត្រៀមកងកម្លាំងរំដោះខេត្ត Myawaddy មកវិញដែរឬទេ? ខណៈខេត្តនេះត្រូវបានក្រុមប្រឆាំងវាយដណ្តើមយក ៕